FA​ផ្អាក​គាំទ្រ​លោក​ផ្លា​ទី​នី​ក្នុង​ការ​ដណ្ដើម​តំណែង​ប្រធាន​FIFA

សមាគម​បាល់ទាត់​អង់គ្លេស (FA) បាន​ចេញ​សេចក្ដីថ្លែងការណ៍​ប្រកាស​ពី​ជំហរ​លុប​ចោលការ​គាំទ្រ​លោក​មី​ឆេ​ល ផ្លា​ទី​នី ប្រធាន​សហព័ន្ធ​បាល់ទាត់​អឺរ៉ុប (UEFA) ឱ្យ​ក្លាយជា​ប្រធាន FIFA ក្រោយ​ពី​ទទួល​បម្រាម​៩០​ថ្ងៃ ។

ក្រោយ​ពី​លោក​មី​ឆេ​ល ផ្លា​ទី​នី ប្រធាន​UEFA​ត្រូវ​បាន​ផ្អាក​ការងារ​រយៈពេល​៩០​ថ្ងៃ​ដូច​លោក សេ​ប ប៊េ្ល​ត​ធ័​រ ប្រធាន​សហព័ន្ធ​បាល់ទាត់​អន្តរជាតិ​ពី​គណៈកម្មការ​វិន័យ​របស់​FIFA នោះ ជា​ចុង​ក្រោយ​FA​បាន​ថ្លែង​ថា នឹង​មិន​គាំទ្រ​លោក​ផ្លា​ទី​នី​ក្នុង​ការ​ដណ្ដើម​តំណែង​ប្រធាន FIFA ទៀត​ទេ​។

សេចក្ដីថ្លែងការណ៍​ខាងលើ​បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖«​យើង​ស្នើ​ដល់​លោក​ផ្លា​ទី​នី ត្រូវ​ទទួល​ជោគជ័យ​លើ​រឿង​ក្ដី​ទាំងឡាយ និង​ត្រូវ​បង្ហាញ​ភស្ដុ​តាង​ថា គ្មាន​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​ដូច​ការ​ចោទប្រកាន់​ខាងលើ ។ ហេតុការណ៍​ដែល​កើតឡើង FA  បាន​ទទួល​ទិន្នន័យ​បន្ថែម​ទាក់ទិន​រឿង​ក្ដី​ពី​មេធាវី​របស់​លោក​ផ្លា​ទី​នី នៅ​ក្នុង​កិច្ចប្រជុំ​កាលពី​ថ្ងៃ​ទី​១៥ តុលា កន្លង​ទៅ​។ ការ​ទទួល​ដឹង​ឮ​លើ​រឿង​នេះ​ប្រធាន FA បាន​សម្រេច​កាលពី​ថ្ងៃ​ទី​១៦ តុលា ថា នឹង​ផ្អាក​គាំទ្រ​លោក​ផ្លា​ទី​នី​ក្នុង​ការ​ប្រជែង​តំណែង​ប្រធាន FA ដរាបណា​រឿង​ក្ដី​បាន​បញ្ចប់​» ៕