រថយន្តស៊ាំយ៉ុង បុកបុរស វ័យចំណាស់ម្នាក់ ស្លាប់ភ្លាមៗ នៅភូមិច្រប់

ស្ទឹងត្រែង៖ រថយន្តស៊ាំយ៉ុង១គ្រឿង បុកបុរសវ័យចំណាស់ម្នាក់ពីក្រោយ បណ្តាលឲ្យស្លាប់ភ្លាមៗ ខណៈជិះម៉ូតូបត់ចូលផ្ទះ មិនមើលឆ្វេងស្តាំ នៅវេលាម៉ោង៧និង៣០នាទីព្រឹក ក្នុងថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៥នេះ នៅលើកំណាត់ផ្លូវជាតិលេខ៧៨ ចំណុចក្បែរស្នាក់ការសន្តិសុខ៧៤៤ របស់អាវុធហត្ថភូមិច្រប់ ស្ថិតក្នុងឃុំក្បាលរមាស ស្រុកសេសាន ខេត្តស្ទឹងត្រែង ។

ជនរងគ្រោះមានឈ្មោះ យេន ផាត ភេទប្រុស អាយុ៥៥ឆ្នាំ មុខរបរកសិករ រស់នៅភូមិច្រប់ ឃុំក្បាលរមាស ស្រុកសេសាន ខេត្តស្ទឹងត្រែង ។ ជនរងគ្រោះជិះម៉ូតូម៉ាកឌ្រីមសង់ គ្មានស្លាកលេខ ទិសដៅពីកើតទៅលិច ស្របជាមួយរថយន្ត ។ រីឯរថយន្តបង្កម៉ាកស៊ាំយ៉ុង ដឹកអ្នកដំណើរ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2S 9715 ។ ក្រោយគ្រោះថ្នាក់ចរាចរ ម្ចាស់រថយន្តបានរត់គេចខ្លួនបាត់ស្រម៉ោល ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះបានជិះម៉ូតូ ពីភូមិច្រប់មកផ្ទះ ក្នុងភូមិកើតហេតុ ឯរថយន្តស៊ាំយ៉ុងបើកពីក្រោយ ក្នុងទិសដៅស្របគ្នា ហើយជនរងគ្រោះបត់ម៉ូតូបំណងចូលផ្ទះ មិនបានមើលឆ្វេងស្តាំ និងមិនបានបើកភ្លើងស៊ីញ៉ូផងនោះ ក៏ត្រូវបានរថយន្តបុកពីក្រោយ បណ្តាលឲ្យស្លាប់ភ្លាមៗតែម្តង ។ គ្រានោះសមត្ថកិច្ចជំនាញចរាចរ ក៏បានចុះទៅវាស់វែង និងបាននាំយកទាំងរថយន្តបង្ក និងម៉ូតូរងគ្រោះ មកកាន់ការិយាល័យចរាចរណ៍ នៃស្នងការដ្ឋាននគរបាលខេត្ត ដើម្បីចាត់ការទៅតាមផ្លូវច្បាប់។ រីឯសពជនរងគ្រោះ ក៏ត្រូវបានសាច់ញាតិ ចាត់ចែងធ្វើបុណ្យតាមប្រពៃណី ។

សូមរំលឹកថា អត្រានៃការគ្រោះថ្នាក់ចរាចរសព្វថ្ងៃនេះ កើតឡើងបណ្តាលមកពីការបើកបររថយន្ត ឬក៏អ្នកជិៈម៉ូតូ មានការធ្វេសប្រហែស ជាពិសេសទៅទៀតនោះ អ្នកជិៈម៉ូតូភាគច្រើន មិនបានជ្រាបនូវច្បាប់ចរាចរណ៍ ក៏ដូចជាមិនគោរពច្បាប់ចរាចរណ៍ជាដើម ៕

រថយន្តស៊ាំយ៉ុង បុកបុរស វ័យចំណាស់ម្នាក់ ស្លាប់ភ្លាមៗ នៅភូមិច្រប់