​តើ​ថ្នាំលេប​ពន្យារកំណើត​អាចជួយ​កាត់បន្ថយ​បញ្ហា​ឈឺសន្លាក់​មែន​ទេ​?

Sanofi

«​ការប្រើ​ថ្នាំ​ពន្យារកំណើត​អាចជួយ​កាត់ បន្ថយ​បញ្ហា​ឈឺសន្លាក់​» នេះ​បើតាម​ការសិក្សា​មួយ​នៅ​ប្រទេស​អាល្លឺម៉ង់​បានឱ្យដឹង ។ តាម​លទ្ធផល​នៃ​ការសិក្សា​នេះ​បង្ហាញថា ស្ត្រី​ដែលមាន​បញ្ហា​រលាក សន្លាក់ និង បាន​ប្រើ​ថ្នាំលេប​ពន្យារកំណើត​មួយរយៈ កន្លងមក ឃើញថា​មាន​លទ្ធផល​ល្អ ដោយ​អាច​កាត់ បន្ថយ​អាការ​ឈឺសន្លាក់​ក្នុង​រយៈពេល ២ ឆ្នាំ​ដំបូង​នៃ​ការប្រើប្រាស់​។​

ឈឺសន្លាក់​ជា​ជំងឺ​មួយ​តែង​កើតមាន​ចំពោះ​ស្ត្រី ធ្វើឱ្យ​ឈឺសន្លាក់ និង ហើម​ក៏មាន ។ មនុស្ស​ចំនួន ១, ៣ លាន​នាក់ នៅ​សហរដ្ឋអាមេរិក​មាន​កើត​ជំងឺ​នេះ ក្នុងនោះ ៧៥ ភាគរយ គឺជា​ស្ត្រី ។ លោក​វេជ្ជបណ្ឌិត វ៉ា​ស៊ីម មៀរ (Dr. Waseem Mir) ឯកទេស​ផ្នែក​សន្លាក់​នៅ​មន្ទីរពេទ្យ Lenox Hill ទីក្រុង​ញូវយ៉ក បានឱ្យដឹងថា យើង​បានធ្វើ​ការសិក្សា ពី​បញ្ហា​នេះ​យ៉ាង​យកចិត្តទុកដាក់​បំផុត ។

លទ្ធផល នៃ​ការសិក្សា​នេះ​បានចេញ​ផ្សាយ​កាលពី​ថ្ងៃទី ២០ ខែសីហា ឆ្នាំ ២០១៥ ដោយមាន​ស្ត្រី​ចំនួន ២៧៣ នាក់ មាន​បញ្ហា​ឈឺសន្លាក់​បាន​ចូលរួម ។ ស្ត្រី​ទាំង នោះ​ស្ថិតក្នុង​អាយុ​ចន្លោះ​ពី ១៨ ទៅ ៦០ ឆ្នាំ ក្នុងនោះ ១៨ ភាគរយ មិន​ធ្លាប់ប្រើ​ថ្នាំលេប​ពន្យារកំណើត និង ៦៣ ភាគរយ ធ្លាប់ប្រើ​ថ្នាំ​នេះ​កន្លងមក ។​

​ជា​លទ្ធផល​គេ​រកឃើញថា ស្ត្រី​ដែល​បាន​ប្រើ​ថ្នាំ​ពន្យារកំណើត​មាន​ភាគរយ​ប្រសើរ​ជាង​ពី​ការធូរស្រាល​បញ្ហា​ឈឺសន្លាក់ ។ ដូច្នេះ​គេ​អាច​សន្និដ្ឋានបានថា ការប្រើ​ថ្នាំ​ពន្យារកំណើត គឺ​ពិតជា​ជួយ​បង្កើន​សារធាតុ​អេ​ស្ត្រូ​ជេន (Estrogen) ដែលជា​សារធាតុ​ជួយ​ធ្វើឱ្យ​អារម្មណ៍​ស្រស់ថ្លា និង វិជ្ជមាន ។

​បើតាម​លោកស្រី​វេជ្ជបណ្ឌិត ជេ​នី្ន​ហ្វើ​រ អ៊ូ (Dr. Jennifer Wu) ជំនាញ​រោគ​ស្ត្រី និង សម្ភព​នៅ​មន្ទីរ ពេទ្យ Lenox Hill ទីក្រុង​ញូវយ៉ក បានឱ្យដឹងថា ការប្រើ​ថ្នាំ​គ្រាប់​ពន្យារកំណើត​ពិតជា​អាចជួយ​កាត់ បន្ថយ​អត្រា​គ្រោះថ្នាក់​ជំងឺមហារីក​ស្បូន និង មហារីក ដៃ​ស្បូន ហើយ​បើសិនជា​អាច​កាត់បន្ថយ​បញ្ហា​ឈឺ សន្លាក់​បាន​ទៀត​នោះ​រឹតតែ​ប្រសើរ ។

​ទោះជា​យ៉ាងនេះ​ក្តី​គេ​គួរ​សិក្សា​បន្ថែមទៀត​ទៅលើ​ប្រសិទ្ធភាព​នៃ​ថ្នាំ ថា​វា​ពិតជា​អាចជួយ​កាត់ បន្ថយ​បញ្ហា​ឈឺសន្លាក់​បាន​កម្រិតណា ព្រោះ​ការ សិក្សា​ពីមុនមក​គ្រាន់តែ​ជាការ​សិក្សា​លក្ខណៈ​ទ្រង់ ទ្រាយ​តូច ហើយ​ចាំបាច់​ត្រូវធ្វើ​ការវិភាគ​បែប​គ្លីនិក​សាស្ត្រ ដើម្បីឱ្យ​លទ្ធផល​មាន​ភាពជឿជាក់​ជាជាង​ការ​ស្រង់​យកតែ​មតិយោបល់ និង ទិន្នន័យ​វិភាគ​ប្រវត្តិ​អ្នកជំងឺ ។

ទោះជា​យ៉ាងណាក្តី​បើតាម​គ្រូពេទ្យ​ជំនាញ​បានឱ្យដឹងថា បើ​ស្ត្រី​មាន​បញ្ហា​ឈឺសន្លាក់​ខ្លាំង និង ធ្ងន់ធ្ងរ គេ​មិនគួរ​ជ្រើសរើស​ការប្រើ​ថ្នាំ​ពន្យារកំណើត ដើម្បី​ព្យាបាល​នោះទេ ដោយ​ស្ត្រី​គួរ​ទៅ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ជំនាញ​ជាមុនសិន ៕ ​ ​ ​ ​សុផល​ ​

Related