ប្រធានាធិបតី​ចិន​បំពេញ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​នៅ​អង់គ្លេស

ប្រធានាធិបតី​ចិន លោក​ស៊ី ជី​ន​ពីង ចាប់ផ្តើម​នា​ថ្ងៃ​ទី​២០ តុលា នូវ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​រយៈពេល​៤​ថ្ងៃ​នៅ​ចក្រភព​អង់គ្លេស ដោយ​ក្នុង​ឱកាស​នៃ​ទស្សនកិច្ច​នេះ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម និង​វិនិយោគ​នានា​មាន​ទឹកប្រាក់​ជាង​៣០​ពាន់​លាន​លី​ហ្វ្រ ស្ទ័​រលី​ញ ត្រូវ​ចុះហត្ថលេខា ។

មុន​ពេល​ចាប់ផ្តើម​ទស្សនកិច្ច​នេះ នាយក​រដ្ឋមន្ត្រី​អង់គ្លេស លោក​ដា​វី​ដ កា​មី​រ៉ូ​ន ក្នុង​សេចក្តី​ប្រកាស​មួយ​ថ្លែង​ថា នេះ​ជា​ឱកាស​សំខាន់​បំផុត​មួយ​សម្រាប់​ទំនាក់ទំនង​ចិន​-​អង់គ្លេស ។ ពាណិជ្ជកម្ម និង​វិនិយោគ​រវាង​ប្រទេស​យើង​ទាំង​២​ត្រូវ​បង្កើន រួច​ទំនាក់ទំនង​រវាង​ប្រជាជន​យើង​ទាំង​២​កាន់តែ​ខ្លាំង ។

យោង​តាម​ខុទ្ទកាល័យ​នាយក​រដ្ឋមន្ត្រី​ថា បណ្តា​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម និង​វិនិយោគ​តំណាង​ឱ្យ​ទឹកប្រាក់​ជាង​៣០​ពាន់​លាន​លី​ហ្វ្រ ស្ទ័​រលី​ញ (៤០,៧​ពាន់​លាន​អឺ​រ៉ូ​) បង្កើត​ការងារ​៣.៩០០​នៅ​អង់គ្លេស​នឹង​ត្រូវ​ចុះហត្ថលេខា​អំឡុង​ពេល​នៃ​ទស្សនកិច្ច​នេះ​សំដៅ​បើក​សករាជ​មាស​មួយ​នៃ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​២ ជា​មហាអំណាច​សេដ្ឋកិច្ច​ពិភពលោក​ទី​២ និង​ទី​៥ ។

លោក​កា​មី​រ៉ូ​ន បន្ត​ថា ទស្សនកិច្ច​នេះ​ក៏​អាច​ធ្វើការ​សិក្សា​លើ​បណ្តា​មធ្យោបាយ​របស់​អង់គ្លេស និង​ចិន ដែល​ធ្វើការ​រួម​គ្នា​លើ​បណ្តា​បញ្ហា​ពិភពលោក​ដូច​ជា​ការ​ផ្លាស់​ប្តូរ​បរិយាកាស ឬ​ភាព​ក្រីក្រ​ជាដើម ។ ពិត​ណាស់ នេះ​ជា​កាលានុវត្តភាព​ពិតប្រាកដ​មួយ ដែល​ត្រូវធ្វើ​ឱ្យ​ស៊ីជម្រៅ​ដល់​ទំនាក់ទំនង​របស់​យើង ៕