វាយប្រហារ​រថយន្ត​បឺស​នៅ​ប៉ា​គី​ស្ថាន​ស្លាប់ 11 នាក់

យោង​តាម​បណ្តា​អ្នក​ទទួលខុសត្រូវ​ប៉ា​គី​ស្ថាន​ថា មនុស្ស​យ៉ាងតិច​១១​នាក់ ក្នុង​នោះ​មាន​នារី និង​កុមារ​ច្រើន​នាក់​ផង​បាន​ត្រូវ​ស្លាប់ ហើយ​២២​នាក់​ទៀត​រង​របួស កាលពី​យប់​ថ្ងៃ​ទី​១៩ តុលា ក្នុង​ការ​វាយប្រហារ​ភេរវកម្ម​ដោយ​គ្រាប់បែក​មួយ​ប្រឆាំង​រថយន្ត​បឺស​១​គ្រឿង​នៅ​ទីក្រុង​កេ​តា ភាគ​និរតី​ប៉ា​គី​ស្ថាន ។

លោក ALMISH KHAN អគ្គ​អធិការ​ប៉ូលិស​និយាយ​ថា គ្រាប់បែក​ដាក់​ម៉ោង​កំណត់​ផ្ទុះ​១​គ្រាប់​ត្រូវ​បាន​គេ​ដាក់​ជាប់​នឹង​រថយន្ត​នេះ ហើយ​គ្រាប់បែក​បាន​ផ្ទុះ​នៅ​ចំណត​តាម​វិ​ថី SARIAB ROAD ក្រុង​កេ​តា ទីប្រជុំជន​ខេត្ត​បា​លូ​ជី​ស្ថាន​ភាគ​និរតី​ប្រទេស ។ លោក​បញ្ជាក់​ថា គ្រឿងផ្ទុះ​ប្រមាណ​ជា​៥​គីឡូក្រាម ត្រូវ​បាន​ប្រើ​សម្រាប់​ផលិត​គ្រាប់បែក​ច្នៃ​នេះ ដែល​គេ​យក​ដាក់​នៅ​ផ្នែក​ខាងក្រោយ​រថយន្ត ។ រថយន្ត​បឺស​នេះ​ដឹក​អ្នកដំណើរ​៤០​នាក់ ហើយ​ហៀបនឹង​ចាក​ចេញពី​ចំណត​ពេល​គ្រាប់បែក​ផ្ទុះ ។ ក្រៅពី​អ្នក​ស្លាប់ មនុស្ស​យ៉ាងតិច​៨​នាក់​ដែល​របួស​ស្ថិត​ក្នុង​សភាព​ធ្ងន់ធ្ងរ ។ ប៉ូលិស​បាន​ឡោម​ព័ទ្ធ​តំបន់​ផ្ទុះ ដើម្បី​ធ្វើការ​ស៊ើបអង្កេត​លើ​ការ​វាយប្រហារ​នេះ ដែល​នៅ​ពុំ​ទាន់​មាន​ក្រុម​ណា​ប្រកាស​ទទួលខុសត្រូវ​នៅឡើយ ៕