ADB​ ស្នើ​ឱ្យ​កម្ពុជា​រៀបចំ​សន្និសីទ​អន្តរជាតិ​ពី​ការ​ទទួល​ជោគជ័យ​របស់​ខ្លួន

រាជធានី​ភ្នំពេញ ៖ នៅ​ទីស្តីការគណៈរដ្ឋមន្ត្រី នា​ថ្ងៃ​ទី​១៩ តុលា លោក​ឧបនាយករដ្ឋមន្ត្រី សុខ អាន រដ្ឋមន្ត្រី​ទទួល​បន្ទុក​ទីស្តីការ​គណៈ​រដ្ឋមន្ត្រី បាន​ជួប​ពិភាក្សា​ការងារ​ជាមួយ​លោក Kelly Bird នាយក​គ្រប់គ្រង​ផ្នែក​ហិរញ្ញវត្ថុ នៃ​ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដើម្បី​វិភាគ​និង​វាយតម្លៃ​អំពី​ផល​ប៉ះពាល់​លើ​លិខិត​បទដ្ឋាន​គតិ​យុ​ត្ត គ្រា​ដែល​ធនាគារ​ADB​បាន​និង​កំពុង​ជួយ​ឧបត្ថម្ភ​លើ​ផ្នែក​នេះ សំដៅ​ឲ្យ​ច្បាប់​ដែល​ត្រូវ​ដាក់​ឲ្យ​អនុវត្ត​នៅ​កម្ពុជា​ទទួល​បាន​នូវ​ផលប្រយោជន៍​និង​មិន​មាន​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ ។

លោក ឯក ថា អនុប្រធាន​នាយកដ្ឋាន​ទទួល​បន្ទុក​ព័ត៌មាន​នៃ​ទីស្តីការគណៈរដ្ឋមន្ត្រី​ថ្លែង​ថា កម្មវិធី​វាយតម្លៃ​លើ​ផល​ប៉ះពាល់​លិខិត​បទដ្ឋាន​គតិ​យុ​ត្ត ដែល​ឧបត្ថម្ភ​ដោយ​ADB នេះ បាន​ចាប់ផ្តើម​ពី​ឆ្នាំ​២០១០ ក្នុង​គម្រោង​ទឹកប្រាក់​ប្រមាណ​១០​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក នៅ​ដំណាក់កាល​ទី​១ ខណៈ​ដែល​ដំណាក់កាល​ទី​២​មាន​ទឹកប្រាក់​ប្រមាណ​២​លាន​ដុល្លារ ។ លោក​អះអាង​ថា កម្មវិធី​ខាងលើ​នេះ ទទួល​​បាន​ជោគជ័យ​យ៉ាង​ខ្លាំង ទាក់ទង​នឹង​សកម្មភាព​វិភាគ និង​វាយតម្លៃ​លើ​លិខិត​បទដ្ឋាន​គតិ​យុ​ត្ត ។

លោក​ឧបនាយករដ្ឋមន្ត្រី សុខ អាន មាន​ប្រសាសន៍​ថា កម្មវិធី​វិភាគ​និង​វាយតម្លៃ​លើ​បទដ្ឋាន​គតិ​យុ​ត្ត​នេះ មាន​សារសំខាន់​ណាស់​សម្រាប់​ការ​អនុវត្ត​របស់​រាជរដ្ឋាភិបាល​កម្ពុជា ព្រោះថា តាម​រយៈ​កម្មវិធី​នេះ​វា​នឹង​ធ្វើ​ឲ្យ​មាន​តម្លាភាព​ក្នុង​ការងារ ក៏​ដូច​ជា​ការ​លុប​បំបាត់​នូវ​អំពើ​ពុក​រលួយ និង​ការ​អភិវឌ្ឍ​ប្រទេស​ក្នុង​ពេល​ដែល​រាជរដ្ឋាភិបាល​កម្ពុជា កំពុង​ខិតខំ​ពង្រឹង​លើ​ផ្នែក​ទាំង​អស់នេះ ។ លោក​ឧបនាយករដ្ឋមន្ត្រី​សង្កត់ធ្ងន់​ថា ដោយសារ​តែ​កម្មវិធី​នោះ​ទទួល​បាន​ជោគជ័យ​ហើយ ទើប​ADB សុំ​ឲ្យ​កម្ពុជា​ជួយ​រៀបចំ​សិក្ខាសាលា ឬ​សន្និសីទ​អន្តរជាតិ​មួយ ស្តី​ពី​ករណី​ដែល​កម្ពុជា​ទទួល​ជោគជ័យ​លើ​ការ​អនុវត្ត​កម្មវិធី​ខាងលើ ។

លោក Kelly Bird បាន​អះអាង​ដែរ​ថា ADB នឹង​បន្ត​គាំទ្រ​កម្មវិធី​វិភាគ និង​វាយតម្លៃ​លើ​ផល​ប៉ះពាល់​សម្រាប់​លិខិត​បទដ្ឋាន​គតិ​យុ​ត្ត​នេះ ដើម្បី​ជួយ​ដល់​ដំណើរការ​សកម្មភាព​របស់​រាជរដ្ឋាភិបាល​កម្ពុជា ខណៈ​ដែល​កម្មវិធី​នេះ​ទទួល​បាន​ជោគជ័យ​ជា​បន្តបន្ទាប់ ។
គួរ​បញ្ជាក់​ថា គម្រោង​ផល​ប៉ះពាល់​លើ​លិខិត​បទដ្ឋាន​គតិ​យុ​ត្ត​(RIA) នេះ គឺ​ត្រូវ​បាន​អនុវត្ត​ដោយ​ក្រុមប្រឹក្សា​សេដ្ឋកិច្ច​សង្គម​និង​វប្បធម៌ (ECOSOF ) ចំណុះ​ទីស្តីការគណៈរដ្ឋមន្ត្រី ហើយ​ក៏​ទទួល​បាន​នូវ​ការ​គាំទ្រ​និង​កោតសរសើរ​យ៉ាង​ខ្លាំង​ផង​ដែរ​ពី ADB ៕