ព្រះមហាក្សត្រ​ថា​កម្ពុជា​មាន​ស្ថិរភាព​នយោបាយ​និង​កំណើន​សេដ្ឋកិច្ច​ខ្ពស់

ព្រះមហាក្សត្រ​ចេញ​ព្រះរាជសារ​ដ៏​កម្រ​មួយ​ថា ប្រទេស​កម្ពុជា​មាន​ស្ថិរភាព​នយោបាយ និង​មាន​កំណើន​សេដ្ឋកិច្ច​ខ្ពស់ ក្រោម​ការ​ដឹកនាំ​របស់​រដ្ឋាភិបាល​បច្ចុប្បន្ន។

ព្រះរាជសារ​របស់​ព្រះករុណា ព្រះបាទ សម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ចុះ​ថ្ងៃ​ទី​២០ តុលា ២០១៥ អបអរ​សាទរ​ថ្ងៃ​បើក​បវេសនកាល​រដ្ឋសភា​សម័យប្រជុំ​លើកទី៥ នីតិកាលទី៥ ក្រោយ​ពី​បាន​សម្រាក​មួយ​រយៈ​នោះ ព្រះមហាក្សត្រទ្រង់​បាន​សរសើរ​ការ​ដឹកនាំ​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​ការ​កសាង​សេដ្ឋកិច្ច-សង្គម និង​ដោះស្រាយ​បញ្ហា​ប្រឈម​ទាំងឡាយ​របស់​ប្រទេស៖ «កិច្ច​ខិតខំ​ប្រឹងប្រែង​រួមគ្នា​រវាង សភា និង​រាជរដ្ឋាភិបាល ដើម្បី​ធានា​ស្ថិរភាព​នយោបាយ និង​សង្គម​ជាមួយ​នឹង​ការ​គ្រប់គ្រង​សេដ្ឋកិច្ច ប្រកប​ដោយ​ភាព​ត្រឹមត្រូវ និង​មាន​ភាព​ជឿនលឿន បាន​ធ្វើ​ឲ្យ​កម្ពុជា​អាច​សម្រេច​បាន​នូវ​អត្រា​ខ្ពស់ ប្រកប​ដោយ​ចិរភាព​នៃ​កំណើន​សេដ្ឋកិច្ច និង​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ ក្នុង​រយៈពេល​ជាង​មួយ​ទសវត្ស​ចុង​ក្រោយ​នេះ»

យ៉ាងណា​ក៏ដោយ របាយការណ៍​សន្ទស្សន៍​ភាព​ស្រេក​ឃ្លាន​សកល​ឆ្នាំ​២០១៥ ដែល​សិក្សា​ដោយ​អង្គការ​អន្តរជាតិ​ចំនួន​៣ ចេញ​ផ្សាយ​នៅ​ខែ​តុលា ២០១៥ បាន​រក​ឃើញ​ថា ប្រទេស​កម្ពុជា​ស្ថិត​នៅ​ក្នុង​ភាព​ក្រីក្រ និង​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ប្រឈម​នឹង​ការ​អត់ឃ្លាន​ក្នុង​កម្រិត​ធ្ងន់ធ្ងរ​នៅ​ឡើយ។ របាយការណ៍​នេះ បង្ហាញ​ថា ប្រទេស​កម្ពុជា ទទួល​បាន​ពិន្ទុ ២២,៦ ដែល​ត្រូវ​នឹង​ចំណាត់​ថ្នាក់​លេខ​៦០ ក្នុង​ចំណោម​ប្រទេស​ទាំងអស់​១១៧។ ពិន្ទុ​នេះ​បង្ហាញ​ថា កម្ពុជា បាន​កាត់​បន្ថយ​ភាព​ស្រេក​ឃ្លាន​ប្រមាណ ៥០% ចាប់​តាំង​ពី​ឆ្នាំ​២០០០មក។

កុមារ អនាថា ៦២០
កុមារ​អនាថា​អង្គុយ​ចាំ​សុំ​ទាន​នៅ​តាម​ផ្លូវ​មួយ​កន្លែង ក្នុង​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​៩ ខែ​កញ្ញា ឆ្នាំ​២០១៥។ RFA/Rann Samnang

ចំណែក​របាយការណ៍​ធនាគារ​ពិភពលោក នៅ​ខែ​តុលា ឆ្នាំ​២០១៥ បង្ហាញ​ដែរ​ថា អត្រា​ភាព​ក្រីក្រ​នៅ​កម្ពុជា ក្នុង​ឆ្នាំ​២០១២ មាន​ចំនួន ១៧,៧% ក្នុង​នោះ​ប្រជាជន​ប្រមាណ ៣​លាន​នាក់​កំពុង​ឋិត​ក្នុង​ភាព​ក្រីក្រ និង​ប្រមាណ ៨​លាន ១​សែន​នាក់​ផ្សេង​ទៀត កំពុង​ស្ថិត​ក្នុង​ស្ថានភាព​ជិត​ក្រ ហើយ​ដែល​ប្រមាណ៩០% នៃ​ពលរដ្ឋ​ទាំង​នេះ កំពុង​រស់នៅ​តាម​តំបន់​ជនបទ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។