អង្គភាពប្រឆាំង អំពើពុករលួយ កំពុងស្រាវជ្រាវករណី ពុករលួយរបស់ ប្រធានមន្ទីរធម្មការ និងសាសនាខេត្តតាកែវ

តាកែវ ៖ លោក ជួង វ៉ាន ប្រធានមន្ទីរធម្មការ និងសាសនាខេត្តតាកែវ ដែលកំពុងតែទទួលការ រិះគន់ពីបណ្ដាញទំនាក់ទំនង សង្គមហ្វេសប៊ុក និងមន្រ្តីក្រោមឱវាទមួយចំនួន ដោយបានចោទប្រកាន់លោកថា «បានប្រព្រឹត្តខ្លួនមិនស័ក្តិសមជាមន្រ្តីជាន់ខ្ពស់ របស់ខេត្ត ដោយបានដើរផឹកស៊ី ចូលខារ៉ាអូខេ មិនគិតពីការងារ នៅក្នុងមន្ទីរ ជាពិសេស បានប្រព្រឹត្តអំពើពុក រលួយយ៉ាងធ្ងន់ធ្ងរគួរ ឲ្យស្អប់ខ្ពើមថែមទៀតផងនោះ ត្រូវបានអង្គភាព ប្រឆាំងអំពើពុករលួយ កំពុងតែបើកការសើបអង្កេត ពីទង្វើដែលត្រូវ បានចោទប្រកាន់ ខាងលើ»។

លោក សេង សុមុនី អ្នកនាំពាក្យក្រសួងធម្មការ និង សាសនាបានថ្លែង ប្រាប់អង្គភាពមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៥នេះថា ពាក់ព័ន្ធ ទៅ និងការចោទប្រកាន់ ចំពោះលោកប្រធានមន្ទីរធម្មការ និងសាសនា ខេត្តតាកែវថា បានប្រព្រឹត្តអំពើពុករលួយនោះ ខាងអង្គភាពប្រឆាំងអំពើពុករលួយ កំពុងតែបើកការ ស៊ើបអង្កេតស្រាវជ្រាវ ពីបញ្ហានេះ ហើយលោកប្រធានមន្ទីធម្មការ ខេត្តតាកែវ ក៏បានធ្វើរបាយការណ៍ផ្ញើរ ទៅអង្គភាពប្រឆាំងអំពើពុក រលួយរួចហើយផងដែរ។ អ្នកនាំពាក្យក្រសួងធម្មការ បានសង្កត់ធ្ងន់ថា « អង្គភាពប្រឆាំងអំពើពុករលួយ ក៏កំពុងតែពិនិត្យមើលរបាយការណ៍ របស់លោកប្រធានមន្ទីរធម្មការខេត្តតាកែវផងដែរ ហើយចំណាត់ការបន្ត យ៉ាងណានោះវាជារឿង របស់អង្គភាពប្រឆាំង អំពើពុករលួយ»។

លោក ជួង វ៉ាន ប្រធានមន្ទីរធម្មការ និងសាសនាខេត្តតាកែវ បានច្រានចោទាំងស្រុងទៅ និងការចោទប្រកាន់លោកថា បានប្រព្រឹត្តអំពោះពុករលួយ។ លោកបានគូសបញ្ជាក់ថា « ការចោទប្រកាន់ទាំងអស់នោះ វាមិនមែនជាការពិតនោះទេ។ ខ្ញុំមិនបានប្រព្រឹត្តអំពើពុករលួយ ដោយកាត់ប្រាក់ខែពីមន្រ្តីណាម្នាក់ ឬក៏ទៅយកលុយពីព្រះសង្ឈ នៅវត្តណាមួយនោះទេ ។ រឿងទាំងអស់នោះ អាចមកពីការទាស់គ្នាចេញពីព្រះសង្ឃគ្នាឯង»។

លោក យស់ ណាស៊ី អភិបាលរង ខេត្តតាកែវ និងជាអ្នកនាំពាក្យសាលាខេត្តតាកែវ បានថ្លែងឲ្យដឹងថា បញ្ហាទាំងអស់ខាងលើ របស់លោកប្រធានមន្ទីរធម្មការ ខេត្តតាកែវ សាលាខេត្តមិនបានដឹងនោះទេ ហើយការចុះមកស្រាវជ្រាវ របស់អង្គភាពប្រឆាំងអំពើពុករលួយ ក៏ខាងខេត្តមិនបានដឹងផងដែរ។

គួរបញ្ជាក់ថា លោក ជួង វ៉ាន ប្រធានមន្ទីរធម្មការ និងសាសនាខេត្តតាកែវ ត្រូវបានមន្រ្តីក្រោមឱវាទ និងបណ្ដាញទំនាក់ទំនង សង្គមហ្វេសប៊ុក បានធ្វើការចោទប្រកាន់ថា បានប្រព្រឹត្តអំពើពុករលួយគួរ ឲ្យ ស្អប់ខ្ពើមជាទីបំផុតដោយ បានកាត់ប្រាក់ខែគ្រូកិច្ចសន្យា គ្រួក្របខ័ណ្ឌ មន្រ្តីកិច្ចសន្យា ប្រាក់បេសសកម្ម របស់មន្រ្តីក្នុងមន្ទីរ ហើយថែមទាំងបើកប្រាក់ខែខ្មោចយកទៅធ្វើមានបានទៀតផង។

ម្ចាស់ហ្វេសប៊ុកព័ត៌មានថ្មី ទាន់ហេតុការណ៍ បានឲ្យដឹងថា ចៅអធិការវត្តទូទាំងខេត្ត បើចង់បានតំណែងជា ចៅអធិការវត្តពេញសិទ្ធិត្រូវតែសូកលុយ លោក ជួង វ៉ាន ចាប់ពី១០០$ ដល់៣00$  រីឯតំណែង អនុគណស្រុក និងមេគណខេត្ត ត្រូវសូកលុយពី២000$ ដល់ ៣៥00$ ។

ចំណែកការប្រព្រឹត្តអំពើពុករលួយ មួយទៀត គឺការជ្រើសរើសមន្ត្រីធម្មការ ត្រូវសូកលុយ លោក ជួង វ៉ាន ចាប់ពី ២000$ដល់៣000$ ហើយការចំពោះការ ប្រឡងពុទ្ឋិកៈត្រូវសូកលុយ២00$ដល់៣៥0$ ទើបអាចជាប់ ។ ហើយបើមានរឿង អធិករណ៍កើតឡើង នៅវត្តណាមួយ អ្នកដែលទៅសូកលុយឲ្យ ឈ្នះរហូត ដោយមិនបានចុះសើបអង្កេតឲ្យបានត្រឹមត្រូវ និយាយរួម គឺជាមេពុករលួយ ខេត្តតាកែវ មិនដែលមានមន្ទីរធម្មការណាថោកទាបអញ្ចឹងទេ! ដោយឡែកម្ចាស់ Account Facebook ម្នាក់ទៀតឈ្មោះ «ចូលកុំស្អប់អ្នកណាក្នុងក្នុងជិវិតរបស់លោកអ្នក» ដែលអះអាងថា ជាអ្នកនៅក្បែរលោក ជួង វ៉ាន បានអះអាងថា កាលពីមិនទាន់បានឡើងធ្វើ ជាប្រធានមន្ទីរធម្មការ និងកិច្ចការសាសនាលោក ជួង វ៉ាន មិនមានអ្វីនោះទេ ជិះតែម៉ូតូកញ្ចាស់ មួយប៉ុណ្ណោះ ក៏ប៉ុន្តែពេលដែលបានឡើងធ្វើប្រធានមន្ទីរបានប៉ុន្មានផង បែជាមាន លុយទិញឡាន ទិញដី ដើផឹកស៊ីស្រីញី ចូលខារ៉ាអូខេ មិនស្គាល់តួនាទីខ្លួនឯង។

រីឯម្ចាស់ Account Facebook មួយទៀតឈ្មោះ «ធ្វើអ្វីៗដើម្បីព្រះពុទ្ធសាសនា» បានលើកឡើងថា បើលោកអភិបាលខេត្តតាកែវ ឡាយ វណ្ណៈ និងលោករដ្ឋមន្រ្តី ក្រសួងធម្មការ និងសាសនា មិន ឃិន មិនដកលោក ជួង វ៉ាន ចេញពីប្រធានមន្ទីរទេ ខេត្តតាកែវ និងច្របូកច្របល់ មនុស្សជាច្រើន និងត្រូវទទួលរងនូវអំពើអយុត្តិធម៌ ជាពិសេស វានិងប៉ះពាល់ដល់សំឡេង ឆ្នោតរបស់ គណបក្សប្រជាជនកម្ពុជា នៅក្នុងខេត្តតាកែវជាក់ជាពុំខាន៕

អង្គភាពប្រឆាំង អំពើពុករលួយ កំពុងស្រាវជ្រាវករណី ពុករលួយរបស់ ប្រធានមន្ទីរធម្មការ និងសាសនាខេត្តតាកែវ

អង្គភាពប្រឆាំង អំពើពុករលួយ កំពុងស្រាវជ្រាវករណី ពុករលួយរបស់ ប្រធានមន្ទីរធម្មការ និងសាសនាខេត្តតាកែវ