ព្រៃកោងកាង​ជា​ច្រើន​ហិ​កតា​ ត្រូវ​ឈ្មួញ​ចាក់​ដី​លុប​ ឈូស​ឆាយ​បង្ហិនបង្ហោច​បង្ហើយ​នៅ​ស្រុក​ទឹកឈូ​ ខេត្តកំពត​

​សេចក្តីរាយការណ៍​ពី​ខេត្តកំពត​ បាន​ឲ្យ​ដឹង​ថា​ ផ្ទៃ​ព្រៃកោងកាង​លិច​ទឹកជា​ដែន​ជម្រក​សត្វ​ក្តាម​ និង​បង្គា​សមុទ្រ​ ជា​ច្រើន​ហិ​កតា​ ឋិត​នៅ​ជាប់​ព្រែក​ក្បាល​រមាស​ ក្នុងភូមិ​ជុំ​ក្រៀល​ ឃុំ​ជុំ​ក្រៀល​ ស្រុក​ទឹកឈូ​ ខេត្តកំពត​ ដែល​កន្លង​មក​ជាទី​តាំង​មន្ត្រី​បរិស្ថាន​ប្រកាស​អភិរក្ស​រក្សា​ការពារ​នោះ​ បច្ចុប្បន្ន​ត្រូវ​បាន​ឈ្មួញ​មាន​អំណាច​ លុយកាក់​ ចាក់​ដី​លុប​ ឈូស​ឆាយ​បង្ហិនបង្ហោច​បង្ហើយ​ ខណៈ​អាជ្ញាធរ​ដែនដី​មិន​ហ៊ាន​ក្អក​ ឬ​មិន​មាន​វិធានការ​ទប់ស្កាត់​អ្វី​ឡើយ​ ។​

​ក្រុម​ប្រជាពលរដ្ឋ​បាន​និយាយ​ឲ្យ​ដឹង​ថា​ ដើម​ឡើយ​ទីតាំង​ផ្ទៃ​ព្រៃ​លិច​ទឹក​ក្នុង​តំបន់​នោះ​ អ្នកស្រុក​ធ្លាប់​ទៅ​នេសាទ​រក​ចាប់​ក្តាម​ និង​បង្គា​រាប់​ឆ្នាំ​ជា​ហូរហែ​ ប៉ុន្តែ​មន្ត្រី​បរិស្ថាន​បាន​ហាម​ឃាត់​មិន​ឲ្យ​អ្នកស្រុក​ចូល​កាន់កាប់​យក​ជា​កម្មសិទ្ធិ​ និង​កាប់​បំផ្លាញ​ព្រៃកោងកាង​ទេ​ ពីព្រោះ​ជា​តំបន់​អភិរក្ស​ព្រៃកោងកាង​ ។​ លុះ​ក្រោយមក​ ក្រុម​ឈ្មួញ​មាន​លុយកាក់​បាន​សមគំនិត​ជាមួយ​ក្រុម​មន្ត្រី​មាន​អំណាច​បង្វែរ​ផ្ទៃ​ព្រែ​កោង​កាង​លិច​ទឹក​ ឲ្យ​ក្លាយទៅជា​កម្មសិទ្ធិ​របស់​ឈ្មួញ​អស់រលីង​ ហើយ​ឈ្មួញ​ក៏​បាន​ធ្វើ​សកម្មភាព​ឈូស​ឆាយ​ចាក់​ដី​លុប​ព្រៃកោងកាង​ ឲ្យ​វិនាស​ហិនហោច​យ៉ាង​សកម្ម​ ។​

​មិន​ទាន់​អាច​សុំ​ការ​បំភ្លឺ​បញ្ជាក់​ពី​ឯកឧត្តម​ ខូ​យ​ ឃុន​ហួរ​ អភិបាល​នៃ​គណៈ​អភិបាល​ខេត្តកំពត​ បាន​នៅឡើយ​ទេ​ គិត​ត្រឹម​ថ្ងៃ​ទី​២០​ ខែតុលា​ ឆ្នាំ​២០១៥​នេះ​ ៕​

ព្រៃកោងកាង​ជា​ច្រើន​ហិ​កតា​ ត្រូវ​ឈ្មួញ​ចាក់​ដី​លុប​ ឈូស​ឆាយ​បង្ហិនបង្ហោច​បង្ហើយ​នៅ​ស្រុក​ទឹកឈូ​ ខេត្តកំពត​