ប្រធាន​គណបក្ស​អំណាច​ខ្មែរ​ចាត់​ទុក​លោក ហ៊ុន សែន ជា​ឈ្មួញ​សង្គ្រាម

ប្រធាន​គណបក្ស​អំណាច​ខ្មែរ ប្រតិកម្ម​ចំពោះ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​ថា​នឹង​មាន​សង្គ្រាម ប្រសិន​បើ​គណបក្ស​ដទៃ​ឈ្នះ​ឆ្នោត​នោះ គឺ​ជា​សារ​គំរាម​កំហែង​ស្មារតី​ប្រជាពលរដ្ឋ និង​អ្នក​វិនិយោគ​បរទេស។ ចំណែក​អ្នក​វិភាគ​សង្គម ក៏​ព្រួយ​បារម្ភ​ចំពោះ​សារ​នយោបាយ​នេះ​ដែរ និង​យល់​ឃើញ​ថា មេ​ដឹក​នាំ​ដែល​ចូល​ចិត្ត​គំរាម​បែប​នេះ អាច​នាំ​ឲ្យ​គ្រោះថ្នាក់​ដល់​ប្រទេស​ជាតិ។

ការ​បញ្ចេញ​សារ​នយោបាយ​ម្តង​ហើយ​ម្តង​ទៀត​របស់​មេ​ដឹក​នាំ​បក្ស​កាន់​អំណាច ពី​រឿង​ផ្ទុះ​សង្គ្រាម​នេះ ត្រូវ​បាន​អ្នក​នយោបាយ និង​អ្នក​វិភាគ​សង្គម បាន​បញ្ចេញ​ប្រតិកម្ម​ជា​បន្តបន្ទាប់។

ប្រធាន​គណបក្ស​អំណាច​ខ្មែរ លោក សួន សេរីរដ្ឋា បាន​ចាត់​ទុក​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថា​ជា​ឈ្មួញ​សង្គ្រាម ព្រោះ​លោក​មើល​ឃើញ​ថា មេ​ដឹក​នាំ​រូប​នេះ តែង​តែ​លើក​ពី​បញ្ហា​សង្គ្រាម​ដើម្បី​បំភ័យ​សតិ​អារម្មណ៍​របស់​ប្រជាពលរដ្ឋ និង​ប្រមាថ​ដល់​អាយុ​ជីវិត​ប្រទេស​ជាតិ។ លោក​បន្ថែម​ថា មេ​ដឹក​នាំ​នយោបាយ​ឈ្មួញ​សង្គ្រាម គឺ​មិន​ចេះ​ធ្វើ​អ្វី​ក្រៅ​ពី​សង្គ្រាម​ឡើយ ដើម្បី​អាច​ការពារ​អំណាច​របស់​ខ្លួន​នោះ​ទេ៖ «»។

ការ​បញ្ចេញ​ប្រតិកម្ម​ខ្លាំងៗ​នេះ គឺ​នៅ​បន្ទាប់​ពី​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​នៅ​ចំពោះ​មុខ​និស្សិត សាស្ត្រាចារ្យ និង​មន្ត្រី​រាជការ​ក្នុង​សាល​នៃ​វិទ្យាស្ថាន​ជាតិ​អប់រំ កាល​ពី​ថ្ងៃ​ទី​១៩ តុលា ថា សង្គ្រាម​ប្រាកដ​ជា​នឹង​កើត​ឡើង​ច្បាស់​ណាស់ នៅ​ពេល​គណបក្ស​សង្គ្រោះ​ជាតិ ឈ្នះ​ឆ្នោត។

ទន្ទឹម​គ្នា​នេះ លោក សួន សេរីរដ្ឋា យល់​ថា សារ​នយោបាយ​ស្ដីពី​សង្គ្រាម​របស់​មេ​ដឹក​នាំ​បច្ចុប្បន្ន​នេះ នាំ​ឲ្យ​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​កម្ពុជា ព្រោះ​ថា អ្នក​វិនិយោគ​សុចរិត នឹង​ឈប់​សម្លឹង​ឃើញ​កម្ពុជា ក្នុង​ក្រសែ​ភ្នែក​របស់​ពួក​គេ៖ «»។

ហ៊ុន សែន ៦១០
អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​បេក្ខជន​នាយករដ្ឋមន្ត្រី​សម្រាប់​នីតិកាល​ទី​៥។ RFA

ថ្លែង​ការពារ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នោះ គឺ​អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន មាន​ប្រសាសន៍​ថា ដោយសារ​កន្លង​មក គណបក្ស​ប្រឆាំង​នានា ពិសេស​គណបក្ស​សង្គ្រោះ​ជាតិ តែង​តែ​ចាត់​ទុក​អ្នក​មាន និង​អ្នក​វិនិយោគិន​ទាំងអស់​ជា​ជន​ទុច្ចរិត ហើយ​ថែម​ទាំង​ចង់​បង្កើត​តុលាការ​ឯករាជ្យ ដើម្បី​កាត់​ទោស​អ្នក​ទាំងអស់​នោះ​ផង។ ការ​ព្រួយ​បារម្ភ​ជាង​នេះ​ទៅ​ទៀត គឺ​គណបក្ស​ជំទាស់ ក៏​បង្ហាញ​ជំហរ​ជាតិ​និយម​ចង្អៀតចង្អល់​ជាមួយ​ប្រទេស​ជិត​ខាង​ដែរ៖ «»។

ផ្ទុយ​ពី​ការ​លើក​ឡើង​នេះ ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា បញ្ជាក់​តាម​រយៈ​ទំព័រ​ហ្វេសប៊ុក (facebook) របស់​ខ្លួន​ថា បើ​គណបក្ស​សង្គ្រោះ​ជាតិ ឈ្នះ​ឆ្នោត គឺ​មិន​មាន​សង្គ្រាម​ជា​ដាច់ខាត ព្រោះ​គណបក្ស​នេះ មិន​យក​ខ្មែរ​ណា​ជា​សត្រូវ​ឡើយ ហើយ​នឹង​កែ​ទម្រង់​ប្រព័ន្ធ​តុលាការ​ឲ្យ​ឯករាជ្យ ដើម្បី​នាំ​មក​នូវ​នីតិរដ្ឋ យុត្តិធម៌​សង្គម ស្ថិរភាព និង​សន្តិភាព និង​ធ្វើ​យ៉ាង​ណា​មិន​ឲ្យ​កម្ពុជា គ្មាន​សង្គ្រាម​ផ្ទៃ​ក្នុង​ឡើយ។

ចំពោះ​សារ​នយោបាយ​របស់ លោក ហ៊ុន សែន នេះ ក៏​ត្រូវ​បាន​អ្នក​តាម​ដាន​ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា មើល​ឃើញ​ថា គឺ​ជា​គ្រោះថ្នាក់​ដល់​សេដ្ឋកិច្ច និង​ប្រទេស​ជាតិ​ដែរ។

ទាក់ទង​ករណី​នេះ​ដែរ នាយក​វេទិកា​អនាគត លោក អ៊ូ វីរៈ មាន​ប្រសាសន៍​ថា អ្វី​ដែល លោក ហ៊ុន សែន លើក​ឡើង​នោះ គឺ​ជា​ការ​សារភាព​មួយ​ដែល​បង្ហាញ​ថា ការ​គ្រប់គ្រង​អំណាច​រយៈពេល ៣០​ឆ្នាំ​របស់​លោក នៅ​មិន​ទាន់​ជោគជ័យ​ក្នុង​ការ​រៀបចំ​ស្ថាប័ន​សំខាន់ៗ ដើម្បី​ធានា​ស្ថិរភាព និង​សន្តិភាព​នៅ​ក្នុង​សង្គម​កម្ពុជា នៅ​ឡើយ៖ «»។

អ្នក​នយោបាយ និង​អ្នក​វិភាគ ក៏​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​កម្ពុជា កុំ​ខ្លាច​ចំពោះ​ការ​គំរាម​កំហែង​របស់​មេ​ដឹក​នាំ​ឈ្មួញ​សង្គ្រាម ពីព្រោះ​ថា ការ​ប្រើ​អំណាច​គំរាម​កំហែង​នៅ​សម័យ​នេះ គឺ​ហួស​ពេល​ទៅ​ហើយ។ ហួស​ពេល​ព្រោះ​ថា ប្រទេស​ខ្មែរ​មិន​អាច​ជន​ណា​ម្នាក់ ឬ​អ្នក​ដឹក​នាំ​ណា​ម្នាក់ បិទ​ទ្វារ​សម្លាប់​រង្គាល​ដូច​ក្នុង​របប​ខ្មែរ​ក្រហម​នោះ​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។