ឃាត់​ខ្លួន​បុរស​៤​នាក់ បន្ទាប់ពី​ប៉ុនប៉ង​លួច​ជ័រ​កៅស៊ូ​​​ធ្វើ​ផ្លូវ​​ក្នុង​​ការ​ដ្ឋាន

ខេត្តក្រចេះ ៖ ប៉ូលិស​ស្រុក​ស្នួល​ឱ្យ​ដឹង​ថា បុរស​៤​នាក់​ក្នុង​ចំណោម​៦​នាក់ ត្រូវ​កម្លាំង​ប៉ូលិស​ឃាត់ខ្លួន​បាន​ភ្លាម​ៗ ខណៈ​ពួក​គេ​នាំ​រថយន្ត​កូរ៉េ​២​គ្រឿង​មក​ធ្វើ​សកម្មភាព​លួច​បូម​ជ័រកៅស៊ូ​ធ្វើ​ថ្នល់ តែ​មិន​បាន​សម្រេច ។

អធិការ​នគរបាល​ស្រុក​ស្នួល លោក​ចាន់ សុ​គី​ម ឱ្យ​ដឹង​ថា ជនសង្ស័យ​ទាំង​៤​នាក់ ត្រូវ​ប៉ូលិស​បង្ក្រាប​បាន​កាលពី​វេលា​យប់​ថ្ងៃ​ទី​១៩ តុលា ខណៈ​ពួក​គេ​ទាំង​បួន​នាក់​បាន​សកម្មភាព​លួច​បូម​យក​ជ័រកៅស៊ូ​ធ្វើ​ថ្នល់​ពី​ការដ្ឋាន​ធ្វើ​ថ្នល់​មួយ​កន្លែង​របស់​មន្ទីរ​សាធារណការ លើ​ដងផ្លូវ​ជាតិ​លេខ​៧៦A ក្នុង​ឃុំ​២​ធ្នូ ស្រុក​ស្នួល ។

ជនសង្ស័យ​ទាំង​៤​នាក់ ១-​ឈ្មោះ​សោ ន​ន់ អាយុ​២២​ឆ្នាំ ២-​ឈ្មោះ​គង់ សុ​ភ័ក្ក អាយុ​២៦​ឆ្នាំ ៣-​ឈ្មោះ​ជ្រុ​ញ ប៊ុ​ន​ថន អាយុ​២៥​ឆ្នាំ និង​៤-​ឈ្មោះ​ចក់ សុភ​ស់ អាយុ​២២​ឆ្នាំ ជន​ទាំង​៤​នាក់ មាន​ទីលំនៅ​ខេត្តកំពង់ស្ពឺ ។

លោក​វរសេនីយ៍ទោ ចាន់ សុ​គី​ម បាន​បញ្ជាក់​ថា បន្ទាប់​ពី​ទទួល​ព័ត៌មាន​រាយ​ការ​លើ​ជន​មុខសញ្ញា​ទាំង​៦​នាក់​នេះ បាន​ដាក់​កម្លាំង​ឃ្លាំមើល ក៏​បាន​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន​៤​នាក់ បន្ទាប់​ពី​ជនសង្ស័យ​២​នាក់ ជា​បក្សពួក​បាន​រត់គេច​ខ្លួន ។