ពិធី​ជួបជុំ​សាច់ញាតិ​គ្រួសារ​កូរ៉េ​ដែល​ព្រាត់​គ្នា

យោង​តាម YONHAP ថា ពលរដ្ឋ​កូរ៉េ​ខាងត្បូង​ជា​ច្រើន​រយ​នាក់​នា​ថ្ងៃ​ទី​២០ តុលា បាន​ធ្វើ​ដំណើរ​ទៅ​កាន់​កូរ៉េ​ខាងជើង ដើម្បី​ជួប​ជាមួយ​សាច់ញាតិ​គ្រួសារ​ពួក​គេ​ដែល​ព្រាត់​គ្នា ចាប់តាំងពី​ជាង​៦០​ឆ្នាំ​មក​ហើយ ក្រោយ​ការ​ពុះ​បំបែក​ឧបទ្វីប​កូរ៉េ ។

ក្រុម​ដំបូង​មាន​សមាជិក​ប្រមាណ​ជា​៣៩០​នាក់​នៃ​គ្រួសារ​កូរ៉េ​ខាងត្បូង​ចំនួន​៩៦​គ្រួសារ ត្រូវ​ទៅ​ដល់​ភ្នំ KUMGANG ដើម្បី​ជួប​ជាមួយ​សាច់ញាតិ​ពួក​គេ​ពី​ថ្ងៃ​ទី​២០ ទៅ​២២ តុលា ក្នុង​ពិធី​ជួបជុំ​គ្នា​នៅ​ទីនោះ ។ នេះ​ជា​ការ​ជួបជុំ​សាច់ញាតិ​ព្រាត់​គ្នា​លើក​ដំបូង​ចាប់តាំងពី​ខែកុម្ភៈ ឆ្នាំ​២០១៤ មក ដែល​ជា​លទ្ធផល​នៃ​កិច្ចព្រមព្រៀង​សម្រេច​បាន​រវាង​កូរ៉េ​ទាំង​២ កាលពី​ថ្ងៃ​ទី​២៥ សីហា កន្លង​មកនេះ ដើម្បី​កាត់​បន្ថយ​ភាព​តានតឹង​ខាង​យោធា ហើយ​ឱ្យ​មានការ​ជួបជុំ​សាច់ញាតិ​គ្រួសារ​ព្រាត់​គ្នា​ឡើង​វិញ ។

ក្រុម​គ្រួសារ​កូរ៉េ​ខាងត្បូង​ទាំងនេះ​នឹង​ជួប​ជាមួយ​បណ្តា​សមាជិក​នៃ​គ្រួសារ​ពួក​គេ​ដែល​រស់នៅ​កូរ៉េ​ខាងជើង​៦​លើក នៅ​លើ​ភ្នំ​ទេសចរណ៍ KUMGANG ដែល​ការ​ធ្វើ​ដំណើរ​ទៅ​កាន់​ទីនោះ​ជិះ​រថយន្ត​ត្រឹម​ប្រមាណ​៣០​នាទី​ពី​ទីក្រុង​ឆ្នេរសមុទ្រ SOKCHO ។

រឿង​សាច់ញាតិ​គ្រួសារ​ព្រាត់​គ្នា​ជា​រឿង​មនុស្សធម៌​បន្ទាន់​មួយ ព្រោះ​ភាគច្រើន​នៃ​សមាជិកគ្រួសារ​ព្រាត់​គ្នា​នៅ​រស់រាន​មានជីវិត​មាន​អាយុ​ចាប់ពី​៨០​ឆ្នាំ ឬ​លើស​ពី​នេះ​ទៅ​ទៀត ។ ប្រមាណ​ពាក់កណ្តាល​នៃ​មនុស្ស​១២៩.៧០០​នាក់ ដែល​ស្នើ​ជួប​សាច់ញាតិ​ព្រាត់​គ្នា​នៅ​កូរ៉េ​ខាងជើង​បាន​ស្លាប់​បាត់​ទៅ​ហើយ ៕