ឈ្មួញ​សង់​តូប​លក់​លើ​ដី​ចំណី​ផ្លូវជាតិ​ជាប់​ព្រំដែន​អន្តរជាតិ​ព្រំ ខណៈ​អាជ្ញាធរ​ខេត្ត​ថា​អត់​មាន​ចេញ​ច្បាប់

ខេត្ត​ប៉ៃលិន ៖ គេ​សង្កេត​ឃើញ​ឈ្មួញ​បាន​សង់​តូប​​នៅ​លើ​ដី​ចំណី​ផ្លូវជាតិ​លេខ​៥៧​ជាប់​ព្រំដែន​អន្តរជាតិ​ព្រំ ចម្ងាយ​ប្រហែល​៥០​ម៉ែត្រ ដាក់​លក់​ឱ្យ​អាជីវករ​យ៉ាង​រំភើយ​ដោយ​មិន​គិត​ខ្វល់​ពី​ផល​ប៉ះពាល់​សណ្ដាប់ធ្នាប់​សាធារណៈ ឬ​បាត់បង់​សោភ័ណ​ភាព​អ្វី​នោះ​ឡើយ ដែល​តូប​ទាំងនោះ​មាន​​ចំនួន​១៩​តូប នៅ​ចំណុច​ខាង​មុខ​ផ្សារ​ព្រំ​ក្រោម ស្ថិត​ក្នុងភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខណៈ​មេការ​ម្នាក់​បាន​អះអាង​ថា គេ​រត់​ច្បាប់​ចេញ​អាជ្ញាធរ​ខេត្ត​ឱ្យ​សាង​សង់​រួចរាល់​អស់​ទៅ​ហើយ ចំណែកឯ​រថយន្តឈ្នួល​ដែល​ពី​មុនគេ​ធ្លាប់​ឃើញ​ចត​នៅ​លើ​ដី​ចំណី​ផ្លូវ​នេះ​ដើម្បី​ចាប់​ម៉ូយ​ដឹក​ទៅ​បាត់ដំបង​ ឬ​ភ្នំពេញ ប៉ុន្តែ​ដោយសារ​គេ​យក​ដី​ចំណី​ផ្លូវ​នេះ​សង់​តូប​ដាក់​លក់​អស់ ទើប​នាំ​គ្នា​យក​ផ្លូវជាតិ​ធ្វើ​ជា​ចំណត​ចាប់​ម៉ូយ​យ៉ាង​អនាធិបតេយ្យ​ទៅ​វិញ ។

បើ​តាម​ប្រជាពលរដ្ឋ ដែល​ចេញចូល​តាម​ច្រក​ទ្វារ​អន្តរជាតិ​ព្រំ និង​អ្នក​រស់នៅ​ក្បែរ​នោះ​ជា​ច្រើន​នាក់​បាន​រៀបរាប់​ឱ្យ​ដឹង​ថា តូប​ដែល​ធ្វើ​នៅ​លើ​ចំណី​ផ្លូវ​អន្តរជាតិ​នេះ​ត្រូវ​បាន​ឈ្មួញ​សាងសង់​ដាក់​លក់​ឱ្យ​អាជីវករ​ទិញ​សម្រាប់​លក់ដូរ​របស់របរ​ផ្សេង​ៗ​កាលពី​រយៈពេល​ជាង​១​ខែ​កន្លង​ទៅ​នេះ ដោយ​តូប​១​គេ​លក់​តម្លៃ​២៥០០​ដុល្លារ និង​ជួល​ដី​តម្លៃ​ផ្សេង​ទៀត​ គឺ​ត្រូវ​បង់​ឱ្យ​ម្ចាស់​តូបតម្លៃ​៦​ពាន់​បាត​(​ប្រាក់​ថៃ​)ក្នុង​១​ខែ ។ ប្រជាពលរដ្ឋ​បន្ត​ទៀត​ថា កាលពី​មិន​ទាន់​មាន​គេ​សាងសង់​តូប​ទាំង​អស់នេះ អ្នកបើកបរ​រថយន្តឈ្នួល​តែងតែ​ទៅ​ចត​រថយន្ត​នៅ​ទីនោះ​ដើម្បី​ចាប់​ម៉ូយ ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ ដោយសារ​គ្មាន​កន្លែង​ចត ទើប​យក​ផ្លូវជាតិ​ធ្វើ​ជា​ចំណតរថយន្ត​តែ​ម្តង ។

ប្រជាពលរដ្ឋ​បាន​ធ្វើការ​រិះគន់​ថា ការ​យក​ចំណី​ផ្លូវ​សាងសង់​តូប​លក់​បែប​នេះ​នាំ​ឱ្យ​ប៉ះពាល់​ដល់​សោភ័ណ​ភាព​ច្រក​ទ្វារ​អន្តរជាតិ ដែល​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​ចេញចូល​ទៅ​មក​ពី​ប្រទេស​ថៃ​ឆ្លងកាត់​មក​ប្រទេស​កម្ពុជា ហើយ​ក៏​ធ្វើ​ឱ្យ​បាត់បង់​សណ្តាប់ធ្នាប់​របៀបរៀបរយ​ផង​ដែរ ។ ម្យ៉ាងវិញទៀត បើសិន​ជា​អាជ្ញាធរ​ចង់​រៀបចំ​ធ្វើការ​អភិវឌ្ឍន៍​ពង្រីក​ផ្លូវជាតិ​បន្ថែម​ទៀត ឬ​រៀបចំ​តុបតែង​ចិញ្ចើម​ផ្លូវ ក៏​មានការ​លំបាក​ផង​ដែរ ។

ពាក់ព័ន្ធ​ទៅ​នឹង​បញ្ហា​នេះ លោក សែ​ម សុ​ខន ប្រធាន​ការិយាល័យ​ភូមិបាល​ស្រុក​សាលា​ក្រៅ បានឱ្យ​ដឹង​តាម​ទូរស័ព្ទ​ថា ខាង​លោក​អត់​បាន​ចេញ​លិខិត​ឱ្យ​សាងសង់​តូប​ទាំងនេះ​នៅ​លើ​ចំណី​ផ្លូវ​នោះ​ទេ បើ​ចង់​ដឹង​​ទាក់ទង​សួរនាំ​ទៅ​ខាង​ខេត្ត​ទើប​ដឹង​ច្បាស់ ។

លោក ហុ​ក សុផល ប្រធាន​មន្ទីរ​សុរិយោដី​ខេត្ត​ប៉ៃលិន បានឱ្យ​ដឹង​តាម​ទូរស័ព្ទ​កាលពី​រសៀល​ថ្ងៃ​ទី​២០​តុលា​នេះ​ថា ខាង​លោក​អត់​បានដឹង​រឿង​នេះ​ទេ ប្រហែល​គេ​ធ្វើ​ឡើង​ដោយ​ចិត្ត​ឯង ព្រោះ​មន្ទីរ​របស់​លោក​មិន​បាន​ទទួល​ឯកសារ ឬ​លិខិត​ណាមួយ​ពី​ម្ចាស់​តូប​នោះ​ឡើយ ។ ម្យ៉ាងវិញទៀត នៅ​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ អាជ្ញាធរ​នឹង​រៀបចំ​ធ្វើ​ខ្លោងទ្វារ​អន្តរជាតិ បើសិនជា​ប៉ះពាល់​ត្រូវ​តែ​រុះរើ​តូប​ដែល​គេ​សង់​នៅ​លើ​ចំណី​ផ្លូវ​ចេញ​ទាំងអស់ ហើយ​បើ​ម្ចាស់​តូប​មាន​​បញ្ហា​ជាមួយ​អាជីវករ​ដែល​ទិញ​តូប​ទាំងនោះ ខាង​លោក​មិន​ទទួលខុសត្រូវ​នោះ​ឡើយ ។

លោក សៅ សា​រ៉ាត់ អភិបាលរង​ខេត្ត​ប៉ៃលិន បានឱ្យ​ដឹង​ដែរ​ថា ខាង​អាជ្ញាធរ​ខេត្ត​ក៏​អត់​បាន​ចេញ​លិខិត​ស្នាម​ណាមួយ​ឱ្យ​ប្រជាពលរដ្ឋ​សាងសង់​តូប​នៅ​លើ​ដី​ចំណី​ផ្លូវ​នោះ​ដែរ ត្រូវ​តែ​សាងសង់​ចេញពី​អ័ក្ស​ចំណី​ផ្លូវ​ប្រវែង​៥​ម៉ែត្រ ហើយ​ខាង​ខេត្ត​បាន​ចាត់​ឱ្យ​មន្ត្រី​ក្រោម​ឱវាទ​កោះហៅ​ម្ចាស់​តូប ឬ​ផ្ទះ ដែល​សង់​នៅ​លើ​ចិញ្ចើម​ផ្លូវ​ទាំងអស់​មក​ធ្វើ​កិច្ចសន្យា បើ​នៅ​ថ្ងៃ​ខាង​មុខ​ពេល​អាជ្ញាធរ​រៀបចំ​សណ្តាប់ធ្នាប់ ត្រូវ​តែ​ធ្វើការ​រុះរើ​ចេញ​ដោយ​ឥត​ប្រកែក​បាន​នោះ​ឡើយ ៕