អាជ្ញា​ធរមាន​សមត្ថកិច្ច​គប្បី​ចាត់វិធានការ​លើ​ថៅកែ​រោងចក្រ​ Five​ Stars​ ខេត្តកំពង់ស្ពឺ​ ដែល​សម្បូរ​រឿងអាស្រូវ​ផង​

​ក្រុមហ៊ុន​មួយ​ឈ្មោះ​ ហ្វា​យ​ស្តារ​ ខ​ត​ថិ​ន​ ហ្គា​មេន​(​ខេ​ម​បូ​ឌា​)​ លី​មី​ធី​ត​ "Five​ Stars​ Cotton​ Garment(Cambodia)​ Limited"​ មាន​លោកស្រី​ Zhang​ Yang​ អាយុ​៤៣​ឆ្នាំ​ ជនជាតិ​ចិន​ ជា​តំណាង​អ្នកគ្រប់គ្រង​រួម​ ទទួល​បានការ​អនុញ្ញាត​ពី​ក្រសួង​សិប្បកម្ម​ និង​ឧស្សាហកម្ម​ ឲ្យ​បង្កើត​រោងចក្រ​កាត់ដេរ​សម្លៀក​បំពាក់​នៅ​កម្ពុជា​ តាម​ប្រកាស​លេខ​១៤៧​ ឧស​.​ក​ឧ​.​ប្រក​៧​ ចុះ​ថ្ងៃ​ទី​២៩​ ខែកក្កដា​ ឆ្នាំ​២០១៤​ ដោយ​ដាក់​ទីតាំង​រោងចក្រ​ឋិត​នៅ​ភូមិ​វះ​ពោះ​ ឃុំ​ខ្វាវ​ ស្រុក​សំរោង​ ខេត្តតាកែវ​ ខណៈ​ក្រុមហ៊ុន​ដដែល​នេះ​បែរជា​មានឈ្មោះ​បោះទីតាំង​នៅ​ភូមិ​ត្រពាំង​ឈូក​ ឃុំ​ពោធិ៍​ ស្រុក​ប​សេដ្ឋ​ ខេត្តកំពង់ស្ពឺ​ មួយទៀត​ដំណាលគ្នា​ ដោយ​គ្មាន​ប្រកាស​អនុញ្ញាត​ពី​ក្រសួង​សិប្បកម្ម​ និង​ឧស្សាហកម្ម​ ឲ្យ​បង្កើត​រោងចក្រ​ទៅ​វិញ​ ។​

​លើស​ពី​នេះ​ ក្រុមហ៊ុន​រោងចក្រ​កាត់ដេរ​ Five​ Stars​ Cotton​ Garment(Cambodia)​ Limited​ ដែល​ទើប​ដំណើរការ​បាន​រយៈពេល​ប្រមាណ​១​ឆ្នាំ​សោះ​ ស្រាប់តែ​កើត​មានរឿង​វិវាទ​ការងារ​រវាង​ភាគី​និយោជក​ និង​ភាគី​កម្មករ​ និយោជិត​ ជា​បន្តបន្ទាប់​ រហូត​ដល់​ថ្នាក់​ក្រុមប្រឹក្សា​អាជ្ញាកណ្តាល​ចេញ​សេចក្តី​បង្គាប់​ចំនួន​២​សំណុំរឿង​ ឲ្យ​ថ្នាក់ដឹកនាំ​សហជីព​សេរី​កម្មករ​ប្រចាំ​រោងចក្រ​ដែល​ក្រុមហ៊ុន​បណ្តេញចេញ​ ឬ​បញ្ឈប់​ការងារ​ដោយ​ខុសច្បាប់​ ឲ្យ​ចូល​ធ្វើការ​វិញ​ បែរជា​ក្រុមហ៊ុន​បាន​ប្តឹង​ជំទាស់​ទៅ​នឹង​សេចក្តី​បង្គាប់​របស់​ក្រុមប្រឹក្សា​អាជ្ញាកណ្តាល​គ្រប់​ជំហាន​ ធ្វើ​ឲ្យ​សេចក្តី​បង្គាប់​មិន​អាច​អនុវត្តន៍​បាន​ ហើយ​ក្រុមហ៊ុន​នេះ​ក៏​បាន​ប្តូរ​ឈ្មោះ​ថ្មី​ទៅ​ជា​ មេ​រី​ឌា​ន​ ហ្វេ​សិន​ (​ខេ​ម​បូ​ឌា​)​ លី​មី​ធី​ត​ "Meridian​ Fashion​ (Cambodia)​ Limited"​ ទាំង​តក់ក្រហល់​ទៀត​ផង​ ខណៈ​វិវាទ​ការងារ​មិន​ទាន់​បាន​ដោះស្រាយ​ចប់​សព្វគ្រប់​នៅឡើយ​ ។​

​ដូច្នេះ​ សូម​អាជ្ញា​ធរមាន​សមត្ថកិច្ច​ពាក់ព័ន្ធ​ទាំងអស់​ គប្បី​ចាត់វិធានការ​ទៅ​លើ​ថៅកែ​រោងចក្រ​ Five​ Stars​ Cotton​ Garment(Cambodia)​ Limited​ ខេត្តកំពង់ស្ពឺ​ ដែល​បាន​ប្តូរ​ឈ្មោះ​ថ្មី​ទៅ​ជា​ Meridian​ Fashion​ (Cambodia)​ Limited​ ទាំង​តក់ក្រហល់​ និង​ទាំង​វិវាទ​ការងារ​មិន​ទាន់​បាន​ដោះស្រាយ​ចប់​សព្វគ្រប់​នោះ​ផង​ តើ​អាច​ជា​ល្បិច​កល​ទុច្ចរិត​របស់​ថៅកែ​រោងចក្រ​ដើម្បី​ទទួល​បានការ​លើកទឹកចិត្ត​ថ្មី​ពី​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ (CDC)​ ដែរ​ឬទេ​ ?​ ៕​

អាជ្ញា​ធរមាន​សមត្ថកិច្ច​គប្បី​ចាត់វិធានការ​លើ​ថៅកែ​រោងចក្រ​ Five​ Stars​ ខេត្តកំពង់ស្ពឺ​ ដែល​សម្បូរ​រឿងអាស្រូវ​ផង​