ទប់ស្កាត់​ពលករ​ខ្មែរ ៣៥​នាក់ បម្រុង​ឆ្លងដែន​រក​ការងារ​ធ្វើ នៅ​ប្រទេស​ថៃ​ខុសច្បាប់ នៅ​ស្រុក​ម៉ាឡៃ​

បន្ទាយមានជ័យ: ពលករ​ខ្មែរ​ប្រុស​ស្រី​ចំនួន ៣៥​នាក់ ធ្វើដំណើរ​តាម​រថយន្ត​តាក់ស៊ី​៣​គ្រឿង​មកពី​ខេត្តសៀមរាប និង​ខេត្តបន្ទាយមានជ័យ បម្រុង​ចេញ​ឆ្លងដែន​ទាំង​ប្រថុយ​ប្រ​ឋាន​ខុសច្បាប់ តាម​ច្រករបៀង​ក្នុងភូមិ​សាស្ត្រ ស្រុក​ម៉ាឡៃ ខេត្តបន្ទាយមានជ័យ ត្រូវបាន​នគរបាល​ការិយាល័យ​ប្រឆាំង​ការជួញដូរ​មនុស្ស និង​ការពារ​អនីតិជន​ខេត្ត សហការ និង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​បឹងបេង ធ្វើការ​ឃាត់​ដំណើរ មិន​ព្រមឱ្យ​ពលករ​ទាំងនោះ ធ្វើដំណើរ​ចំណាកស្រុក​បែបនេះ​ឡើយ​។​

​ហេតុការណ៍​នេះ​បានកើត​ឡើង កាលពី​រសៀល​ថ្ងៃត្រង់ ថ្ងៃទី​១៨ ខែតុលា ឆ្នាំ​២០១៥ នៅ​ចំណុច​ភូមិ​ជ្រែ ឃុំ​បឹងបេង ស្រុក​ម៉ាឡៃ ខេត្តបន្ទាយមានជ័យ​។ ការទប់ស្កាត់​ពលករ​ខ្មែរ​បម្រុង​ចាកចេញ​ឆ្លងដែន​ខុសច្បាប់ ចេញពី​ខេត្តបន្ទាយមានជ័យ គ្រា​ដែល​គេ​សង្កេតឃើញថា​ក្រោយពី​ពិធីបុណ្យ​ភ្ជុំបិណ្ឌ ត្រូវបាន​បញ្ចប់ គឺមាន​ពលករ​ខ្មែរ​ជាច្រើន​នាក់ កំពុងតែ​ធ្វើដំណើរ​មកពី​បណ្តា​ខេត្ត​នានា នៅក្នុង​ប្រទេស​កម្ពុជា ឆ្លងកាត់​ខេត្តបន្ទាយមានជ័យ​ដើម្បី​ធ្វើ​ចំណាកស្រុក​ទៅធ្វើ​ការងារ នៅក្នុង​ប្រទេស​ថៃ​។​

​ការចាកចេញ​ឆ្លងដែន​ខុសច្បាប់​របស់​ពលករ​ខ្មែរ នៅតែ​បន្ត​កើតមាន​ជា​ដដែលៗ ទោះបីជា​កម្លាំង​សមត្ថ​កិច្ចខិតខំ​ប្រឹងប្រែង​ទប់ស្កាត់ ជា​បន្តបន្ទាប់​យ៉ាងណាក៏ដោយ​។​

​ការឆ្លង​ដែន​តាម​ច្រករបៀង​ត្រូវគេ​និយាយថា បើ​មិនមាន​ការឃុបឃិត​គ្នា ពី​សំណាក់​សមត្ថកិច្ច ការពារ​ព្រំដែន​នោះទេ គឺ​ពលករ​ទាំងនោះ មិនអាច​ឆ្លងដែន​ខុសច្បាប់ បានឡើយ​។​

​ប្រជាពលរដ្ឋ​ដែល​ធ្វើ​ចំណាកស្រុក ដើម្បី​ស្វែងរក​ការងារ​នៅ​ប្រទេស​ថៃ តាម​ច្រករបៀង​ខាងលើ គឺ​ត្រូវបាន​ប្រឈម និង​បញ្ហា​គ្រោះថ្នា្ក​ក់ដ​ល់​អាយុជីវិត​ដោយ​ប្រការ​ផ្សេងៗ ដូចជា​ត្រូវ​ទា​ហា​ថៃ​បាញ់សម្លាប់ និង​ចាប់​ដាក់គុក​ធ្វើ ទារុណកម្ម ចាញ់បោក​មេខ្យល់ កេង​កម្លាំង​ពលកម្ម និង​ការជួញដូរ​មនុស្ស ទៅ​ប្រទេស​ទី​៣​ជាដើម​។​

​ពាក់ព័ន្ធ​និង​ការទប់ស្កាត់​ពលករ​ខ្មែរ​ខាងលើ លោក​វរសេនីយ៍ត្រី ឡាយ គឹម​លួ​ន នាយ ការិយាល័យ​នគរបាល​ប្រឆាំង​ការជួញដូរ​មនុស្ស និង​ការពារ​អនីតិជន បាន​ប្រាប់​ឱ្យដឹងថា អនុវត្តតាម​បទបញ្ជា​របស់លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី អាត់ ខែម ស្នងការ​នគរបាល​ខេត្ត បានដាក់​ចេញ​ផែនការ​ដល់​កម្លាំង​ការិយាល័យ​ជំនាញ ត្រូវ​សហការ និង​កម្លាំង​នគរបាល តាម​ព្រំដែន​ក្នុង​ខេត្តបន្ទាយមានជ័យ ត្រូវមាន​វិធានការ​ទប់ស្កាត់​ពលក​រ​ខ្មែរ ឆ្លងដែន​ខុសច្បាប់​ឱ្យមាន​ប្រសិទ្ធភាព ដើម្បី​ការពារ​អាយុជីវិត និង​បញ្ចៀស​បញ្ហា​ប្រឈម​ដែល​កើតមានឡើង ចំពោះ​ពលករ​ខ្មែរ​ដោយ​ប្រការ​ណាមួយ​។​

​ពលករ​ខ្មែរ​ប្រុស​ស្រី​ទាំង​៣៥​នាក់ ខាងលើនេះ​ត្រូវបាន សមត្ថកិច្ច​ឱ្យធ្វើ​កិច្ច សន្យា និង​អប់រំ​ពួកគាត់​បញ្ឈប់​ការ​ឆ្លងដែន​ខុសច្បាប់​រួចហើយ សមត្ថកិច្ច​ក៏បាន​ដោះលែង​ឱ្យ​ពលករ ទាំងនោះ​វិលត្រឡប់​ទៅ​ស្រុកកំណើត​វិញ​រៀងៗ​ខ្លួន​៕