មុន​នេះ​​​! ជនសង្ស័យ​ប្រើប្រាស់ និង​ជួញដូរ​ថ្នាំ​ញៀន​៣​នាក់ បង្ក្រាប​បាន​នៅផ្ទះ​ជួល​ក្នុងភូមិ​អូរ​តា​គាំ​១

ខេត្តបាត់ដំបង ៖ កាលពី​ម៉ោង​២ និង​៥០​នាទី​រសៀល​ថ្ងៃ​ទី​២០ តុលា ២០១៥ នេះ កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​ខេត្ត សហការ​ជាមួយ​​កម្លាំង​ការិយាល័យ​ជំនាញ បាន​ធ្វើការ​បង្ក្រាប​ក្រុម​​ប្រើប្រាស់ និង​ជួញដូរ​ថ្នាំ​ញៀន​មួយ​ក្រុម ​ស្ថិត​នៅ​ភូមិ​អូរ​តា​គាំ​១ សង្កាត់​ទូល​​តា​ឯក ក្រុង​បាត់ដំបង ដោយ​ឃាត់ខ្លួន​បាន​ចំនួន​៣​នាក់ ។

ប្រភព​បានឱ្យ​ដឹង​ថា ជនសង្ស័យ​ទាំង​៣​នាក់ ១-​ឈ្មោះ​ងួ​ន វិបុល អាយុ​៣៤​ឆ្នាំ ២-​ឈ្មោះ​កែវ ប៉េង​លាភ អាយុ​១៨​ឆ្នាំ និង​៣-​ឈ្មោះ​ហៀ​ង រ៉ា​នេ​ត អាយុ​២៤​ឆ្នាំ ទាំង​៣​នាក់​មាន​ទីលំនៅ​ក្នុងភូមិ​អូរ​តា​គាំ​២ សង្កាត់​ទូល​តា​ឯក តែ​មក​សំងំ​ប្រើប្រាស់ និង​លក់ដូរ​ថ្នាំ​ញៀន​នៅ​ក្នុង​បន្ទប់​ផ្ទះ​ជួល​នៅ​ចំណុច​កើតហេតុ​ខាងលើ ។

ប្រភព​បន្ត​ថា ជាមួយនឹង​ការ​ឃាត់ខ្លួន​នេះ សមត្ថកិច្ច​រឹបអូស​វត្ថុ​តាង​មាន​ថ្នាំ​ញៀន​មេ​តំ​ហ្វេ​តា​មីន ប្រភេទ​ក្រាម​ពណ៌​.​ស (​ម៉ា​ទឹកកក​) ចំនួន​៩​ថង់​តូច​ផង​ដែរ ។ បច្ចុប្បន្ន ជនសង្ស័យ​ទាំង​៣​នាក់ ត្រូវ​សមត្ថកិច្ច​កំពុង​សួរនាំ ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ ៕