អាជីវករ​ផ្សា​រលើ​ក្រុង​កំពង់ឆ្នាំង​ផ្ទុះ​ការ​តវ៉ា​រឿង​វាស់ដី​ឱ្យ​តូច​ពេក សង្ស័យ​«​ត្រីងៀត​ឆ្លៀត​ពង»

ខេត្តកំពង់ឆ្នាំង ៖ ក្រុម​អាជីវករ​ផ្សា​រលើ ក្រុង​កំពង់ឆ្នាំង បាន​ផ្ទុះ​ការ​តវ៉ា​កាលពី​ល្ងាច​ថ្ងៃ​ទី​២០ តុលា ២០១៥​នេះ បន្ទាប់​ពី​​គណៈកម្មការ​របស់​ខេត្ត​បាន​វាស់ដី​បែងចែក​ឱ្យ​លក់ដូរ​នៅ​សងខាង​ផ្សា​រលើ ដែល​ការ​តវ៉ា​នេះ​ដោយសារ​តែ​ការ​វាស់វែង​ឱ្យ​អាជីវករ​លក់ដូរ​នោះ​មាន​ទំហំ​តូច​ពេក មិន​អាច​ធ្វើការ​លក់ដូរ​កើត ។

ក្រុម​អាជីវករ​បាន​លើក​ឡើង​ថា ទំហំ​ដី​ដែល​វាស់​ឱ្យ​ពួក​គាត់​ជា​អាជីវករ​នោះ​មាន​ទំហំ​ត្រឹមតែ​១,៣០​ម៉ែត្រគុណ​និង​១,៧០​ម៉ែត្រ​ប៉ុណ្ណោះ ពួក​គាត់​មិន​អាច​លក់ដូរ​បាន​ឡើយ ពួក​គាត់​សំណូមពរ​ឱ្យ​វាស់​ទំហំ​២​ម៉ែត្រ​គុណ​និង​២​ម៉ែត្រ ទើប​ពួក​គាត់​សុខចិត្ត និង​ម្យ៉ាងវិញទៀត​សុំ​លក់​នៅ​កន្លែង​ដដែល​វិញ ដោយ​មិន​ព្រមឱ្យ​ចាប់ឆ្នោត​តាម​ការ​កំណត់​របស់​គណៈកម្មការ​ឡើយ ។

ជុំវិញ​បញ្ហា​នេះ លោក ស៊ុន សុវណ្ណ​រិ​ទ្ឋ អភិបាលរង​ខេត្ត បាន​ទៅ​សម្របសម្រួល ដោយ​បាន​បញ្ជាក់​ថា ការ​វាស់វែង​នេះ​គ្រាន់តែ​ជា​បណ្តោះអាសន្ន​ទេ បងប្អូន​នៅ​កន្លែង​ណា​លក់​នៅ​កន្លែង​នោះ​សិន​ចុះ តែ​សុំ​ឱ្យ​គណៈកម្មការ​បន្ត​ការ​វាស់វែង​បន្ត​ទៀត និង​សុំ​យក​សំណូមពរ​បងប្អូន​ទៅ​ពិភាក្សា និង​ឆ្លង​យោបល់​លោក​អភិបាលខេត្ត​បន្ត​ទៀត ។

ក្រុម​អាជីវករ​បាន​លើក​ឡើង​ទៀត​ថា មូលហេតុ​ដែល​គណៈកម្មការ​រៀប​ចំ​ចុះ​វាស់ដី​ឱ្យ​លក់ដូរ​តូច ដើម្បី​បាន​បរិមាណ​កន្លែង​ច្រើន ព្រោះតែ​មាន​អាជីវករ​ថ្មី​ជាង​ពាក់កណ្តាល​បាន​មក​ដណ្តើម និង​ចុះ​ឈ្មោះ​យក​កន្លែង​លក់ដូរ​ដែរ កត្តា​នាំ​ឱ្យ​មាន​ភាព​ចម្រូងចម្រាស់​បែប​នេះដោយសារ​តែ​ករណី​នេះឯង ពួក​គាត់​ថា សង្ស័យ​ដើម្បី​លាភសក្ការៈ ឆ្លៀត​ឱកាស​រក​លុយ​ដាក់​ហោ​យ​ប៉ៅ​ខ្លួនឯង​ដូច​ពាក្យ​ចាស់​លោក​ពោល​ថា «ត្រីងៀត​ឆ្លៀត​ពង» ហើយ​មើលទៅ ៕