ជនជាតិ​វៀតណាម ដែល​រស់នៅ​ស្របច្បាប់​នៅ​កម្ពុជា នឹង​ទទួលបាន​សិទ្ធិ​ដូច​ជនបរទេស​ផ្សេងៗ​ទៀត​

ភ្នំពេញ: ​ជនជាតិ​វៀតណាម ដែល​រស់នៅ​ស្របច្បាប់​នៅ​កម្ពុជា នឹង​ទទួលបាន​សិទ្ធិ​ដូច​ជនបរទេស​ផ្សេងៗ​ទៀត ស្របទៅតាម​ច្បាប់ និង​បទ​ប្បញ្ញត្តិ​របស់​កម្ពុជា​។ នេះ​បើតាម​ការឯកភាពរ​វា​ង​រដ្ឋមន្ត្រីការបរទេស​កម្ពុជា និង​រដ្ឋមន្ត្រីការបរទេស​វៀតណាម​។

​រដ្ឋមន្ត្រីការបរទេស​ទាំងពីរ បាន​បើក​កិច្ចប្រជុំ​គណៈកម្មការ​ចំរុះ​ស្តីពី​កិច្ច​សហប្រតិបត្តិ​ការ​​សេដ្ឋកិច្ច វប្បធម៌ វិទ្យាសាស្ត្រ និង​បច្ចេកទេស​កម្ពុជា​-​វៀតណាម លើក​ទី​១៤ បាន​ប្រព្រឹត្តទៅ នៅ​ថ្ងៃទី​១៨-១៩ ខែតុលា ឆ្នាំ​២០១៥ នៅ​ទីក្រុង​ហូជីមិញ សាធារណៈរដ្ឋ​សង្គមនិយម​វៀតណាម​។​

​ក្នុង​កិច្ចប្រជុំ​នោះ លោក ហោ ណាំហុង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស​កម្ពុ​ចា និង​លោក ហ្វា​ម ប៊ិ​ញ​មិញ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស​វៀតណាម ក៏បាន​សម្រេច​លើ​បញ្ហាសំខាន់ៗ​មួយចំនួនទៀត មាន​ជាអាទិ៍​៖ អប់រំ និង​បណ្តុះបណ្តាល ដោយ​សម្រាប់​ឆ្នាំ​២០១៥ វៀតណាម​ផ្តល់​អាហារូបករណ៍ សរុប​ចំនួន ១.០៤៥ នាក់ សម្រាប់​មន្ត្រី និង​និស្សិត​កម្ពុជា តាម​មុខជំនាញ​ផ្សេងៗ​។ ក្នុងនោះ កម្ពុជា​ផ្តល់​អាហារូបករណ៍​សរុប​ចំនួន ៣៥ នាក់ សម្រាប់​មន្ត្រី និង​និស្សិត​វៀតណាម​។

​លើ​បញ្ហា​ព្រំដែន ប្រមុខ​ការទូត​ទាំងពីរ ក៏បាន​សម្រេច​ប្រគល់​ភារកិច្ច​ឲ្យ​គណៈកម្មការ​ចំរុះ​កិច្ចការ​ព្រំដែន​នៃ​ប្រទេស​ទាំងពីរ បញ្ចប់​ការងារ​ខណ្ឌសីមា និង​បោះបង្គោល​ឲ្យ​បាន​ឆាប់ តាម​ដែល​អាចធ្វើ​ទៅបាន​។ ភាគី​ទាំងពីរ ក៏​ឯកភាព​គោរព​ទាំងស្រុង​តាម​ចំណុច​ទី​៨ នៃ​សេចក្តីប្រកាស​ព័ត៌មាន​រួម ចុះ​ថ្ងៃទី​១៧ ខែមករា ឆ្នាំ​១៩៩៥ ដែល​បាន​កំណត់ថា ភាគី​ទាំងពីរ ឯកភាព​មិន​ធ្វើ​អ្វី​ប៉ះពាល់​ដល់​សភាពការណ៍​នៅតាម​តំបន់​ព្រំដែន ដែល​មិនទាន់បាន​បោះបង្គោល​ខណ្ឌ​ព្រំដែន​សីមា​។​

​ជាមួយគ្នា​នោះ រដ្ឋមន្ត្រីការបរទេស​កម្ពុជា និង​វៀតណាម ក៏បាន​សម្រេច​ថា បន្ទាប់ពី​ការបញ្ចប់​ការងារ​ខណ្ឌសីមា និង​បោះបង្គោល​ព្រំដែន​គោក​រួច ភាគី​ទាំងពីរ​នឹង​ពិភាក្សា​អំពី​ការកំណត់​ព្រំដែន​សមុទ្រ​រវាង​ប្រទេស​ទាំងពីរ​។ ភាគី​ទាំងពីរ ក៏បាន​ឯកភាព​ធ្វើការ​ណែនាំ​ខេត្ត​ជាប់​ព្រំដែន ឲ្យ​រក្សា​កិច្ចសហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​គណៈកម្មការ​ចំរុះ​កិច្ចការ​ព្រំដែន ក្នុងការ​អនុវត្ត​កិច្ចព្រមព្រៀង ដែល​ភាគី​ទាំងពីរ បាន​ចុះហត្ថលេខា​អំពី​បញ្ហា​ព្រំដែន​។​

​ក្នុង​កិច្ចប្រជុំ​រយៈពេល​ពីរ​ថ្ងៃនោះ រដ្ឋមន្ត្រីការបរទេស​កម្ពុជា និង​វៀតណាម ក៏បាន​ឯកភាព​លើ​កិច្ចសហប្រតិបត្តិការ​អនុតំបន់​ទន្លេមេគង្គ បញ្ហា​ជនជាតិភាគតិច​រៀ​ត​ណា​ម ម៉ុង​តា​ញ៉ា ពាណិជ្ជកម្ម និង​វិនិយោគទុន ព្រមទាំង​បញ្ហា​កសិកម្ម និង​ព្រៃឈើ​។​

​នៅពេល​បញ្ចប់​កិច្ចប្រជុំ​នោះ រដ្ឋមន្ត្រីការបរទេស ក៏បាន​ចុះហត្ថលេខា​លើ​កំណត់ហេតុ​នៃ​កិច្ចប្រជុំ ដែលជា "​ផែនទី​បង្ហាញផ្លូវ​" សំរាប់​ឲ្យ​ក្រសួង ស្ថាប័ន​ជំនាញ​នៃ​ប្រទេស​ទាំងពីរ អនុវត្ត​ឲ្យ​បាន​ព​ញ​លេញ​៕​

ជនជាតិ​វៀតណាម ដែល​រស់នៅ​ស្របច្បាប់​នៅ​កម្ពុជា នឹង​ទទួលបាន​សិទ្ធិ​ដូច​ជនបរទេស​ផ្សេងៗ​ទៀត​

ជនជាតិ​វៀតណាម ដែល​រស់នៅ​ស្របច្បាប់​នៅ​កម្ពុជា នឹង​ទទួលបាន​សិទ្ធិ​ដូច​ជនបរទេស​ផ្សេងៗ​ទៀត​

ជនជាតិ​វៀតណាម ដែល​រស់នៅ​ស្របច្បាប់​នៅ​កម្ពុជា នឹង​ទទួលបាន​សិទ្ធិ​ដូច​ជនបរទេស​ផ្សេងៗ​ទៀត​