ប្រកាស​សាល​ក្រម​សំណុំ​រឿង​រថ​យន្ត​បែន​ដឹក​ដី​បុក​ក្បួន​ព្រះ​ទី​នាំង​សម្តេច​ក្រុមព្រះ

ខេត្តកំពង់ចាម ​៖ សំណុំរឿង​ករណី​គ្រោះថ្នាក់​ចរាចរ​ដ៏​ក្តៅ​គគុក ដោយ​រថយន្ត​បែន​ដឹក​ដី​ធុន​ធំ​១​គ្រឿង​ទៅ​បុក​ក្បួន​ព្រះ​ទីនាំង​របស់​សម្តេចក្រុមព្រះនៅ​លើ​ផ្លូវជាតិ​លេខ​៧ ត្រង់​ចំណុច​ភូមិ​អំពិល​ធំ ឃុំ​ខ្វិត​ធំ​ ស្រុក​ព្រៃឈរ ​ត្រូវ​បាន​លោក​ចៅក្រម​ប៉ុក សុវណ្ណ​មុនី  នៃ​សាលាដំបូង​ខេត្ត​​ប្រកាស​សាលក្រម​ហើយ​កាល​ពី​ព្រឹក​ថ្ងៃ​ទី​២០ ​តុលា ២០១៥ នេះ ដោយតម្រូវ​​ឲ្យ​លោក លន់ សុ​ផាត នៅ​ភូមិ​ទី​២ សង្កាត់​វាលវង់ ក្រុង​កំពង់ចាម ​ចេញ​សំណង​រដ្ឋប្បវេណី​ចំនួន​៤០០​លាន​រៀលស្មើ​ប្រហែល​ជាង​៩​ម៉ឺន​ដុល្លារ​។

អ្នកស្រី គឹ​ម ស្រី​ពៅ អាយុ​៤៥​ឆ្នាំ ត្រូវជា​ប្រពន្ធ​របស់​ឈ្មោះ​លន់ សុ​ផាត នៅ​ភូមិ​ទី​៣ សង្កាត់​វាលវង់ ក្រុង​កំពង់ចាម បំភ្លឺ​ឲ្យ​ដឹង​ថា ចំពោះ​ហេតុ​ការ​ណ៍គ្រោះថ្នាក់​ចរាចរ​ដ៏​រ​ន្ធត់ដែល​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១២​ថ្ងៃត្រង់ ​ទី​២៥ មេ​សា ២០១៥ កន្លង​ទៅ​ក្នុង​ទឹកដី​ស្រុក​ព្រៃឈរដែល​បណ្តាល​ឲ្យសម្តេចក្រុមព្រះ​ និង​អ្នក​ម្នាង​អ៊ុ​ក ផល្លា ព្រមទាំង​កង​អង្គរក្ស​សរុប​ចំនួន​៨​នាក់ បាន​រង​របួសធ្ងន់ និង​ស្រាល​ ​​បង្ក​ឡើង​ដោយ​រថយន្ត​បែន​ដឹក​ដី​១​គ្រឿងបើកបរ​ដោយ​ឈ្មោះ ឈឿ​ន រ៉ុ​ន ភេទ​ប្រុស មិនមែន​ជា​រថយន្ត​របស់​ប្តី​គាត់​នោះ​ទេ ។

អ្នកស្រី គឹ​ម ស្រី​ពៅ បាន​បំភ្លឺ​ឲ្យ​ដឹង​ទៀត​ថា តាម​ពិត​រថយន្ត​ដឹក​ដី​គឺជា​របស់​អ្នកស្រី គឹ​ម ឡេ​ង អាយុ​៤៥​ឆ្នាំ នៅ​ភូមិ​ទី​២ សង្កាត់​វាលវង់ ក្រុង​កំពង់ចាម  ។​ ចំពោះ​ការ​សំរេច​របស់​សាលាដំបូង​ខេត្តកំពង់ចាម ដែល​បង្គាប់​ឲ្យ​ប្តី​របស់​គាត់​ឈ្មោះ សុ​ផាត សង​ជា​ប្រាក់​ចំនួន​៤០០​លាន​រៀលនោះ​ជា​រឿង​មួយ​អយុត្តិធម៌​ណាស់​ ព្រោះថា​ក្នុង​ពេល​ដែល​សវនាការបើក​កាលពី​ថ្ងៃ​ទី​២២​ កញ្ញា កន្លង​ទៅ​ មាន​សាក្សី​ជា​ច្រើន​នាក់ ​រួម​ទាំង​អ្នកស្រី ឡេ​ង បាន​ចេញ​មក​អះអាង​ថា រថយន្ត​បែន​ដឹក​ដី​នោះ​ជា​របស់​ខ្លួន​ពិតប្រាកដ គឺ​មិនមែន​របស់​ឈ្មោះសុ​ផាត​ទេ ចុះ​ហេតុ​អ្វី​បានជា​តុលាការ​បង្គាប់​ឲ្យ​ប្តី​របស់​អ្នកស្រី​ចេញ​សំណង​ទៅ​វិញ​​ ។ 

ក្នុង​ករណី​នេះ​ទៀត​រថយន្ត​មានក្រុមហ៊ុន​ធានា​រ៉ាប់​រង «​កាំ​មិន​កូ​» នៅ​ពេល​ដែល​មាន​ហេតុ​ការ​ណ៍​កើតឡើង រហូត​ដល់​សវនាការ​គួរ​ណា​តែ​ក្រុមហ៊ុន​ធានា​រ៉ាប់​រង​នេះ​ចេញ​មុខ​ដោះស្រាយ​ទើប​ត្រឹមត្រូវមិន​គួរ​សម្ងំនៅ​នៅ​ស្ងៀម​អ៊ីចឹង​​ទេ ។

លោក​មេធាវី គា អ៊ា​វ  ការពារ​ឲ្យ​ភាគី​ឈ្មោះ លន់ សុ​ផាត បាន​លើក​ឡើង​ថា នៅ​ព្រឹក​ថ្ងៃ​ទី​២០​តុលា នេះ​សាលក្រម​បាន​ប្រកាស​ឲ្យ​កូនក្តី​របស់​លោក​ចេញ​សំណង​ទៅ​វិញ ជា​រឿង​មួយ​មិន​ត្រឹមត្រូវ​នោះ​ទេ ព្រោះថា​កាលពី​វេលា​សវនាការ​កន្លង​មកមានការ​សួរ​ដេញដោល​គ្នា​រហូត​មាន​អ្នកស្រី គឹ​ម ឡេ​ង  បាន​ចេញ​មក​អះអាង​ថា រថយន្ត​បែន​ដឹក​ដី​ដែល​បង្ក​គ្រោះថ្នាក់​ចរាចរនៅ​ស្រុក​ព្រៃឈរ​កន្លង​មក​ គឺជា​រថយន្ត​របស់​គាត់​(​គឹ​ម ឡេ​ង )  ។

​មាន​ទាំង​សាក្សី​ជា​ច្រើន​នាក់ បាន​បង្ហាញ​លិខិត​ទិញ​លក់​រថយន្ត​ក៏​បាន​បញ្ជាក់​ច្បាស់រថយន្ត​ពិតជា​របស់​អ្នកស្រី គឹ​ម ឡេ​ង  ។ ចំពោះ​ការ​​​ឲ្យ​កូនក្តី​របស់​លោក​ចេញ​សំណង​នេះ​គឺ​មិន​ត្រូវ ដូច្នេះ​រូប​លោក​សំរេច​ចិត្ត​នឹង​​​ប្តឹង​ជំទាស់​ទៅ​សាលា​ឧទ្ធរណ៍​បន្ត​ទៀតដើម្បី​ស្វែងរក​យុត្តិធម៌។

អ្នកស្រី គឹ​ម ឡេ​ង វ័យ​៤៥​ឆ្នាំ ជាស្ត្រី​មេម៉ាយ​បាន​ពន្យល់​ពី​ហេតុផល​ស្ទើរ​បង្ហូរទឹកភ្នែក​ឲ្យ​ដឹង​ថា​ ចំពោះ​រថយន្ត​បែន​ដឹក​ដី​ធុន​ធំ​១​គ្រឿង ពាក់​ស្លាក​លេខ​ភ្នំពេញ​3B-4405 ដែល​បាន​បង្ក​គ្រោះថ្នាក់​ចរាចរ​នៅ​ស្រុក​ព្រៃ​ឈរ​ទៅ​បុក​ក្បូន​ព្រះ​ទីនាំង​សម្តេចក្រុមព្រះនា​ពេល​កន្លង​មក​នោះ​ គឺ​ពិតជា​រថយន្ត​របស់​គាត់ (​គឹ​ម ឡេ​ង ) មិនមែន​ជា​របស់​ឈ្មោះ លន់ សុ​ផាត ​នោះ​ទេ ។ នៅ​ពេល​ណា​ដែល​មាន​ការដ្ឋាន​ណាមួយ​ត្រូវការ​រថយន្ត​ដឹក​ដី​ជា​ច្រើន​គ្រឿង គឺ​ឈ្មោះ​សុ​ផាត តែងតែ​ទូរស័ព្ទ​មក​ប្រាប់​ឲ្យ​រថយន្ត​របស់​គាត់​មាន​តែ​១​គ្រឿង​ទៅ​ចូលរួម​ដឹក​ដី​ដែរ ។ 

ចំពោះ​ឧប្បត្តិហេតុ​គ្រោះថ្នាក់​ចរាចរ​ខាងលើ គឺ​សុំ​ការ​ប្រណី​សណ្តោស​ជា​លើក​ទី​២​ពី​សម្តេចក្រុមព្រះ​ដល់​រាស្ត្រ​របស់​ទ្រង់ គឺ​អ្នកស្រី​ផ្ទាល់ ​និង​លោក​លន់ សុ​ផាត​ ដោយ​ក្តី​អនុគ្រោះ​ផង​ចុះ ។ លោក​មេធាវី ស៊ុន ប៊ុ​ណ្ណា
​រិ​ទ្ធ  បាន​ឲ្យ​ដឹង​ថា លោក​ចៅក្រម​ប៉ុក សុវណ្ណ​មុនី  ដែល​បាន​លើកលែង​ការ​ចោទប្រកាន់​ដល់​កូនក្តី​របស់​លោក​ឈ្មោះ ឈឿ​ន ស្រ៊ឺ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ជា​ព្រូ​រថយន្ត​ដឹក​ដី​ឲ្យ​រួច​ផុត​ពី​ការ​ចោទប្រកាន់​ជា​រឿង​មួយ​ត្រឹមត្រូវ តែ​មិន​គួរ​ណា​ចាប់​កូនក្តី​របស់​លោកដាក់​ពន្ធ​នា​ខេត្ត​ជាង​៤​ខែ​ទាល់តែ​សោះ  ។

លោក​មេធាវី សំរេច កុសល ការពារ​ឲ្យ​សម្តេចក្រុមព្រះបាន​បញ្ជាក់​ឲ្យ​ដឹង​ដែរ​ថា ក្នុង​ករណី​ខាងលើ​នេះ​តុលាការខេត្ត​បាន​ប្រកាស​សាលក្រមបង្គាប់​ឲ្យ​ឈ្មោះ លន់ សុ​ផាត បង់​សំណង​រដ្ឋប្បវេណី​ចំនួន​៤០០​លាន​រៀល ស្មើ​ប្រហែល​ជាង​៩ម៉ឺន​ដុល្លារជា​អំណាច​ឆន្ទា​នុ​សិទ្ធ​របស់​តុលាការ​​ ដែល​ការ​លើក​មុន​ក្រុម​មេធាវី​របស់​លោក​បាន​ទាមទាររហូត​ដល់​ទៅ​ជាង​៣៦​ម៉ឺន​ដុល្លារពី​ភាគី​ឈ្មោះ លន់ សុ​ផាត  ពុំ​មែន​ពី​អ្នកស្រី​គឹ​ម ឡេ​ង​នោះ​ទេ សំណង​ខាងលើ​គឺ​ទូទាត់​នឹង​ថ្លៃ​សេវា​ព្យាបាល​មិន​គ្រាន់​ទេ តែ​នេះជា​សិទ្ធិ​របស់​តុលាការខេត្ត​កំពង់ចាម គឺ​មិន​អាច​ទាមទារ​អ្វី​ឲ្យ​លើស​ពី​៤០០​លាន​រៀល​ទេ ។

សូម​បញ្ជាក់​ថា ចំពោះ​អ្នកបើកបរ​រថយន្ត​បែន​ដឹក​ដី​​ឈ្មោះឈឿន រ៉ុន ​ដែល​​បង្ក​គ្រោះថ្នាក់​ចរាចរដល់​ក្បួន​ព្រះ​ទីនាំង​សម្តេចក្រុមព្រះ​វិញ ត្រូវ​បាន​កាត់​កំបាំង​មុខ​ឲ្យ​ជាប់​ទោស​៣​ឆ្នាំ​ និង​សំណង​ជា​ប្រាក់​ចំនួន​១០០​លា​រៀល​​ ៕

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​លើ​ទំព័រ​កាសែត​កោះ​សន្តិ​ភាព