កីឡាករ ឈាន ហុង ប៉ះ Meerachai Menayuthin វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នៅសង្វៀន TV5

ភ្នំពេញ៖ នៅល្ងាចថ្ងៃសៅរ៍ ទី២៤ ខែតុលា ឆ្នាំ២០១៥ នេះ សង្វៀន TV5 នឹងចាប់ផ្ដើមបើកការប្រកួតវគ្គពាក់កណ្ដាល ផ្ដាច់ព្រ័ត្រដណ្ដើមខ្សែក្រវាត់ជើងឯកអធិរាជស៊ីម៉ងត៍អូដ្ឋ ទម្ងន់ ៦៣,៥ គីឡូក្រាមនៅលើសង្វៀន TIFFY ARENA ។

ក្នុងការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ មានអ្នកប្រដាល់កម្ពុជា៣រូប និងអ្នកប្រដាល់ជនជាតិថៃ១រូប អ្នកប្រដាល់ ឈាន ហុង សមាគមកីឡាក្រសួងការពារជាតិ ប៉ះជាមួយអ្នកប្រដាល់ថៃ Meerachai Menayuthin រីឯអ្នកប្រដាល់ វ៉ាន់ ចាន់វ៉េត ក្លឹបព្រះខ័នរាជ ជួបអ្នកប្រដាល់ ថៃ ប៊ុនហាន ក្លឹបឫទ្ធីពោធិ៍សែនជ័យ ។

ឈាន ហុង ធ្លាប់ជួបអ្នកប្រដាល់ថៃច្រើននាក់មកហើយ មុនមកជួប Meerachai នេះ ប្រហែលជាមិនមានបញ្ហាអ្វីចោទសម្រាប់រូបគេនោះទេ ។ Meerachai វាយខ្លាំងមិនចាញ់ ឈាន ហុង ទេកាលពីក្នុងវគ្គជម្រុះបានផ្តួលធី តុងហ៊ី ជើងខ្លាំងក្លឹបសាលវ័ន្តកីឡាឲ្យសន្លប់ក្នុងទឹកទី៣ និងផ្តួល អៀង ចាន់ល័ក្ត ក្លឹបកងទ័ពជើងគោកឲ្យសន្លប់ក្នុងទឹកទី២ ។ ចំពោះ ឈាន ហុង ត្រូវតែយកឈ្នះអ្នកប្រដាល់ថៃរូបនេះឲ្យខាងតែបាន ។  

ចំណែកអ្នកប្រដាល់ វ៉ាន់ ចាន់វ៉េត ក្លឹបព្រះខ័នរាជ ត្រូវប៉ះអ្នកប្រដាល់ ថៃ ប៊ុនហាន ក្លឹបឫទ្ធីពោធិ៍សែនជ័យ ។ ប៊ុនហាន មានស្នៀតប្រដាល់មិនជាច្បាស់ប៉ុន្មានទេ ប៉ុន្តែការប្រកួតរបស់គេច្រើនប្រើកម្លាំងខ្លាំង វាយសម្រុកមិនដកដៃក្នុងបំណងតែមួយគត់ គឺចង់ផ្តួលដៃគូឲ្យសន្លប់មុនទឹក៥ ។ ប៉ុន្តែយ៉ាងណា ប៊ុនហាន វាយបានតែ ២-៣ទឹកទេ គឺអស់សម្រុកទៅហើយ ប៊ុនហាន ប្រហែលជាមិនអាចឈ្នះ វ៉ាន់ ចាន់វ៉េត ព្រោះ ចាន់វ៉េត មានផ្លែជង្គង់ និងកណ្ដាប់ដៃល្អជាង ។

គួរបញ្ជាក់ថា ការប្រកួតដណ្ដើមខ្សែក្រវាត់ជើងឯកអធិរាជស៊ីម៉ងត៍អូដ្ឋ ទម្ងន់ ៦៣,៥ គីឡូក្រាមនេះ សម្រាប់អ្នកទទួលបានជើងឯក នឹងទទួលបានពាន១ និងទឹកប្រាក់រង្វាន់អមចំនួន ២.៥០០ដុល្លារ លេខ២ បានរង្វាន់ ១.០០០ដុល្លារ និងលេខ៣ បាន ៥០០ដុល្លារ ៕

កីឡាករ ឈាន ហុង ប៉ះ Meerachai Menayuthin វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នៅសង្វៀន TV5