រកឃើញជើងខ្លាំងវាយសីថ្នាក់ជាតិ ប្រចាំឆ្នាំ២០១៥

​ការ​ប្រកួត​កីឡា​វាយ​សី​ជ្រើសរើស​ជើង​ឯក​ថ្នាក់​ជាតិ ប្រចាំ​ឆ្នាំ​២០១៥ បាន​រក​ឃើញ​ម្ចាស់​មេដាយ​មាស នៅ​លើ​វិញ្ញាសា​ទាំង​១៣​របស់​ខ្លួន​ហើយ បន្ទាប់​ពី​ការ​ប្រកួត​យ៉ាង​ស្វិត​ស្វាញ​អស់​រយៈ​ពេល​៦​ថ្ងៃ បាន​ឈាន​ដល់​ទី​បញ្ចប់ កាល​ពី​ព្រឹក​ថ្ងៃអង្គារ​នេះ ក្រោម​អធិបតី​លោក អ៊ុក សិទ្ធិជាតិ អគ្គ​នាយក​ដ្ឋាន​កីឡា។

នៅ​ក្នុងការ​ប្រកួត ដែល​មាន​បែង​ចែក​ជា​ក្រប​ខ័ណ្ឌ​ក១-ក២ និង​ការ​ប្រកួត​ផ្នែក​យុវជន​រួម​មាន​អាយុ​ក្រុម​១៣​ឆ្នាំ និង​អាយុ​ក្រោម​១៦​ឆ្នាំនោះ ​ក្រុម​អត្តពលិក​សមាគម​កីឡា​វាយ​សី​ខេត្ត​កំពង់​ឆ្នាំង ដណ្តើម​បាន​មេដាយ​មាស​ច្រើន​ជាង​គេ ពិសេស​ពួក​គេ​បាន​ទទួល​បាន​លេខ​១ លើ​ការ​ប្រកួត​ក្របខ័ណ្ឌ​ក១​ទាំង២​វិញ្ញាសា​ដាច់​តែ​ម្តង។
1
2
លោក ចេង ញាន់ អភិបាល​រង​ខេត្ត​កំពង់​ឆ្នាំង បាន​ចាត់​ទុក​ការ​ឈ្នះ​មេដាយ​បាន​ច្រើន​ជាង​គេ​របស់​សមាគម​កីឡា​វាយ​សី​ខេត្ត​កំពង់​ឆ្នាំ លើក​នេះ​ថា​ ជា​ជ័យ​ជម្នះ​ប្រវត្តិសាស្រ្ត​របស់​ខេត្ត​កំពង់​ឆ្នាំង។ លោក​បាន​បញ្ជាក់​ក្រោយ​ការ​ប្រកួត​ថា៖​«ទម្រាំ​តែ​យើង​ទទួល​បាន​ជ័យ​ជម្នះ​ដ៏​ធំ ដែល​ជា​ទី​មោទនភាព​នៅ​ថ្ងៃ​នេះ គឺ​យើង​បាន​ព្យាយាម​អស់​រយៈ​ពេល​៨​ឆ្នាំ​ហើយ ហេតុ​​នេះ​យើង​ត្រូវ​តែ​ខិត​ខំ​ប្រឹង​ប្រែង​បន្ថែម​ទៀត ដើម្បី​រក្សា​ជ័យជម្នះ​នេះ​សម្រាប់​ការ​ប្រកួត​នៅ​ឆ្នាំ​ក្រោយៗ​ទៀត ព្រោះ​ជ័យ​ជម្នះ​វា​មិនស្ថិត​ថេរ​នោះ​ទេ បើ​សិន​ជា​មិន​ព្យាយាម​ពង្រឹង​សមត្ថ​ភាព​បន្ថែម​ទេ​នោះ»។
3
នៅក្នុង​ការ​ប្រកួត​​ទាំង​១៣​វិញ្ញាសា​នេះ ក្រុម​អត្ត​ពលិក​មក​ពី​សមាគម​កីឡា​វាយ​សី​ខេត្ត​កំពង់​ឆ្នាំង បាន​ឈ្នះ​មេដាយ​មាស​នៅ​លើ​វិញ្ញាសា​វាទោល​បុរស​អាយុ​ក្រោម​១៦​ឆ្នាំ ដែល​រក​បាន​ដោយ​កីឡាករ ហេង ម៉េងលី វាយ​ទោល​បុរស​អាយុ​ក្រោម​១៩​ឆ្នាំ(ក២) ​រក​បាន​ដោយ ទន សុភ័ស្ត វាយ​ទោល​បុរស​អាយុ​​១៩​ឆ្នាំ​ឡើង(ក២) រក​បាន​ដោយ វ៉ាន សៅមុន្នី វាយ​ទោល​បុរស(ក១) រក​បាន​ដោយ ទេព ច័ន្ទម៉ារ៉ា វាយ​គូ​បុរស(ក១) រក​បាន​ដោយ ទេព ច័ន្ទម៉ារ៉ា និង យ៉ាន កុសល ​ហើយ​ការ​​វាយ​​ជា​ក្រុមបុរស ក៏​អត្តពលិក​​មក​ពី​ខេត្ត​កំពង់​ឆ្នាំ​ដណ្តើម​បាន​មេដាយមាស​ដែរ។
4
5
ចំពោះ​ការប្រកួត​ចំនួន​៧​វិញ្ញាសា​ វាយ​ទោល​បុរស​អាយុ​ក្រោម​១៣​ឆ្នាំ មេដាយមាស​បាន​ទៅ​កីឡាករ ម៉ែន សារ័ត្ន មក​ពី​សមាគម​កីឡា​​វាយ​សី​ខេត្ត​ព្រះសីហនុ ហើយ ម៉ែន សារ័ត្ន បាន​សហការជាមួយ​មិត្ត​រួម​ក្រុម ប៊ី ប៊ុនសាន ដើម្បី​ឈ្នះ​មេដាយ​មាស​វិញ្ញាសា​វាយ​គូ​បុរស​អាយុ​ក្រោម​១៣​ឆ្នាំទៀត។ រីឯវាយ​ទោល​នារី លេខ​១​បាន​ទៅ កែរ ពេជ្រឆរ៉ាវី សមាគម​កីឡា​វាយ​សី​ខេត្ត​ស្វាយ​រៀង វាយ​គូនារី លេខ​១​បាន​ទៅ ឡេង ដាវី និង ហេង ធីតា របស់​សមាគម​កីឡា​វាយ​សី​ខេត្តកំពង់​ចាម វាយគូ​បុរស​អាយុ​ក្រោម​១៦​ឆ្នាំ​លេខ​១ សេរី សុភា និង ហង្ស សុផលមុន្នីរឹទ្ធ ក្លិប​វាយ​សីសុខដាស្មាយ(ខេត្ត​កោះ​កុង) ហើយ​វាយ​ទោល​បុរស​អាយុ​​ក្រោម​១៩​ឆ្នាំ(ក២) លេខ១ រស់ សម្បត្តិ ក្លិប​វាយ​សី​ត្រពាំង​ស្រែ ឯ​វាយ​គូ​បុរស​អាយុ​១៩​ឆ្នាំ​ឡើង​(ក២) មេដាយ​មាស​បាន​ទៅ ឈៀង សុជាតិ និង សួន សុភស្ស មក​ពី​ក្លិប​វាយ​សី​ត្រពាំង​ស្រែ ដូច​គ្នា៕