អាជ្ញាធរ​មូលដ្ឋាន​ខែត្រ​ក្រចេះ​រិះគន់​ការ​អនុវត្ត​ច្បាប់​​ទាក់ទង​ករណី​គ្រឿងញៀន

អាជ្ញាធរ​ឃុំ​ឫស្សីកែវ ស្រុក​ព្រែកប្រសព្វ បារម្ភ​ពី​ការ​ហូរ​ចូល​នៃ​គ្រឿងញៀន និង​ការ​ប្រើប្រាស់​គ្រឿង​ញៀន។ ការ​បារម្ភ​នេះ បន្ទាប់​ពី​នគរបាល​មូលដ្ឋាន​ចាប់​បាន​ជនសង្ស័យ​ដែល​ជា​មុខ​សញ្ញា​ចែកចាយ និង​ប្រើប្រាស់​គ្រឿងញៀន​ទៅ​តុលាការ ក៏​ប៉ុន្តែ​សាលាដំបូង​ខែត្រ​នេះ បែរ​ជា​ដោះលែង​ជនសង្ស័យ​នោះ​ទៅ​វិញ។

អាជ្ញាធរ​មូលដ្ឋាន​ស្រុក​ព្រែកប្រសព្វ ខែត្រ​ក្រចេះ នៅ​ថ្ងៃ​ទី​១៩ ខែ​តុលា អំពាវនាវ​ឲ្យ​រដ្ឋាភិបាល ឬ​តុលាការ រឹត​បន្តឹង​ការ​អនុវត្ត​ច្បាប់​ចំពោះ​ជន​ប្រើប្រាស់​គ្រឿងញៀន និង​ចែកចាយ​គ្រឿងញៀន​ឲ្យ​មាន​ប្រសិទ្ធភាព។

ការ​អំពាវនាវ​នេះ​ធ្វើ​ឡើង​ខណៈ​ជនសង្ស័យ​ដែល​ជា​មុខសញ្ញា និង​ចែកចាយ​គ្រឿងញៀន​ចំនួន​ពីរ​នាក់ ដែល​នគរបាល​មូលដ្ឋាន​បង្ក្រាប​បាន​កាល​ពី​ពាក់​កណ្ដាល​ខែ​តុលា និង​ខែ​កញ្ញា ត្រូវ​បាន​សាលាដំបូង​ខែត្រ​នេះ​ដោះលែង​វិញ បន្ទាប់ពី​ចាប់​ខ្លួន​បាន​រយៈពេល ៣​ថ្ងៃ។

មេ​ឃុំ​ឫស្សីកែវ លោក ម៉ែន អ៊ុក បារម្ភ​ថា បច្ចុប្បន្ន​ការ​ហូរ​ចូល​នៃ​គ្រឿងញៀន​មក​ពី​ខែត្រ​ផ្សេង បណ្ដាល​ឲ្យ​យុវជន​មួយ​ចំនួន​ក្នុង​ភូមិ​ប្រើប្រាស់​គ្រឿងញៀន ដែល​អាច​បង្ក​ឲ្យ​ប៉ះពាល់​ដល់​សន្តិសុខ​សង្គម និង​ការ​រស់​នៅ​ប្រជាពលរដ្ឋ។

លោក​កត់សម្គាល់​ថា ខណៈ​ដែល​នគរបាល​មូលដ្ឋាន​ខិតខំ​ទប់ស្កាត់ បង្ក្រាប​ជនសង្ស័យ​បាន​យ៉ាង​លំបាក ស្រាប់​តែ​តុលាការ​ដោះលែង​ជនសង្ស័យ​ដោយ​ងាយ​ស្រួល​ក្នុង​អំឡុង​ខែ​តុលា នេះ។ លោក​សង្កត់​ធ្ងន់​ថា ការ​អនុវត្ត​ច្បាប់​របស់​ប្រព័ន្ធ​តុលាការ​កំពុង​ឋិត​ក្នុង​ភាព​ផុត​ស្រួយ ស្រប​ពេល​រដ្ឋាភិបាល​កំពុង​ផ្ដោត​ការ​យក​ចិត្ត​ទុក​ដាក់​ទប់ស្កាត់​ករណី​គ្រឿងញៀន​នោះ៖ «បើ​ថា​ចាប់​ហើយ​មាន​ការ​ដោះលែង​មក​វិញ​អ៊ីចឹង គ្រឿង​ញៀន​ហ្នឹង​វា​រឹត​តែ​ហូរ​ចូល​ខ្លាំង ហើយ​ក្មេង​ដែល​ប្រព្រឹត្ត​កាន់​តែ​ច្រើន។ សូម​សំណូម​ពរ​ខាង​លើ​ហ្នឹង​អនុវត្ត​ច្បាប់​ឲ្យ​ម៉ិតប្រាយ​បន្តិច។ ខាង​ក្រោម​គ្នា​ខំ​ប្រឹង​សឹង​ងាប់ ដល់​ខាង​លើ​ធ្វើ​ឆ្កុយ​អ៊ីចឹង ពិបាក​ណាស់»

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​ប្រធាន​តុលាការ​ខែត្រ​ក្រចេះ លោក ឌិន ស៊ីវុទ្ធី ដើម្បី​សុំ​ការ​បំភ្លឺ​បញ្ហា​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី​១៩ ខែ​តុលា ដោយ​លោក​ថា កំពុង​ជាប់​រវល់​ប្រជុំ។

ប្រភព​ពី​សមត្ថកិច្ច​ខែត្រ​ក្រចេះ ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៩ ខែ​តុលា ថា ចំនួន​នៃ​ការ​ដោះលែង​ជនសង្ស័យ​ប្រើប្រាស់ និង​ចែកចាយ​គ្រឿងញៀន​មាន​ចំនួន ៧​ករណី ក្នុង​នោះ​នៅ​ស្រុក​ព្រែកប្រសព្វ ២​ករណី ក្រុង​ក្រចេះ ចំនួន ៤​ករណី និង​ស្រុក​ចិត្របុរី ១​ករណី។ ចំណែក​ចំនួន​នៃ​ការ​បង្ក្រាប​ពុំ​ទាន់​មាន​តួលេខ​ជាក់លាក់​នៅ​ឡើយ​ទេ​អំឡុង​ខែ​កញ្ញា និង​ខែ​តុលា នេះ។

ករណី​នេះ​ដែរ មន្ត្រី​សម្របសម្រួល​សមាគម​អាដហុក (ADHOC) ខែត្រ​ក្រចេះ កញ្ញា ហ៊ាន ជាវគុណ បារម្ភ​ថា វប្បធម៌​និទណ្ឌភាព ឬ​ភាព​គ្មាន​ទោសពៃរ៍ នឹង​កាន់តែ​រីក​ធំ​ឡើង ប្រសិន​ប្រព័ន្ធ​អនុវត្ត​ច្បាប់​ទន់​ជ្រាយ ដែល​ជា​ឧបសគ្គ​ចម្បង​បណ្ដាល​ឲ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​សង្គម​ជាតិ និង​ការ​អភិវឌ្ឍ​សង្គម ខណៈ​ចំនួន​អ្នក​ប្រើប្រាស់​គ្រឿងញៀន និង​ចែកចាយ​គ្រឿងញៀន​កើន​ឡើង។

កញ្ញា​ក៏​អំពាវនាវ​ឲ្យ​ប្រព័ន្ធ​យុត្តិធម៌​ខែត្រ​នេះ​យក​ចិត្ត​ទុក​ដាក់​អនុវត្ត​ច្បាប់​ឲ្យ​មាន​ប្រសិទ្ធភាព ដោយ​ផ្ដោត​លើ​យន្តការ​យុត្តិធម៌​ជា​មូលដ្ឋាន​ក៏​ជា​ផ្នែក​មួយ​ដើម្បី​ពង្រឹង​នីតិរដ្ឋ​នៅ​កម្ពុជា និង​ការ​កាត់​បន្ថយ​អសន្តិសុខ​សង្គម​ដែរ៖ «មាន​ការ​ដោះលែង (ជន​សង្ស័យ) ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ ឬ​អ្នក​ពាក់ព័ន្ធ​ផ្សេងៗ​ទៀត​ហ្នឹង​ភ័យ​ខ្លាច ឬ​ខ្លាចរអា​ស្ថាប័ន​ហ្នឹង ដោយសារ​មាន​ការ​ចាប់​ខ្លួន មាន​ការ​ដោះលែង។ ធ្វើ​ឲ្យ​ជន​សង្ស័យ​មិន​ខ្លាច​ច្បាប់»

​របាយការណ៍​នៃ​ការិយាល័យ​នគរបាល​ប្រឆាំង​បទល្មើស​គ្រឿងញៀន​នៃ​ស្នងការ​នគរបាល​ខែត្រ​បង្ក្រាប​គ្រឿងញៀន​ចំនួន ២១​ករណី និង ១១​លើក គិត​ចាប់​ពី​ឆមាស​ទី​១ ឆ្នាំ​២០១៥  ធៀប​នឹង​ឆមាស​ទី​១ ឆ្នាំ​២០១៤ កើន​ឡើង ១០​លើក។ ឃាត់​ខ្លួន​មុខ​សញ្ញា​ចំនួន ៦៤​នាក់ ស្រី ១៨​នាក់ និង​ចាប់​វត្ថុតាង​ថ្នាំ​ញៀន​ប្រភេទ​មេតំហ្វេតាមីន ទម្ងន់​សរុប ២៧១.៤​ក្រាម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។