អូស្ដ្រាលី​ផ្ដល់​ឧបករណ៍​តាមដាន និង​បង្ក្រាប​បទល្មើស​ដល់​នគ​របាល​កម្ពុជា​

ភ្នំពេញ: ​កាលពី​ព្រឹក​ថ្ងៃទី​២០ ខែតុលា ឆ្នាំ​២០១៥​នេះ  មន្ត្រីជាន់ខ្ពស់​នគរបាល​សហព័ន្ធអូស្ត្រាលី​បាន​ឧបត្ថម្ភ នូវ​ឧបករណ៍​សម្រាប់​តាមដាន​និង​បង្ក្រាប​​បទល្មើស ពិសេស​សកម្មភាព​ក្មេង​ទំនើង ការផ្តល់​ឧបករណ៍​នេះ​ធ្វើឡើង​នៅ​នាយកដ្ឋាននគរបាល​ព្រហ្មទណ្ឌ ។​

​លោក Gary Wynch APM ទីប្រឹក្សា និង​ជា​នាយ​នគរបាល​សម្របសម្រួល​ជាន់ខ្ពស់​នៃនគរបាល សហព័ន្ធ​អូស្ត្រាលី​ប្រចាំ​ស្ថានទូត​អូស្ត្រាលី​បានប្រគល់​​សម្ភារ​តាមដាន និង​បង្ក្រាប​ក្មេង​ទំនើង​ដល់​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ ដឹកនាំដោយ​អនុប្រធាននាយកដ្ឋាន​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ជា ប៊ុន​ថុល និង​មានមន្ត្រីនគរបាល​ពាក់ព័ន្ធ​ជាច្រើនរូប​ទៀត ចូលរួម​ផងដែរ ។​

​ក្នុង​ពិធី ប្រគល់​នោះដែរ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ជា ប៊ុន​ថុល បាន​មានប្រសាសន៍ថាកន្លងមក​រដ្ឋាភិបាល អូស្ត្រាលី​បាន​ជួយ​កម្ពុជា​ជាច្រើន​មកហើយពិសេស​​តាមរយៈ​គម្រោង​CCJAP ។ លោក​ថា នឹង​យក​សម្ភារ​ដែលជា​ជំនួយ​ទាំងនេះ​ទៅប្រើ​ប្រាស់​ការងារ​ឲ្យ​បាន​ចំ​ទិសដៅ ដើម្បី​រក្សា​សណ្ដាប់ធ្នាប់ សន្តិសុខ​ជូនប្រជាពលរដ្ឋ​និង​សង្គមជាតិ ។​

​ដោយឡែក​លោក Gary Wynch APM បាន​មានប្រសាសន៍ថា​មូល​ហេតុដែល​ប្រគល់ឧបករណ៍ ទាំងអស់នេះ​ដល់​ប្រទេស​កម្ពុជា​គឺ​សម្រាប់​ទុក​តាមដាន និង​ស្វែងរកភ័ស្តុតាង​ក្នុងការ​បង្ក្រាប​បទល្មើស ពិសេស​គឺ​ក្នុងការ​បង្ក្រាប​ក្មេង​ទំនើង​នៅ​កម្ពុជា ។​

 សូមជម្រាបថា ឧបករណ៍​ទាំងនេះ គឺ​អូស្ត្រាលី​បាន ចែកជូន​ដល់​កម្លាំង​នគរបាលកម្ពុជា​តាម​បណ្តា​រាជធានី​ខេត្ត​ទាំង​២៥​នោះ​ហើយ​និង​ក្រោយនេះ​ទៀត​ក៏​​បាន​ជូន​ដល់​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ​កម្ពុជា​ថែមទៀត ។​

​គួរបញ្ជាក់​ផងដែរ​ថា សម្ភារ​ដែល​ប្រគល់​នាពេលនេះ​រួមមាន កាមេរ៉ា កែវយឹត​ឆ្លុះZoomel ម៉ាស៊ីន​ព្រី​ន និង​ប្រដាប់​ថត​សម្លេង​ជាដើម ៕P​