លោក កឹម សុខា​ថានៅក្នុងសង្គម​ប្រជាធិបតេយ្យ​ពេលឈ្នះឆ្នោត​ គេផ្លាស់ប្តូរតែ​មន្រ្តីដឹកនំានយោបាយ

រាជធានីភ្នំពេញ ៖​​ នៅលើបណ្តាញទំនាក់ទំនងសង្គម ​( Facebook) ​ប្រធានស្តីទី​គណបក្សសង្គ្រោះជាតិ ​លោក កឹម សុខា ​បានសរសេរបង្ហោះ​នៅប៉ុន្មាននាទីមុននេះ​មាន​ខ្លឹមសារទំាងស្រុងថា​​ "នៅក្នុងប្រទេស​ ដែលប្រកាន់យក​នូវលទ្ធិប្រជាធិបតេយ្យសេរី ពហុបក្ស​ គេចាត់ទុកមន្ត្រីរាជការ ​និង កងកម្លាំងប្រដាប់អាវុធ ​ជាអ្នកបម្រើជាតិ បម្រើ​ប្រជាពលរដ្ឋ ​ដែលត្រូវប្រកាន់នូវ​ជំហរអព្យាក្រឹត្យ ​ដោយមិនមែនជា​របស់បុគ្គលកាន់អំណាច​(នាយករដ្ឋមន្រ្ដី ឬ ប្រធានាធិបតី) ​ឬ ជារបស់គណបក្ស​នយោបាយណាមួយ ដូចប្រទេស​កុំម្មុយនីស្ដផ្តាច់ការ​នោះឡើយ ។

ជាទូទៅប្រទេស​ ឬ គណបក្សនយោបាយ ​ឬអ្នកដឹកនាំ ​ដែលប្រកាន់យកនូវ​លទ្ធិប្រជាធិបតេយ្យ ​នៅពេលឈ្នះឆ្នោតឡើង​កាន់អំណាច​ គេផ្លាស់ប្ដូរមន្រ្ដីដឹកនាំ​នយោបាយ​។ ក៏ប៉ុន្ដែគេមិនចេះតែដក​ ឬ ដេញ ​មន្រ្ដីសាធារណៈ ​ឬ កងកម្លាំងប្រដាប់អាវុធ ​ដោយសារតែការផ្លាស់ប្ដូរ​អ្នកដឹកនាំ​នយោបាយនោះឡើយ។

ដូច្នេះគណបក្សសង្គ្រោះជាតិ​ យើងនឹងប្រកាន់យក​នូវគោលការណ៍ដឹកនាំ​ប្រទេសតាមបែបប្រជាធិបតេយ្យ ​សេរី ពហុបក្ស ​ដែលការដឹកនាំបែបនេះ​ នឹងនាំមកនូវយុត្ដិធម៌ ស្ថិរភាព ​សន្ដិភាព ​និង​ការអភិវឌ្ឍន៍ពិតប្រាកដ"។