ស្លាប់ និងរបួស ៤៤នាក់ ដោយសារ រថយន្តក្រុង ធ្លាក់ចូលជ្រោះ នៅតំបន់ កាស្មៀ

កាស្មៀ, ឥណ្ឌា ៖ យ៉ាងហោចណាស់ មនុស្ស ១៤នាក់បានស្លាប់ និង ៣០នាក់ទៀត រងរបួសនៅ ថ្ងៃអង្គារ ទី២០ ខែតុលា ឆ្នាំ២០១៥ នេះ បន្ទាប់ពីរថយន្តក្រុង ដឹកអ្នកដំណើរធុនមធ្យមមួយគ្រឿង បានរអិលធ្លាក់ ចូលទៅក្នុង ជ្រលងជ្រោះក្បែរផ្លូវ ស្ថិតនៅតំបន់ព្រំដែនកាស្មៀ របស់ប្រទេសឥណ្ឌា។

ទីភ្នាក់ងារព័ត៌មាន ចិនស៊ិនហួ ចេញផ្សាយ នៅថ្ងៃអង្គារនេះទៀតថា គ្រោះថ្នាក់ចរាចរណ៍ ដ៏អាក្រក់ខាងលើនេះ បានកើតឡើង នៅពេលព្រឹក ស្ថិតនៅតំបន់ រ៉ាមណាហ្គា នៃសង្កាត់ អ៊ូដហាមភឺ ដែលមានចម្ងាយ ២៣០ គីឡូម៉ែត្រ ពីទីក្រុង ស្រ៊ីណាហ្គា ។

គួរបញ្ជាក់ថា ជ្រោះដែលឡានក្រុង បានធ្លាក់ចូលទៅនោះ មានជម្រៅរហូតដល់ទៅ ៤៥ ម៉ែត្រឯណោះ។ ប្រការ នេះហើយ ទើបនាំឲ្យមានមនុស្សបាត់បង់ជីវិតច្រើន ហើយអ្នករងរបួស មួយចំនួន ដែលស្ថិតនៅក្នុងស្ថានភាពធ្ងន់ ធ្ងរ អាចនឹងបន្តបាត់បង់ជីវិតបន្ថែមទៀត ។ ចំពោះ មូលហេតុគឺទំនងជាអ្នកបើកបរឡានក្រុង បាត់បង់ម្ចាស់ការ ទើបរថយន្តរអិលចង្កូតចេញពីផ្លូវបាន ៕

ស្លាប់ និងរបួស ៤៤នាក់ ដោយសារ រថយន្តក្រុង ធ្លាក់ចូលជ្រោះ នៅតំបន់ កាស្មៀ