ម្តាយ និង ភរិយា តើ​ខ្ញុំ​ត្រូវ​ជ្រើស​រើសយក​មួយណា ?

Sanofi

រវាង​អូន និង ម្ដាយ​បង តើ​មួយណា​សំខាន់​ជាង​សម្រាប់​បង ? រវាង​ម៉ែ និង ប្រពន្ធ​របស់​កូន តើ​កូន​រើសយក​មួយណា ? នេះ​គឺជា​ប្រយោគ​សំណួរ​ដែល​ពិបាក​រក​ចម្លើយ​បំផុត​សម្រាប់​រូបខ្ញុំ​បាទ នៅពេលដែល​ភរិយា និង ម្ដាយ​មិនអាច​រស់នៅ​ជាមួយគ្នា​បាន ហើយ​បង្ខំ​ឱ្យ​ខ្ញុំ​ត្រូវ​រក​ចម្លើយ​មួយ​ដែល​មិន​អាចឱ្យ​ជ្រើស​យក​ទាំងពីរ ។ បើ​នេះ​ជា​វិញ្ញាសា​ដែល​តម្រូវឱ្យ​បេក្ខជន​សរសេរ​ក្នុងពេល​ប្រឡង ខ្ញុំ​ធានាថា​នឹង​សរសេរ​ឱ្យ​បានល្អ​បំផុត ប៉ុន្ដែ​នេះ​ជា​វិញ្ញាសា​ពី​ជីវិត​ពិត​ដែល​ខ្ញុំបាទ​មិនអាច​ឆ្លើយបាន​ទាល់តែសោះថា​ខ្ញុំ​ត្រូវ​ជ្រើស​រើសយក​មួយណា​នោះ?

​មូល​ហេតុដែល​បណ្ដាលឱ្យ​គ្រួសារ​របស់ខ្ញុំ​ដើរ​ដល់​ផ្លូវ​ទ័ល​បែបនេះ ក៏​ព្រោះតែ​ម្ដាយ និង ភរិយា​របស់ខ្ញុំ​ជា​មនុស្ស​មាន​ទស្សនៈ​ផ្ទុយគ្នា​ទាំងស្រុង ដោយ​ម្ដាយ​ខ្ញុំ​ជា​អ្នកមាន​គំនិត​បែប​បុរាណ ប្រកាន់​ច្រើន តាំងពី​កិច្ចការ​ផ្ទះសម្បែង ចង្ក្រាន​ជើង​ឆ្នាំង ការ​ស្លៀកពាក់ ពាក្យសម្ដី កាយវិការ ជាដើម ជាពិសេស​គាត់​ពូកែ​រអ៊ូ​ច្រើន និង ទើស​មិនចេះចប់ ។ ផ្ទុយទៅវិញ​ភរិយា​របស់ខ្ញុំ​ជា​ម្នាក់​ដែលមាន​ចំណេះដឹង​មានការ​ងារ​ល្អ​ធ្វើ ចូល​ចិ​ត្ដ​ភាពសប្បាយ​រីករាយ ដើរ​តាម​សង្គម​ទំនើប ដែល​ចំណុច​ទាំងនេះ​ធ្វើឱ្យ​នាង​មើលរំលង​ការងារ​ជា​ស្ដ្រី​មេផ្ទះ និង អាកប្បកិរិយា មួយចំនួន​ដែល​ស្ត្រី​ខ្មែរ​ពី​បុរាណ​ប្រកាន់ខ្ជាប់​រៀងមក ។​

ម្ដាយ​របស់ខ្ញុំ​រស់នៅក្នុង​ផ្ទះ​ជាមួយ​ខ្ញុំបាទ និង ភរិយា ដែល​ផ្ទះ​នេះ​ខ្ញុំ និង ភរិយា​ធ្វើការ​សន្សំ​ប្រាក់​ទិញ​ជា​លក្ខណៈ​បង់​រំលស់ ។ ដោយ​ខ្លាច​ប៉ះពាល់​ដល់​ប្រាក់ចំណូល​គ្រួសារ ម្ដាយ​របស់ខ្ញុំ​មិនឱ្យ​រក​អ្នក​មក​នៅ​ជាមួយ​ទេ គឺ​គាត់​ជា​អ្នក រ៉ាប់រង​មើលថែទាំ​ផ្ទះ និង រៀបចំ​ម្ហូបអាហារ​ប្រចាំថ្ងៃ​សម្រាប់​គ្រួសារ​មួយ​នេះ​។ លុះ​យូរ​ទៅ​ម្ដាយ​ខ្ញុំ​ចាប់ផ្ដើម​ធុញទ្រាន់ និង រអ៊ូរទាំ​រាល់ពេល ដោយ​ចោទថា​ភរិយា​របស់ខ្ញុំ​ជា​ស្រី​ខ្ជិល មិនចេះ​ធ្វើការ​ផ្ទះ អាង​តែ​ខ្លួន​មានការ​ងារ​ធ្វើ​មាន​ប្រាក់ខែ យក​គាត់​ធ្វើជា​អ្នកបម្រើ​ជាដើម ។ ដើមឡើយ​ភរិយា​របស់ខ្ញុំ​ពុំបាន​តបត​ទេ ថែមទាំង​បាន​រក​អ្នកបម្រើ​ម្នា​ក់មក​ធ្វើ​ការងារ​ផ្ទះ​ជំនួស​គាត់​ដើម្បី​បញ្ចប់​បញ្ហា តែ​នេះ​មិនមែនជា​ការបញ្ចប់​បញ្ហា​ទេ វា​បានប្រែក្លាយ​ទៅជា​ការដុត​កំហឹង​ម្ដាយ​របស់ខ្ញុំ​វិញ ដោយ​គាត់​គិតថា​ភរិយា​របស់ខ្ញុំ​ឌឺ​គាត់​ទៅវិញ ។​

អ្នកបម្រើ​នៅ​មិនទាន់បាន​ប៉ុន្មាន​ថ្ងៃ​ផង ក៏​ដា​ក់មេ​ផាយ​ទៅ​បាត់ស្រមោល ដោយ​ទ្រាំទ្រ​ពុំបាន​នឹង​ចរិត​ពូកែ​រអ៊ូ និង ពូកែ​ទើស​របស់​ម្ដាយ​ខ្ញុំ ហើយ​ការងារ​ផ្ទះ​ទាំង​ប៉ុន្មាន​ក៏​ធ្លាក់​ទៅលើ​ម្ដាយ​របស់ខ្ញុំ​ជាថ្មី ជាហេតុ​បណ្ដាលឱ្យ​បញ្ហា​ចេះតែ​កើត និង កាន់តែ​តឹងតែង​ឡើង​ពីមួយថ្ងៃ​ទៅមួយថ្ងៃ ។ រហូតដល់​ថ្ងៃមួយ​ជម្លោះ​ធំ​ក៏​កើតឡើង ដោយសារ​ភរិយា​របស់ខ្ញុំ​ត្រូវបាន​មិ​ត្ដ​ភក្ដិ​បបួល​ទៅ​ញ៉ាំ​អាហារ​នៅ ខាងក្រៅ មិន​បានមក​ញ៉ាំ​បាយ​ផ្ទះ លុះ​ពេលយប់​នាង​មកដល់​ផ្ទះ​វិញ ម្ដាយ​ខ្ញុំ​ក៏បាន​ស្ដីបន្ទោស​នាង​ពី​ការដែល​នាង​មិន​បានមក​ញ៉ាំ​បាយ​ផ្ទះ នាំឱ្យ​ម្ហូប​ធ្វើ​សល់ ភរិយា​របស់ខ្ញុំ​ក៏បាន​តប​ទៅវិញ​ថា ទុក​ចាក់ឱ្យ​ឆ្កែ​ស៊ី​ទៅ ។ សម្ដី​នេះហើយ​ដែល​ធ្វើឱ្យ​ម្ដាយ​ខ្ញុំ​ឆេះដុំ ជេរ​ភរិយា​ខ្ញុំ​ថា មេ​ស្រី​ខាតលក្ខណ៍​មេ​ស្រីកញ្ជើធ្លុះ មេ​ស្រី​កម្ជិលអាំងផេះ​ជាដើម ។

តប​នឹង​ពាក្យ​ជេរ​ទាំងនេះ ភរិយា​របស់ខ្ញុំ​ក៏​ដាក់​ងារ​ឱ្យ​ម្ដាយ​ខ្ញុំ​វិញ​ថា ស្រី​កប៉ាល់ភ្លើង ស្រី​ពូកែ​រករឿង ពូកែ​ឈ្លោះ មួយ​ស្រុក​មានតែ​មួយ ។​ការតបត​ពាក្យសម្ដី​គ្នា​នេះ​ត្រូវបាន​ស្ងាត់​នៅពេលដែល​ខ្ញុំ​ចូលទៅ​ធ្វើ​អន្ដរាគមន៍ តែ​បញ្ហា​ត្រូវ​ធ្លាក់​មកលើ​រូបខ្ញុំ​នៅពេលដែល​ម្ដាយ និង ភរិយា​ខ្ញុំ​ដាក់​សំណួរ​ដូចដែល​ខ្ញុំបាទ​បាន​រៀបរាប់​ខាងលើ ។ មិន​បណ្ដោយឱ្យ​បញ្ហា​នេះ​កាន់តែ​ធ្ងន់ធ្ងរ​ថែមទៀត ខ្ញុំ​ក៏​ព្យាយាម​សម្របសម្រួល​ជាច្រើនលើក​ច្រើនសា តែ​លទ្ធផល​គឺ​សូន្យ ព្រោះ​ម្នាក់ៗ​សុទ្ធតែ​ឈរលើ​ហេតុ​ផ្សេងគ្នា ដែល​មិនអាច​សង្ឃឹមថានឹង​អាច​ផ្សះផ្សា​គ្នា​បានទេ ។ តើ​ខ្ញុំបាទ​គួរ​ធ្វើយ៉ាងណា​ចំពោះ​រឿងនេះ ? ព្រោះ​ទាំង​ម្ដាយ និង ភរិយា​របស់ខ្ញុំ​សុទ្ធតែ​អ្នក​ដែល​ខ្ញុំ​ស្រឡាញ់ និង ត្រូវការ មិនអាច​គ្មាន​នរណាម្នាក់​បានទេ ។​

​ជូន​ចំពោះ​អ្នកមាន​វិបត្ដិ​

​បញ្ហា​នេះ​ពិតជា​ធ្ងន់ធ្ងរ​ខ្លាំងណាស់​សម្រាប់​លោក ម្នាក់​ជា​អ្នកមានគុណ ម្នាក់ទៀត​ជា​ភរិយា​ជាទី​ស្រឡាញ់ ដែល​អ្នក​ទាំងពីរ​សុទ្ធតែ​សំខាន់​មិនអាច​ខ្វះ​បាន​ក្នុង​ជីវិត​របស់លោក ។ បើ​ឱ្យ​លោក​ជ្រើស​រើសយក​ម្នាក់ ម្នាក់ទៀត​នឹងត្រូវ​បាត់​ពី​ជីវិត​របស់លោក ទើប​ធ្វើឱ្យ​លោក​ពិបាក​សម្រេច​ចិ​ត្ដ​ពី​រឿងនេះ​។ បើ​វិភាគ​ឱ្យ​ល្អិតល្អន់​ពី​រឿងនេះ «​ប្រជាប្រិយ​»​មើលឃើញថា ទាំង​ម្ដាយ និង ភរិយា​សុទ្ធតែ​រួមចំណែក​ខុស​ដូចគ្នា ដោយ​ម្ដាយ​របស់លោក​ជា​មនុស្ស​ប្រកាន់​ជ្រុល ចំណែកឯ​ភរិយា​របស់លោក​វិញ​ជ្រា​ស្តី​ហី​និយម មានន័យថា ក្រៅពី​ចេញទៅ​ធ្វើ​ការរក​កម្រៃ​ចូល​ផ្ទះ នាង​ពុំបាន​បំពេញ​តួនាទី​ជា​ស្ដ្រី​មេផ្ទះ​អ្វី​ឡើយ ដែល​នេះ​ជា​មូលហេតុ​សំខាន់​នាំឱ្យ​នាង​ត្រូវ​បាត់បង់​តម្លៃ​ជា​ស្ត្រី​មេផ្ទះ​នៅក្នុង​កែវភ្នែក​ម្ដាយក្មេក ផ្សំ​ដោយ​ម្ដាយ​របស់លោក​ជា​មនុស្ស​ប្រកាន់​ច្រើន និង ពូកែ​រអ៊ូ​ផង​នោះ បញ្ហា​ជម្លោះ​ងាយ​នឹង​កើតមាន​ដោយ​គេច​មិន​ផុត ។

ការសម្របសម្រួល​រប​ស់លោក​ចំពោះ​បញ្ហា​នេះ​គឺ​គ្មាន​ប្រសិទ្ធភាព ដោយហេតុថា ម្នាក់ៗសុទ្ធតែដណ្តើមយក​ត្រូវមាន​ហេតុផល​រៀងខ្លួន ពោលគឺ​ដាច់ខាត​មិនអាច​រស់នៅ​ជាមួយគ្នា​តទៅទៀត​បានឡើយ ។ «​ប្រជាប្រិយ​» មិនអាច​ផ្ដល់​ជម្រើស​ដល់​លោក​ឱ្យ​ជ្រើស​យក​អ្នកណា​ចោល​អ្នកណា​ឡើយ តែ​«​ប្រជាប្រិយ​» ជូន​ជា​យោបល់​ថា លោក​គួរតែ​និយាយអង្វរ​ម្ដាយ​លោក ហើយ​សុំឱ្យ​គាត់​ទៅ​សម្រាក​លម្ហែកាយ និង ខួរក្បាល​នៅផ្ទះ​សាច់ញាតិ​ណា​ម្នាក់​ដែល​លោក​ទុក​ចិ​ត្ដ​ដើម្បីឱ្យ​គាត់​ស្ងប់​ចិ​ត្ដ ។ ពិតណាស់ថា ការស្នើសុំ​របស់លោក​នេះ​នឹង​ធ្វើឱ្យ​ម្ដាយ​លោក​ផ្ទុះ​កំហឹង ហើយ​គិតថា​លោក​យកប្រពន្ធ​ចោល​ម្ដាយ​ជាមិនខាន តែត្រឹម​លោក​ដឹងខ្លួន​ឯង​ថា លោក​គោរព​ស្រឡាញ់​ម្ដាយ​នោះ​គឺជា​ការ​គ្រប់គ្រាន់​ហើយ ព្រោះ​មនោសញ្ចេតនា​រវាង​កូន និង ម្ដាយ​មិនអាច​កាត់ផ្ដាច់​បានឡើយ ម្ដាយ​ខឹង​កូន​ថ្ងៃនេះ ស្អែក ឬ ខានស្អែក​នឹង​បាត់ ហើយ​ការផ្សារភ្ជាប់​ទំនាក់ទំនង​គ្នា​ជាថ្មី​ងាយ​នឹង​កើតមាន​ឡើងវិញ ។

ផ្ទុយទៅវិញ​មនោសញ្ចេតនា​រវាង​ប្ដី​ប្រពន្ធ​វ័យក្មេង​ដូច​លោក បើ​បណ្ដោយ​ឱ្យមាន​រឿងប្រេះឆា​នោះ មុខជា​ពិបាក​នឹង​ផ្សះផ្សា​បាន​វិញ​ណាស់ ប្រៀបដូចជា​កែវ​ដែល​បែក​ហើយ ទោះជា​ព្យាយាម​យ៉ាងណា​ក៏​មិនអាច​ផ្គុំ​វា​វិញ​បានដែរ ។ នៅពេល​លោក​រស់​នៅតែ​ពីរ​នាក់​ភរិយា គឺ​ដល់​ពេលដែល​តម្រូវឱ្យ​លោក​ណែនាំ​ភរិយា​ឱ្យ​ចេះ​ធ្វើ​កិច្ចការ​ផ្ទះ ដោយមាន​ការចូលរួម​ពី​លោក ពោលគឺ​ជួយ​គ្នា​ទៅវិញទៅមក​ក្នុង​ការធ្វើ​កិច្ចការ​ទាំង​អារម្មណ៍​រីករាយ និងឆ្លៀត​បង្កើត​អនុស្សាវរីយ៍​ល្អៗ​ក្នុង​ជីវិត​ដើម្បី​រឹតចំណង​ស្នេហ៍​ឱ្យ​កាន់តែ​រឹងមាំ​ថែមទៀត។​
​ភរិយា​របស់លោក​រឹតតែ​មើលឃើញ​ច្បាស់​ពី​សេចក្ដីស្រឡាញ់​របស់លោក ដែលមាន​ចំពោះ​នាង ក្រោយមកទៀត​បើ​ឱកាសល្អ​ហុច​ឱ្យ​ហើយ លោក​អាច​ពិភាក្សា​ជាមួយ​នាង ដោយ​សុំឱ្យ​ម្ដាយ​របស់លោក​មករ​ស់​នៅ​ជាមួយ​វិញ ។

បំណង​របស់លោក​អាច​នឹង​បានសម្រេច ដោយ​ផ្អែកទៅលើ​ការលះបង់​របស់ លោក​ដើម្បី​ភរិយា ចំណែកឯ​ម្ដាយ​របស់លោក​វិញ​ក៏​មិន​ដល់​ថ្នាក់​កាត់កាល​លោក​ចោល​នោះដែរ​។ ការផ្លាស់ប្ដូរ​ចរិត​របស់​ភរិយា​លោក​ពី​រឿង​ការងារ​ជា​ស្ដ្រី​មេផ្ទះ នឹង​ក្លាយទៅជា​គុណ​សម្បត្ដិ​មួយ​ដែល​ម្ដាយ​របស់លោក​ត្រូវឱ្យ​តម្លៃ​មិនអាច​មើលរំលង ហើយ​បញ្ហា​ទំនាស់​មុខជា​ត្រូវ​កាត់បន្ថយ​នឹង​ឈានទៅរក​ការលុបបំបាត់ចោល​ទាំងស្រុង​ជាមិនខាន ។ «​ប្រជាប្រិយ​»​សូម​ជូនពរ​លោក ឱ្យទទួល​បាន​នូវ​លទ្ធផល​ល្អ​ក្នុងការ​ដោះស្រាយ​វិបត្ដិ​គ្រួសារ​នេះ ៕

Related