ឆ្មក់​បង្ក្រាប​ស្រះ​ចិញ្ចឹម​ត្រី​ឆ្ដោ​ខុសច្បាប់​៤​ស្រះ​នៅ​សង្កាត់​សៀមរាប

ខេត្តសៀមរាប ៖ សមត្ថកិច្ច​ចម្រុះ​ខេត្តសៀមរាប​បាន​ចុះ​ធ្វើការ​បង្ក្រាប​ទីតាំង​ស្រះ​ចិញ្ចឹម​ត្រី​ឆ្ដោ​ចំនួន​៤​ស្រះ​នៅ​ភូមិ​ភ្នំ​ក្រោម និង​ភូមិ​អារញ្ញ សង្កាត់​សៀមរាប ក្រុង​សៀមរាប ដែល​ហេតុការណ៍​ចុះ​បង្ក្រាប​នេះ​ធ្វើ​ឡើង​ពេញ​១​ទី​១៩ តុលា ២០១៥ ។

លោក ព្រិ​ន្ទ សា​វិ​ន នាយ​ខ័​ណ្ឌ​រដ្ឋបាល​ជលផល​ខេត្ត​បានឱ្យ​ដឹង​ថា កន្លង​មក​ទីតាំង​ស្រះ​ចិញ្ចឹម​ត្រី​ឆ្តោ​នេះ​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ចម្រុះ​បាន​ធ្វើការ​បង្ក្រាប​ម្តង​រួច​មក​ហើយ តែ​ពួក​គាត់​មិន​រាងចាល​ឡើយ ក៏​បាន​លួច​ចិញ្ចឹម​ម្តងទៀត ។ លោក​បន្ត​ថា ប្រតិបត្តិការ​បង្ក្រាប​នៅ​ថ្ងៃនេះ​ត្រូវ​បាន​សមត្ថកិច្ច​ជំនាញ​ហៅ​ម្ចាស់​ទីតាំង​ចិញ្ចឹម​ត្រី​ឆ្តោ​៣​នាក់​មក​សួរនាំ ដើម្បី​ឱ្យធ្វើ​កិច្ចសន្យា​នៅ​មុខ​សមត្ថកិច្ច​ឈប់​លួច​ចិញ្ចឹម​ត្រី​ចាប់ពី​ថ្ងៃនេះ​តទៅ ។

លោក​វរសេនីយ៍ឯក ស្រី យូ​រ៉ា មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​ខេត្ត​បាន​ប្រាប់​«​កោះសន្តិភាព​»​នៅ​រសៀល​ថ្ងៃ​ទី​២០ តុលា ថា ក្រោយ​ពេល​ចុះ​បង្ក្រាប​ទីតាំង​ចិញ្ចឹម​ត្រី​ទាំងនេះ កម្លាំង​ជំនាញ​បានឱ្យ​ម្ចាស់​​ទី​តាំង​លួច​ចិញ្ចឹម​ត្រី​ឆ្ដោ​ធ្វើ​កិច្ចសន្យា​ឈប់​លួច​ចិញ្ចឹម​ត្រី​ឆ្ដោ​តទៅ​ទៀត តែបើ​ថ្ងៃក្រោយ​នៅ​តែ​បន្ត​លួច​ចិញ្ចឹម​ត្រី​ឆ្តោ​ទៀត កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​នឹង​សុំ​គោលការណ៍​ពី​តំណាង​អយ្យការ ដើម្បី​នាំ​ខ្លួន​អ្នក​ចិញ្ចឹម​ត្រី​ទាំងនេះ​យក​មក​ផ្តន្ទាទោស​តាម​ច្បាប់ ។ លោក​បញ្ជាក់​ទៀត​ថា ក្នុង​ប្រតិបត្តិការ​នេះ កម្លាំង​ជំនាញ​បាន​យក​កូន​ត្រី​ឆ្តោ​ខុសច្បាប់​ទាំង​៤​ស្រះ​ដែល​មាន​ប្រមាណ​ជា​៣​ម៉ឺន​ក្បាល​យក​ទៅ​កំទេច​ចោល ។ ហើយ​ម្ចាស់​ដែល​ចិញ្ចឹម​ត្រី​ឆ្តោ​ដែល​កម្លាំង​ជំនាញ​ហៅ​មក​ធ្វើ​កិច្ចសន្យា​នោះ​មាន​បី​នាក់ ទី​១-​ឈ្មោះ សាំង សំអាត ភេទ​ស្រី មាន​ទីតាំង​ចិញ្ចឹម​កូន​ត្រី​ឆ្ដោ​នៅ​ភូមិ​ភ្នំ​ក្រោម​, ទី​២-​ឈ្មោះ ទ្រី ជី ភេទ​ប្រុស និង​ទី​៣-​ឈ្មោះ តូ យ៉ាង​ធឹង ភេទ​ប្រុស មាន​ទីតាំង​ចិញ្ចឹម​កូន​ត្រី​ឆ្ដោ​នៅ​ភូមិ​អារញ្ញ​ សង្កាត់​សៀមរាប ក្រុង​សៀមរាប ។

គួរ​បញ្ជាក់​ផង​ដែរ​ថា ទីតាំង​ចិញ្ចឹម​កូន​ត្រី​ឆ្តោ​ទាំង​៤​ស្រះ​នេះ គឺ​ត្រូវ​បាន​កម្លាំង​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​សហការ​ជាមួយ​មន្ត្រី​ជលផល និង​ដឹកនាំ​សម្របសម្រួល​ដោយ​លោក សំ​រិ​ទ្ធ សុ​ខុន ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្ត ចុះ​បង្ក្រាប​ម្តង​រួច​មក​ហើយ​កាលពី​ថ្ងៃ​ទី​៤ មិថុនា ២០១៥​កន្លង​ទៅ ដោយ​បាន​ធ្វើការ​រឹបអូស​បានកូន​ត្រី​ឆ្ដោ​ប្រមាណ​ជាង​១​ម៉ឺន​ក្បាល​ប្រគល់​ឱ្យ​មន្ត្រី​ជលផល​យក​ទៅ​ព្រ​លែង​នៅ​បឹង​ធម្មជាតិ​វិញ ៕