NGO គាំទ្រ​ចំណាត់​ការ​ក្រសួង​មហា​ផ្ទៃ លើ​បញ្ហា​ប្រ​មូល​ព័ត៌មាន​ពីជួល​ដី ឲ្យពលរដ្ឋ​ប្រទេស​ជិតខាង

ភ្នំពេញ៖ អង្គការសង្គមស៊ីវិល (NGO) បានសម្តែងការគាំទ្របទបញ្ជារបស់ក្រសួងមហាផ្ទៃ ដែលបានបញ្ជាឲ្យអភិបាលខេត្តនានា នៅជាប់បន្ទាត់ព្រំដែនទាំងអស់ ត្រូវផ្តល់ព័ត៌មានទៅដល់ប្រជាពលរដ្ឋ ដែលបានជួលដីឲ្យពលរដ្ឋប្រទេសជិតខាង សម្រាប់បង្កបង្កើនផលដំណាំផ្សេងៗ ត្រូវធ្វើឯកសារលិខិតស្នាម ឲ្យបានត្រឹមត្រូវមុន នឹងជួលឲ្យទៅគេនោះ។

ថ្លែងប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល តាមទូរស័ព្ទនៅរសៀលថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៥ មន្ត្រីជាន់ខ្ពស់នៃអង្គការលីកាដូ លោក អំ សំអាត បានលើកឡើងថា វាជាការត្រឹមត្រូវដែលក្រសួងបានឲ្យអាជ្ញាធរផ្តល់នូវព័ត៌មានដូចនេះដល់ប្រជាពលរដ្ឋ ព្រោះថា បើពេលមានអាជ្ញាធរដឹងលឺថាដីទាំងអស់នោះ ជាដីរបស់ប្រជាពលរដ្ឋខ្មែរមែន គឺបានជៀសវាងនៅនូវទំនាស់ដីធ្លី ជាពិសេស បញ្ហានឹងព្រំដែនតែម្តង។

លោក បានបន្តថា “ការជួលដីទៅឲ្យបរទេសនេះ បើនិយាយពីផលល្អ គឺមិនសូវជាល្អទេ ពីព្រោះប្រជាពលរដ្ឋគួរតែបង្កបង្កើនផលដោយខ្លួនឯងទៅលើដីស្រែចំការហ្នឹង បើមិនចឹងទេយើងអាចជួលទៅឲ្យប្រជាពលរដ្ឋកម្ពុជាខ្លួនឯង ដែលគាត់ខ្វះដីធ្វើស្រែ ធ្វើចំការនេះជាការល្អ។ នេះយើងមិនមែនជាការរើសអើងជាតិសាសន៍ ឬបរទេសទេ ក៏ប៉ុន្តែ ការជួលទៅឲ្យបរទេសណាមួយធ្វើយើងត្រូវមានលិខិតស្នាមត្រឹមត្រូវ ពិសេស មានការបញ្ជាក់ពីអាជ្ញាធរនៃប្រទេសទាំងពីរផង”។

អ្នកស្រី ចក់ សុភាព ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) បានលើកឡើងថា ជាការពិតរាល់ការជួល ឬលក់ដូរត្រូវតែធ្វើទៅតាមនីតិវិធីហើយ តាមពិតវាមិនគួរមានការភ្ញាក់ផ្អើចំពោះការចេញវិធានការណ៍បែបនេះទេ វាជានីតិវិធីដែលអាជ្ញាធរគួរតែបានធ្វើតាំងពីដើមទី បើមិនបានធ្វើគឺជាកំហុសឆ្គងមួយរបស់នីតិវិធីរដ្ឋបាល និងជាចន្លោះប្រហោរដែលក្រសួងមិនបានតាមដានឲ្យបានដិតដល់។ លោកស្រីថា “ខ្ញុំគិតថា យើងធ្វើតាមនីតិវិធីត្រឹមត្រូវ គឺជាការប្រសើរ ហើយគួរតែបានធ្វើវាឲ្យបានដិតដល់ មិនគួរឲ្យមានចន្លោះប្រហោងនោះទេ”។

សូមបញ្ជាក់ថា ក្នុងលិខិតក្រសួងមហាផ្ទៃ ចុះថ្ងៃទី១៩តុលា បានឲ្យដឹងថា មានប្រជាពលរដ្ឋ កម្ពុជានៅតាមបន្ទាត់ព្រំដែនមួយចំនួន បានជួលដីស្រែ ដីចម្ការ ឬដីលំនៅដ្ឋានទៅឲ្យប្រជាពលរដ្ឋប្រទេសជិតខាង ដើម្បីបង្កបង្កើនផល ដាំដុះដំណាំឬប្រកបអាជីវកម្មផ្សេងៗរដ្ឋ នៃប្រទេសជិតខាង ដើម្បីបង្កបង្កើនផលដាំដុះដំណាំ ឬប្រកបអាជីវកម្មផ្សេងៗ ។ល។ ដែលចាំបាច់ត្រូវបានឯកសារគតិយុត្តិឱ្យបានត្រឹមត្រូវ ចៀសវាងនូវផលប៉ះពាល់ណាមួយកើតឡើងជាយថាហេតុ និងស្នើអភិបាលខេត្តជាប់ព្រំដែនជាមួយប្រទេសក្បែរត្រូវបានប្រមូលព័ត៌មានឱ្យបានគ្រប់ជ្រុងជ្រោយផងដែរ៕