នារី​វ័យក្មេង​ម្នាក់​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​ពី​បទ​លួច​ម៉ូតូ​អ្នកធ្វើការ​ជាមួយ​គ្នា

ខេត្តសៀមរាប ៖ កម្លាំង​នគរបាល​ក្រុង​សៀមរាប​សហការ​ជាមួយ​នគរបាល​បេតិកភណ្ឌ​បាន​ធ្វើការ​ឃាត់ខ្លួន​បាន​នារី​វ័យក្មេង​ម្នាក់ ដែល​លួច​ម៉ូតូ​បុគ្គលិក​ហាង​ខារ៉ាអូខេ ប្លា​ទី​នី​ម រួច​យក​ទៅ​ទុក​ចោល​នៅផ្ទះ ដែល​ហេតុការណ៍​ឃាត់ខ្លួន​នារី​វ័យ​ក្មេង​ជំនាញ​ខាង​លួច​ម៉ូតូ​នេះ​ធ្វើ​ឡើង​​កាល​ពី​វេលា​ម៉ោង​៧ និង​៣០​នាទី​យប់ ថ្ងៃ​ទី​១៨ តុលា ២០១៥ នៅ​ចំណុច​មុខ​លានជល់ដំរី នៃ​ក្រុង​សៀមរាប ។

លោក​អនុសេនីយ៍ឯក នួន ស័ក្តិ​ចំរើន​រិ​ទ្ធ អធិការរង​នគរបាល​ក្រុង បានឱ្យ​ដឹង​ថា នារី​វ័យ​ក្មេង​សង្ស័យ​ឈ្មោះ​ សឹង សុ​គ​ន្ធា​រី អាយុ​១៥​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​ខ្នារ សង្កាត់​ជ្រាវ ក្រុង​សៀមរាប គឺជា​បុគ្គលិក​បម្រើ​ការងារ​នៅ​ ខារ៉ាអូខេ ប្លា​ទី​នី​ម ក្នុង​ក្រុង​សៀមរាប ចំណែក​ជន​រង​គ្រោះ ឈ្មោះ ប្រា​សិទ្ធ ប៊ុ​ន​សុង ភេទ​ប្រុស អាយុ​១៨​ឆ្នាំ គឺជា​បុគ្គលិក​បម្រើ​ការងារ​នៅ​ ខារ៉ាអូខេ ប្លា​ទី​នី​ម ក្នុង​ក្រុង​សៀមរាបជា​មួយ​គ្នា​ បាន​បាត់​ម៉ូតូ​ម៉ាក​ហុងដា zoom x ​ពណ៌​ស កាលពី​វេលា​ម៉ោង​១ និង​៣០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​៣០ កញ្ញា ២០១៥ នៅ​ក្នុង​ក្លិប​ខារ៉ាអូខេ ប្លា​ទី​នី​ម ។

បច្ចុប្បន្ន នារី​សង្ស័យ​ត្រូវ​បាន​កម្លាំង​នគរបាល​ក្រុង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​តុលាការខេត្ត​ដើម្បី​ចាត់ការ​ទៅ​តាម​ផ្លូវច្បាប់ ៕