ពលករ​ខ្មែរ ចាញ់បោក​មេខ្យល់​ស៊ីឈ្នួល​កាប់​ឈើ​គ្រញូង​នៅ​ថៃ បាន​វិល​ត្រលប់​ដល់ផ្ទះ​វិញ​ហើយ​

បន្ទាយមានជ័យ: ពលករ​ខ្មែរ​ខុសច្បាប់ ដែល​ចាញ់បោក​មេខ្យល់​ខ្មែរ​ថៃ អោយ​កាប់​ឈើ​ក្រញូង នៅ​ខេត្ត​ប្រា​ជីន​បូរី ប្រទេស​ថៃ នៅពេលនេះ បានមក​ផ្ទះ​នៅ​កម្ពុជា​វិញ​ហើយ កាលពី​ចុង​សប្តាហ៍​មុន ក្នុង​ខែតុលា ឆ្នាំ​២០១៥​នេះ​។​
 
​ក្រុម​ពលករ​អះអាងថា ពួកគាត់ បាន​ចាញ់បោក​មេខ្យល់​ខ្មែរ និង​ថៃ ដែល​បាន​នាំទៅ​កាប់​ឈើ​គ្រញូង​តាម​ព្រៃភ្នំ នៅក្នុង​ព្រំដែន​ថៃ​។​
    
​មន្ត្រីនគរបាល​ប៉ុស្តិ៍​ច្រកទ្វារព្រំដែន​អន្តរជាតិ អោយដឹងថា ពលករ​ខ្មែរ​រងគ្រោះ​នោះ មាន ២៩​នាក់ ក្នុងចំណោម ៣៤ នាក់ បាន​ជ្រៀត​ចេញ​តាម​ច្រករបៀង ក្នុងស្រុក​ស្វាយចេក ត្រូវបាន​មេខ្យល់​នាំទៅ​ស៊ីឈ្នួល​កាប់​ឈើ​គ្រញូង នៅ​ខេត្ត​ប្រា​ជីន​បូរី ប្រទេស​ថៃ​។ ពលករ​ទាំងនោះ ត្រូវបាន​បញ្ជូន​ត្រឡប់​តាម​ច្រកទ្វារព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​។​
    
​ពលករ​ខ្មែរ​និយាយថា ខណ​:​ពួកខ្លួន ចុះ​ពី​រថយន្ត ក៏​ដឹងថា ចាញ់បោក​មេខ្យល់ (​ឈ្មួញ ) គឺ​គ្រាន់​នាំគ្នា​ចុះ​ពីលើ​ភ្នំ ក៏​រក​ផ្លូវ​មក​ផ្ទះ តែ​ត្រូវ​សមត្ថកិច្ច​ថៃ ព័ទ្ធចាប់ និង​ក៏មាន​ប្រើ​ហិង្សា​ខ្លះ ហើយ​បញ្ជូន​ពួកគាត់ ដាក់គុក​អស់ ១​យប់ ១​ថ្ងៃ ទើប​បញ្ជូនមក​ព្រំដែន​។​
 
​សូមបញ្ជាក់ថា ពលករ​ទាំងនោះ មាន ១៣​នាក់ មកពី​ខេត្តសៀមរាប ៨​នាក់ មកពី​ខេត្ត​ឧ​ត្ត​រ​មានជ័យ និង ៨​នាក់ មកពី​ខេត្តកំពង់ធំ​៕