ពលរដ្ឋ​រស់នៅ​ក្នុង​បរិវេណ​ព្រះរាជ​ដំណាក់​ខេត្ត​កោះកុង​បារម្ភ​គ្មាន​ដី​សង់​លំនៅឋាន

មន្ត្រី​រាជការ និង​ប្រជាពលរដ្ឋ​មាន​លំនៅឋាន​នៅ​ក្នុង​បរិវេណ​ព្រះរាជ​ដំណាក់​ខេត្ត​កោះកុង ដែល​បន្សល់​ទុក​តាំង​ពី​សម័យ​សង្គម​រាស្ត្រ​និយម​មក​នោះ បង្ហាញ​ក្តី​ព្រួយ​​​បារម្ភ​គ្មាន​ដី​សង់​លំនៅឋាន បន្ទាប់​ពី​ទីតាំង​នេះ​ត្រូវ​ព្រះមហាក្សត្រ​ព្រះរាជទាន​ជូន​ស្ថាបនិក​មន្ទីរពេទ្យ​គន្ធបុប្ផា នា​ពេល​ថ្មីៗ​នេះ។

​បញ្ហា​នេះ មន្ត្រី​សង្គម​ស៊ីវិល​ខេត្ត​កោះកុង បាន​ស្នើ​ដល់​អាជ្ញាធរ​ខេត្ត​នេះ ផ្តល់​ដី​សម្បទាន​សង្គមកិច្ច​ជូន​ពលរដ្ឋ​ធ្លាប់​​​រស់នៅ​ក្នុង​បរិវេណ​ព្រះរាជ​ដំណាក់ ដើម្បី​សង់​លំនៅឋាន​មុន​ពេល​​តម្រូវ​ឲ្យ​ពួក​គាត់​ចាក​ចេញ​ពី​ទីតាំង​កំពុង​​រស់នៅ​នេះ។

​ប្រជាពលរដ្ឋ មន្ត្រី​រាជការ​ដែល​មាន​ផ្ទះ​នៅ​ក្នុង​បរិវេណ​ព្រះរាជ​ដំណាក់​របស់​ព្រះករុណា​សម្ដេច នរោត្តម សីហនុ ព្រះ​មហា​វីរ​ក្សត្រ ព្រះ​បរម​រតន​កោដ្ឋ នៅ​ខេត្ត​កោះកុង មិន​ជំទាស់​ទៅ​នឹង​ការ​ព្រះរាជទាន​ព្រះរាជ​ដំណាក់​ជូន​មន្ទីរពេទ្យ​គន្ធបុប្ផា នោះ​ទេ តែ​ពួក​គាត់​សុំ​ឲ្យ​រដ្ឋាភិបាល ផ្ដល់​ទីតាំង​ថ្មី​ជូន​ពួក​គាត់។

ក្រុម​ប្រជាពលរដ្ឋ​បាន​អះអាង​ថា ពួក​គាត់​បាន​មក​រស់នៅ​ក្នុង​បរិវេណ​ទីតាំង​ព្រះរាជ​ដំណាក់​តាំង​ពី​ឆ្នាំ​២០០០ ហើយ​គ្មាន​ដី​សម្រាប់​សង់​លំនៅឋាន​នោះ​ទេ បើ​អាជ្ញាធរ​តម្រូវ​ឲ្យ​ពួក​គាត់​រុះរើ​លំនៅឋាន​ទៅ​កាន់​ទីតាំង​ផ្សេង​នោះ។ ប្រជាពលរដ្ឋ ស្នើ​ឲ្យ​រដ្ឋាភិបាល​ជួយ​ផ្តល់​ដី​សម្បទាន​សង្គមកិច្ច​ជូន​ពួក​គាត់ ដើម្បី​សង់​លំនៅឋាន មុន​នឹង​តម្រូវ​​ឲ្យ​ពួក​គាត់​រុះរើ​ផ្ទះ​ចេញ​ពី​ទីតាំង​នេះ៖ «ខ្ញុំ​ជា​មន្ត្រី​រាជការ ហើយ​មាន​ប្រាក់​ខែ​ចាយ​មិន​គ្រប់គ្រាន់​ទេ​រាល់​ថ្ងៃ​នេះ ហើយ​សព្វថ្ងៃ ខ្ញុំ​ខំ​ប្រឹង​រក​មុខ​របរ​រត់​ម៉ូតូ​ឌុប ដើម្បី​រក​ប្រាក់​ដើម្បី​ចិញ្ចឹម​គ្រួសារ។ បើ​ឲ្យ​ពួក​ខ្ញុំ​រុះរើ​ផ្ទះ​ចេញ​ពី​បរិវេណ​ព្រះរាជ​ដំណាក់ ស្នើសុំ​ឲ្យ​អាជ្ញាធរ​ខេត្ត​កោះកុង ជួយ​ផ្តល់​ចំនួន​មួយ​ប្លង់ ដើម្បី​សង់​ផ្ទះ»

ក្រុម​ប្រជាពលរដ្ឋ​ដែល​មក​រស់នៅ​ក្នុង​បរិវេណ​ព្រះរាជ​ដំណាក់​ខេត្ត​កោះកុង ថ្លែង​ថា ពួក​គាត់​មិន​ជំទាស់​នឹង​ការ​រុះរើ​លំនៅឋាន​ចាក​ចេញ​ពី​តំបន់​នេះ​ទេ ប៉ុន្តែ​ពួក​គាត់​ជា​មន្ត្រី​រាជការ​មិន​មាន​ថវិកា​ទិញ​ដី​សង់​ផ្ទះ​នៅ​កន្លែង​ផ្សេង​នោះ​ទេ ប្រសិន​បើ​រដ្ឋាភិបាល​មិន​ផ្ដល់​ដី​សម្បទាន​សង្គមកិច្ច​ជូន​ពួក​គាត់។

ព្រះរាជ​ដំណាក់​ខេត្ត​កោះកុង ៦២០
ព្រះរាជ​ដំណាក់​របស់​ព្រះករុណា​សម្ដេច នរោត្តម សីហនុ ព្រះ​មហា​វីរ​ក្សត្រ ព្រះ​បរម​រតន​កោដ្ឋ នៅ​ខេត្ត​កោះកុង ដែល​ព្រះមហាក្សត្រ ព្រះរាជទាន​ជូន​មន្ទីរពេទ្យ​គន្ធបុប្ផា។ រូបថត​ខែ​តុលា ឆ្នាំ​២០១៥ RFA/Den Ayuthyea

​បញ្ហា​នេះ លោក ញៀប សំអឿន មន្ត្រី​សម្រប​សម្រួល​នៃ​សមាគម​អាដហុក (ADHOC) ខេត្ត​កោះកុង បាន​ឲ្យ​ដឹង​ថា សព្វថ្ងៃ​នេះ​អាច​មាន​ប្រជាពលរដ្ឋ និង​មន្ត្រី​រាជការ​ដែល​កំពុង​រស់នៅ​ក្នុង​បរិវេណ​ដី​ព្រះរាជ​ដំណាក់​ប្រមាណ ៥០​គ្រួសារ។ លោក​ថា ក្នុង​ចំណោម​ពលរដ្ឋ​ទាំង​នោះ កំពុង​ព្រួយ​បារម្ភ​ខ្លាច​គ្មាន​ដី​សង់​ផ្ទះ បន្ទាប់​ពី​ទីតាំង​នេះ​ត្រូវ​ព្រះមហាក្សត្រ និង​សម្ដេច​ម៉ែ ព្រះរាជទាន​ជូន​ស្ថាបនិក​មន្ទីរពេទ្យ​គន្ធបុប្ផា នោះ៖ «ពលរដ្ឋ​រស់នៅ​បរិវេណ​ដី​ព្រះរាជ​ដំណាក់​មាន​ពលរដ្ឋ​ធម្មតា ពិសេស​មន្ត្រី​រាជការ មាន​ប៉ូលិស និង​មន្ត្រី​ស៊ីវិល​ជាដើម ហើយ​ពួក​គាត់​ត្អូញត្អែរ​ថា គ្មាន​ដី​សង់​ផ្ទះ​នៅ​ពេល​ព្រះរាជ​ដំណាក់​នេះ ត្រូវ​ព្រះមហាក្សត្រ​ប្រគល់​ជូន​មន្ទីរពេទ្យ​គន្ធបុប្ផា គ្រប់គ្រង ឬ​ចាត់​ចែង។ សូម​ស្នើ​ដល់​អាជ្ញាធរ​ជួយ​ផ្តល់​ដី​សង្គមកិច្ច ជូន​ពលរដ្ឋ​ធ្លាប់​រស់នៅ​តំបន់​នេះ ដើម្បី​សង់​ផ្ទះ មុន​នឹង​តម្រូវ​ឲ្យ​រុះរើ​នា​ថ្ងៃ​អនាគត»

ទាក់ទិន​បញ្ហា​នេះ លោក ប៊ុន លឺត អភិបាល​ខេត្ត​កោះកុង មាន​ប្រសាសន៍​ថា លោក​មិន​ទាន់​ទទួល​បាន​ព័ត៌មាន ឬ​លិខិត​ស្នាម​ផ្លូវ​ការ​ពី​ព្រះបរមរាជវាំង ឬ​ស្ថាប័ន​ណា​មួយ​អំពី​ព្រះរាជទាន​ព្រះរាជ​ដំណាក់​នេះ ជូន​ស្ថាបនិក​មន្ទីរពេទ្យ​គន្ធបុប្ផា នៅ​ឡើយ​ទេ។ លោក​ទទួល​ស្គាល់​ថា ពិត​ជា​មាន​ពលរដ្ឋ​មួយ​ចំនួន បាន​ចូល​ទៅ​តាំង​ទី​លំនៅ​បណ្ដោះអាសន្ន​ក្នុង​បរិវេណ​ព្រះរាជ​ដំណាក់​​ពិត​មែន ប៉ុន្តែ​បញ្ហា​នេះ អាជ្ញាធរ​អាច​ដោះស្រាយ​បាន ប្រសិន​​​បើ​ទីតាំង​នេះ​ត្រូវ​ព្រះមហាក្សត្រ​ធ្វើ​ព្រះរាជទាន​ជូន​មន្ទីរពេទ្យ​គន្ធបុប្ផា ពិត​ប្រាកដ​មែន​នោះ៖ «ខ្ញុំ​មិន​ទាន់​ទទួល​បាន​ព្រះរាជសារ​ពី​ព្រះបរមរាជវាំង លើ​បញ្ហា​ព្រះមហាក្សត្រ ព្រះរាជទាន​ព្រះរាជ​ដំណាក់​នៅ​ខេត្ត​កោះកុង ទៅ​ឲ្យ​មន្ទីរពេទ្យ​គន្ធបុប្ផា នៅ​ឡើយ​ទេ ហើយ​បរិវេណ​ព្រះរាជ​ដំណាក់​នេះ គឺ​មិន​មាន​ពលរដ្ឋ​មក​តាំង​ទី​លំនៅ​ច្រើន​ទេ គឺ​មាន​តែ​ប៉ូលិស​ដាក់​ឲ្យ​ប្រចាំ​ការ ឬ​មើល​ថែ​ព្រះរាជ​ដំណាក់​នេះ​ប៉ុណ្ណោះ»

​​ព្រះករុណា​ព្រះបាទ​សម្ដេច​ព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្ដេច​ព្រះ​មហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះ​វររាជ​មាតា​ជាតិ​ខ្មែរ ក្នុង​សេរីភាព និង​សេចក្តី​ថ្លៃថ្នូរ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ព្រះអង្គ​បាន​ថ្វាយ​ព្រះ​លិខិត​មួយ​ច្បាប់​ចុះ​ថ្ងៃ​ទី​១៧ ខែ​តុលា បាន​បង្ហាញ​​ព្រះរាជហឫទ័យ​ព្រួយ​បារម្ភ​ខ្លាំង ដោយ​សម្គាល់​ឃើញ​ថា សមិទ្ធផល​ដ៏​អស្ចារ្យ​របស់​លោក​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត ប៊េត រីច្ឆនឺរ (Beat Richner) នាយក​មន្ទីរពេទ្យ​គន្ធបុប្ផា ទាំង​នៅ​រាជធានី​ភ្នំពេញ និង​នៅ​ខេត្ត​សៀមរាប ដែល​បាន​ជួយ​ដល់​កុមារ​ក្រីក្រ​នៅ​កម្ពុជា រាប់​ពាន់​នាក់​ក្នុង​មួយ​ថ្ងៃៗ ប៉ុន្តែ​មន្ទីរពេទ្យ​នេះ ក៏​កំពុង​ប្រឈម​មុខ​នឹង​ការ​លំបាក​​ផ្នែក​​ហិរញ្ញវត្ថុ​ដែរ។ បន្ថែម​លើ​នេះ ព្រះមហាក្សត្រ និង​សម្ដេច​ព្រះ​មហាក្សត្រី នរោត្តម មុនីនាថ សីហនុ បាន​កោត​សរសើរ និង​គាំទ្រ​យ៉ាង​មុតមាំ​នូវ​ស្នាដៃ​របស់​លោក​នាយក​មន្ទីរពេទ្យ​គន្ធបុប្ផា និង​សូម​ឲ្យ លោក ប៊េត រីច្ឆនឺរ ទទួល​នូវ​សេចក្តី​រាប់​អាន​ដ៏​ខ្ពង់ខ្ពស់​ពី​ព្រះអង្គ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។