លួច​​កាបូប​​ដាក់​សម្ភារ​​​​ជួសជុល​ម៉ាស៊ីន​ ម្ចាស់​​ឃើញ​ទាន់​​ចាប់​ខ្លួន​​ឱ្យ​ប៉ូលិស​

​រាជ​ធានីភ្នំពេញ ៖ បុរស​ជនសង្ស័យ​ម្នាក់ក្រោយ​ពី​​​​​ធ្វើ​សកម្ម​ភាព​លួច​យក​កាបូប​​ដាក់​សម្ភារ​​​​ជួសជុល​ម៉ាស៊ីន​ឆុង​កាហ្វេ​​​​របស់​ជាង​ជួស​ជុល​​ម្នាក់​​​ ​ត្រូវ​​​ម្ចាស់​ឃើញ​ទាន់​​រត់​ដេញ​​ចាប់​ខ្លួន​បាន​​ប្រគល់​ឱ្យ​​​​​​​នគរបាល​ប៉ុស្តិ៍​​រដ្ឋ​បាល​ទន្លេបាសាក់​ បង្ក​ឱ្យ​មា​ន​ការ​ភ្ញាក់​ផ្អើល​កាលពី​វេលា​ម៉ោង​១២និង​៣០​នាទី​ថ្ងៃត្រង់ ថ្ងៃ​ទី​២០ ​តុលា ​​២០១៥ នៅ​​​មុខ​ហាង​កាហ្វេ​​មួយ​កន្លែង ​ស្ថិតនៅ​ផ្លូវ​លេខ​២១ ​​សង្កាត់​ទ​​ន្លេ​បា​សាក់ ខណ្ឌចំការមន​ ។

​​មន្ត្រី​នគរបាល​​ ​បាន​​ឱ្យ​ដឹង​ថា​ មុន​ពេល​​​កើតហេតុ​ ​​ម្ចាស់​កាបូប​​​ជិះ​ម៉ូតូ​មួយ​គ្រឿង​ មក​ឈប់​នៅ​ខាង​មុខ​ហាង​កាហ្វេ​ខាងលើ ​​ដោយ​​ទុក​កាបូប​យួរដៃ​​​ដែល​ដាក់​​សម្ភារ​ជាង​របស់​គាត់​នៅ​លើ​ម៉ូតូ​​​ ហើយ​​ក៏​ដើរ​ចូល​ទៅ​ក្នុង​ហាង​កាហ្វេ​ ​ស្រាប់​តែ​មាន​បុរស​​ម្នាក់​ជិះ​ម៉ូតូ​មក​ឈប់​ក្បែរ ហើយ​​​​យក​កាបូប​​របស់​គាត់​ទៅ​ដាក់​លើ​ម៉ូតូ​របស់​គេ​​បម្រុង​​​ជិះ​ចេញ​ទៅ​​ក៏​ត្រូវ​ម្ចាស់​ឃើញ​ទាន់​​​រត់​ចេញ​មក​ចាប់​បាន​តែ​ម្តង​ ។​

​​មន្ត្រី​នគរបាល​​ ​បាន​​​បន្ត​ថា បុរស​ជនសង្ស័យ​ឈ្មោះ ហម មក​រា ហៅ​អា​ថ្លែន អាយុ១៨​ឆ្នាំ ​មុខ​របរ​មិន​ពិតប្រាកដ មាន​ទី​លំនៅ​ក្នុងភូមិ​ព្រៃ​ទា សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ​សែន​ជ័យ ​​ជិះ​ម៉ូតូ​ម៉ាក MSX ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ ១DC-៣១៣៦ ​មួយ​គ្រឿង ​តែ​ម្នាក់ឯង ​។

​ជន​សង្ស័យ​​ត្រូវ​​​សមត្ថ​កិច្ចនាំ​ខ្លួន​យក​ទៅ​​សាកសួរ​នៅ​ប៉ុស្តិ៍​​​នគរបាល​រដ្ឋ​បាលទន្លេបាសាក់​ ​​និង​​​បញ្ជូន​បន្ត​​ទៅ​​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ចំការ​មន ​ចាត់ការ​​តាម​​​ច្បាប់​​ ។ ​ចំណែក​កាបូប​ ត្រូវ​បាន​សមត្ថកិច្ច​​ប្រគល់​​ទៅ​ឱ្យ​ម្ចាស់​ដើម​វិញ ៕