យន្តហោះ​ចម្បាំង​ស្វ៊ី​ស​1​គ្រឿង​បង្កើត​ឧប្បត្តិហេតុ​ការទូត​រវាង​រុ​ស្ស៊ី និង​បារាំង

ប្រទេស​រុ​ស្ស៊ី​កាលពី​ថ្ងៃ​ទី​១៩ តុលា បាន​ធ្វើការ​តវ៉ា​ប្រឆាំង​នឹង​ទ​ង្វើ​ដ៏​គ្រោះថ្នាក់​នៃ​យន្តហោះ​ប្រដេញ​បារាំង​មួយ​គ្រឿង ដែល​ហោះ​ឆាប​ក្បែរ​យន្តហោះ​១​គ្រឿង​ដឹក​ប្រធាន​សភា​រុ​ស្ស៊ី​មក​កាន់​ទីក្រុង​ហ្សឺ​ណែវ ចូលរួម​កិច្ចប្រជុំ​មួយ​របស់ អ​.​ស​.​ប ។

ការ​ចោទប្រកាន់​នេះ​ត្រូវ​បាន​ក្រសួងការបរទេស​បារាំង​បដិសេធ​ភ្លាម​ៗ ដោយ​អះអាង​ថា តាម​ការ​ពិត​យន្តហោះ​ប្រដេញ​ធុន F-18 នោះ​ជា​យន្តហោះ​របស់​ប្រទេស​ស្វ៊ី​ស​ទេ។

ក្រសួងការបរទេស​បារាំង​បាន​កោះហៅ​ឯកអគ្គរដ្ឋទូត​បារាំង​ប្រចាំ​ក្រុង​មូ​ស្គូ លោក JEAN MAURICE RIPERT ដោយ​តវ៉ា​ថា យន្តហោះ​ប្រដេញ​១​គ្រឿង​របស់​កងទ័ពអាកាស​បារាំង បាន​ហោះ​ឆាប​ក្បែរ​យន្តហោះ​ដែល​ប្រធាន​សភា​រុ​ស្ស៊ី​លោក SERGUEI NARYCHKINE ជិះ ។ ក៏​ប៉ុន្តែ​បន្ទាប់​ពី​នេះ​ភ្លាម​ៗ​ក្រសួងការបរទេស​បារាំង​អះអាង​ថា យន្តហោះ​នេះ​ជា​យន្តហោះ​ស្វ៊ី​ស ហើយ​ពុំ​មែន​យន្តហោះ​បារាំង​ទេ ។ ក្រសួងការបរទេស​បារាំង​អះអាង​ថា វា​ជា​យន្តហោះ​ស្វ៊ី​ស​ធុន F-18 ។

ក្រសួង​ការពារ​ប្រទេស​ស្វ៊ី​ស​អះអាង​ថា នេះ​ពិតជា​យន្តហោះ​ស្វ៊ី​ស​១​គ្រឿង​ដែល​ហោះ​ទៅ​ក្បែរ​យន្តហោះ​របស់​ប្រធាន​សភា​រុ​ស្ស៊ី ដើម្បី​ធ្វើការ​ត្រួតពិនិត្យ​ជា​ទម្លាប់ ។ អ្នកនាំពាក្យ​ក្រសួង​នេះ​លោក PETER MINDER ថ្លែង​ថា បែប​នេះ​ជា​នីតិវិធី​ស្តង់ដា​មួយ​នៃ​ការ​ត្រួតពិនិត្យ ។

អ្នកនាំពាក្យ​ក្រសួងការបរទេស​រុ​ស្ស៊ី លោកស្រី​ម៉ា​រី​យ៉ា ហ្សា​ខា​រ៉ូ​វ៉ា គូសបញ្ជាក់​នា​វេលា​ល្ងាច​ថា ក្រុង​មូ​ស្គូ​បាន​សុំ​ទោស​តាម​ផ្លូវ​ការទូត ចំពោះ​ក្រុងប៉ារីស​លើ​ការ​យល់​ច្រឡំ​នេះ ៕