ផែនការ​បម្រែបម្រួល​អាកាសធាតុ​របស់​ឥណ្ឌា​អាស្រ័យ​ទៅ​លើ​ព្រះអាទិត្យ

ផែនការ​បម្រែបម្រួល​អាកាសធាតុ​របស់​ឥណ្ឌា​អាស្រ័យ​ទៅ​លើ​ព្រះអាទិត្យ

បន្ទះ​ស្រូប​ពន្លឺ​ព្រះអាទិត្យ​ដាក់​លក់​នៅ​ផ្សារ​មួយ​កន្លែង​នៅ​ក្រុង​ញូដេលី ប្រទេស​ឥណ្ឌា។ ផែនការ​បម្រែបម្រួល​អាកាសធាតុ​របស់​ឥណ្ឌា​អាស្រ័យ​ទៅ​លើ​ព្រះអាទិត្យ។រដ្ឋាភិបាល​ឥណ្ឌា​សង្ឃឹម​ថា​ ការ​ជំរុញ​ទៅ​រក​ថាមពល​ព្រះអាទិត្យ​ដ៏​ខ្លាំងក្លា​នឹង​អាច​ជួយ​កាត់បន្ថយ​អត្រា​​បញ្ចេញ​ឧស្ម័ន​ផ្ទះកញ្ចក់​ ដែល​កំពុង​តែ​កើន​ឡើង។ ញូវដេលី—

​គ្រឿង​បរិក្ខា​ថាមពល​ព្រះអាទិត្យ​តូចៗ​ពីរ​ ជាមួយ​នឹង​អំពូល​ពីរ​ត្រូវ​បាន​តម្លើង​ក្នុង​ផ្ទះ​៦១​ខ្នង​នៅ​ក្នុង​ភូមិ​Baripatha ដែល​ជា​ភូមិ​ដាច់ប្រយាលមួយ​នៃរដ្ឋ​Orissa​ ​ភាគ​ខាងកើត​ប្រទេស​ឥណ្ឌា​នៅក្នុង​ខែ​នេះ បាន​ធ្វើ​ឲ្យ​ភូមិ​ដាច់ស្រយាល​ដែល​ធ្លាប់តែ​ពឹងផ្អែក​លើ​ពន្លឺ​ចង្កៀង​ប្រេងកាត​បំពុល​បរិស្ថាន​មួយនេះ​ភ្លឺ​ឡើង​ក្រោយ​ពេល​ព្រះអាទិត្យ​លិច​បាត់​ទៅ​។

​ភូមិBaripatha ​ជា​ភូមិ​ចុងក្រោយ​ដែល​បាន​ចូលរួម​ជាមួយ​ភូមិ​ជាង​១០០​ដទៃ​ទៀត​ ដែល​ត្រូវ​បាន​ផ្គត់ផ្គង់​ដោយ​ថាមពល​ស្អាត​ពី​ពន្លឺ​ព្រះអាទិត្យនៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ថ្មី​ៗ​នេះ។

ក្រុមហ៊ុន Jakson​ ដែល​បាន​ចូលរួម​បង្កើត និង​អនុវត្ត​គម្រោង​សម្រាប់​ទីជនបទ​នេះ ​ មាន​សុទិដ្ឋិនិយម​ចំពោះ​ការ​កើនឡើង​យ៉ាងឆាប់រហ័ស​នៃ​ការ​រប្រើប្រាស់​ថាមពល​ព្រះអាទិត្យ​ ចាប់តាំង​ពីពេល​គម្រោង​បាន​ចាប់ផ្តើម​កាល​ពី​បី​ឆ្នាំ​មុន។

​អនុប្រធានលោក Sandip Ghosh ​ ដែល​ក្រុមហ៊ុន​របស់​លោក​កំពុង​ផ្គត់ផ្គង់​ដល់​ស្ថានីយ៍​ផលិត​ថាមពល​អគ្គិសនី​ទំហំ ​៣០​មេកាវ៉ាត់​ទ្រង់ទ្រាយ​ធំ​ចំនួន​ពីរ​បាន​និយាយ​ថា៖ «ពួកយើង​កំពុង​ដាក់​ទុន​យ៉ាង​ច្រើន​ទៅ​លើ​ថាមពល​ព្រះអាទិត្យ»។

ការ​បង្កើនថាមពល​អគ្គិសនី​ពី​ពន្លឺ​ព្រះអាទិត្យ​ច្រើន​ជាង​មុន​ប្រាំ​ដង​ក្នុង​រយៈពេល​៧​ឆ្នាំនៅ​ទូទាំង​ប្រទេស​ឥណ្ឌា​ ក្រុមហ៊ុន​នានា​កំពុង​តែ​សម្រុក​អនុវត្ត​គម្រោង​ថាមពល​ព្រះអាទិត្យ​ស្របពេល​ដែល​រដ្ឋាភិបាល​បាន​កំណត់​គោលដៅ​ប្រកប​ដោយ​មហិច្ឆិតា​មួយ​ដើម្បី​បង្កើន​សក្តានុពល​ថាមពល​ប្រើប្រាស់​ឡើង​វិញ​ច្រើន​ជាង​មុន​ប្រាំដង​ក្នុង​រយៈពេល​ប្រាំពីរ​ឆ្នាំ​ខាង​មុខ​នេះ។ នេះ​មាន​ន័យ​ថា បង្កើត​អោយ​មាន​ថាមពល​អគ្គិសនី ​១០០​ពាន់​មេកាវ៉ាត់​នៅឆ្នាំ​២០២២​ ពី​ថាមពល​អគ្គិសនី​សរុប៤ ពាន់​មេកាវ៉ាត់ នា​ពេល​បច្ចុប្បន្ន។​

រដ្ឋាភិបាល​ឥណ្ឌា​សង្ឃឹម​ថា​ ការ​ជំរុញ​ទៅ​រក​ថាមពល​ព្រះអាទិត្យ​ដ៏​ខ្លាំងក្លា​នឹង​អាច​ជួយ​កាត់បន្ថយ​អត្រាបញ្ចេញ​ឧស្ម័ន​ផ្ទះកញ្ចក់​ ដែល​កំពុង​តែ​កើន​ឡើង។

ប្រទេស​ឥណ្ឌា​ជា​ប្រទេស​លំដាប់​ថ្នាក់​ទី៣​ ដែល​បញ្ចេញឧស្ម័ន​ផ្ទះកញ្ចក់​ច្រើន​ជាងគេ​នៅលើ​ពិភពលោក​ ប៉ុន្តែ​ប្រទេស​នេះ​គ្រោង​នឹង​ធ្វើការ​កែទម្រង់​ពេញលេញ​លើ​ការ​ប្រើប្រាស់​ថាមពល​ក្នុង​រយៈពេល​ខ្លី​មួយ។

លោក​Arunabha Ghosh ​ពី​ស្ថាប័ន​ស្រាវជ្រាវ​គោលនយោបាយ​នៃ​ក្រុមប្រឹក្សា​ថាមពល​ បរិស្ថាន​ និង​ធនធានទឹក​នៅ​ទី​ក្រុងញូវ​ដេលី​បាន​និយាយ​ថា៖ «ចំពោះ​ការ​ចែក​រំលែក​សក្តានុពល​អគ្គិសនី​ដែល​ប្រទេស​អាល្លឺម៉ង់​សម្រេច​បាន​ពី​ការ​ប្រើប្រាស់​ថាមពល​កើត​ឡើង​វិញ​ ការ​ផ្លាស់​ប្តូរ​នេះ​ត្រូវ​ចំណាយ​ពេល​២២​ឆ្នាំ​សម្រាប់​ប្រទេស​អាល្លឺម៉ង់»។

«ក្នុងករណី​ប្រទេស​ឥណ្ឌា​ ដែល​ជា​ប្រទេស​មានសេដ្ឋកិច្ច​ទន់ខ្សោយ​ជាង​ច្រើន​ ប្រទេស​នេះកំពុង​តែ​គ្រោងនឹង​ធ្វើ​ការ​ផ្លាស់​ប្តូរ​ស្រដៀង​គ្នា​ទៅ​លើ​ថាមពល​ប្រើប្រាស់ឡើងវិញ​ និង​ថាមពល​ដោយ​មិនប្រើប្រាស់​ប្រេងកាត​ក្នុងរយៈពេល​១៥ឆ្នាំ»។

គោលដៅ​របស់​ប្រទេស​ឥណ្ឌា​អាច​សម្រេចបាន​ ដោយ​សារ​តែ​មាន​ការ​ធ្លាក់​ចុះ​ខ្លាំង​នៃ​ការ​ចំណាយ​នៅ​ក្នុងបង្កើត​ថាមពល​អគ្គិសនី​ពី​ពន្លឺ​ព្រះអាទិត្យ។

ដោយ​សង្ឃឹមថា​នឹង​អាច​ទាក់ទាញ​ថវិកា​១០០​ពាន់លាន​ដុល្លារ​ក្នុង​រយៈពេល​៧ឆ្នាំ​សម្រាប់​វិស័យ​ថាមពលអគ្គិសនី​ពី​ពន្លឺ​ព្រះអាទិត្យ​ រដ្ឋាភិបាល​កំពុង​តែ​កាត់បន្ថយ​ពន្ធដារ​ និង​អនុញ្ញាត​ឲ្យ​មាន​ការវិនិយោគ​ពី​បរទេស​១០០ ភាគរយ។

មាន​ការ​ចាប់អារម្មណ៍កើនឡើង​ជា​ខ្លាំង។ ក្នុង​សប្តាហ៍នេះ​ ប្រទេស​អាល្លឺម៉ង់​បាន​សន្យា​នឹងផ្តល​ប្រាក់​២,២៥ ​ពាន់​លាន​ដុល្លារ​ដល់​ការ​អភិវឌ្ឍ​ច្រក​ថាមពល​ស្អាត​ និង​គម្រោង​ថាមពល​ព្រះអាទិត្យផ្សេងៗ​នៅ​ប្រទេស​ឥណ្ឌា។ ប្រទេស​ដទៃ​ដែល​ចង់​ចូលរួម​មាន​ក្រុមហ៊ុន​ថាមពល​ប្រើប្រាស់​ឡើង​វិញ SunEdison ​ដែលមាន​តាំងទី​នៅ​សហរដ្ឋអាមេរិក​ ដែល​មាន​បំណង​វិនិយោគ​១៥​ពាន់​លាន​ដុល្លារ។ ក្រុមហ៊ុន​SoftBank​ របស់​ប្រទេស​ជប៉ុន​បាន​ប្រកាស២០​ពាន់​លាន​ដុល្លារ​ក្នុង​សហប្រតិបត្តិការ​ជាមួយ​ក្រុមហ៊ុន​ឥណ្ឌា​ និង​តៃវ៉ាន់​ដើម្បី​ដេញ​ថ្លៃ​យក​កិច្ចសន្យា​លើ​ការ​ផ្គត់ផ្គង់​ថាមពល​អគ្គិសនី​ពី​ពន្លឺ​ព្រះអាទិត្យ ស្របពេល​ដែល​ ក្រុមហ៊ុន Trina Solar​ របស់​ប្រទេសចិន​ក៏​គ្រោងនឹង​វិនិយោគ​៥០០​លានដុល្លា​ក្នុង​ការ​ផលិត​បន្ទះក្តារ​ស្រូបពន្លឺ​ព្រះអាទិត្យ​។

​លោក​Tobias Engelmeier ​ ស្ថាបនិក​នៃ​ក្រុមហ៊ុន​ប្រឹក្សា​យោបល់​លើ​ថាមពល​ប្រើប្រាស់ឡើងវិញ​ Bridge to India បាន​និយាយថា៖«យើង​ឃើញ​មាន​ចំណាប់អារម្មណ៍​យ៉ាង​ខ្លាំង​ពី​អ្នកវិយោគទុន​អន្តរជាតិ​ ដែល​បាន​ត្រៀម​លក្ខណៈ​ក្នុង​ការផ្តល់​នូវ​ទំហំ​ថវិកា​ ដែល​យើង​មិន​ធ្លាប់​ឃើញក្នុង​វិស័យ​ថាមពល​ព្រះអាទិត្យ​នៅ​កន្លែងផ្សេង​ពីមុនមក ហើយ​វា​អាច​ប្រៀបផ្ទឹម​នឹង​ការវិនិយោគ​ទុន​ថាមពល​ខ្នាតធំ​ ឧទាហរណ៍​ដូចជា ​ថាមពល​ប្រេងកាត​ ឬ​ថាមពល​កម្តៅ។ ​ដូច្នេះ នេះ​ជា​ការ​ផ្លាស់ប្តូរ​នៅ​ក្នុង​ទ្រង់ទ្រាយ​ធំ ហើយ​សំខាន់​មួយ» ។

​មនុស្ស​មួយចំនួន​បាន​សម្តែង​ការ​ព្រួយបារម្ភ​ទៅ​លើ​វត្តមាននៃ​ទី​វាលទំនេរ​សម្រាប់​គម្រោង​ថាមពល​ព្រះអាទិត្យ​ក្នុង​ទ្រង់ទ្រាយ​ធំ។

ប៉ុន្តែ​នៅក្នុង​ចំណោម​អ្នក​ចូលប្រឡូក​ថ្មី​ក្នុងវិស័យ​នេះ​ លោក​Inderpreet Wadhwa ​ ស្ថាបនិក​ក្រុមហ៊ុន ​Azure Power​ បាន​ច្រាន​ចោល​ការព្រួយបារម្ភនេះដោយ​និយាយថា ​គម្រោង​ថាមពល​ព្រះអាទិត្យ​ភាគច្រើន​កើត​មាន​នៅ​តំបន់​ដី​គ្មាន​ជីជាតិ​ និងស្ងួត​ហែង។ «អ្នក​មិនបាន​ជំនួស​ដី​ដែល​អាច​ប្រើប្រាស់​សម្រាប់​បុព្វហេតុណា​មួយផ្សេង​ទៀត​ឡើយ ជាពិសេស​ប្រសិនបើ​អ្នក​កំពុង​សាងសង់​ក្នុង​តំបន់​ដាច់ស្រយាល​ ឧទាហរណ៍​ដូច​ជា​ក្នុង​រដ្ឋRajasthan។ ប្រសិន​បើ​អ្នក​ជ្រើស​ដី​ចាក់​សំណល់ ​នេះ​នឹង​មាន​ដំណើរការងាយ​ស្រួល​សម្រាប់​ការគ្រប់គ្រង»។

ធ្យូង​បង្ក​ជា​ឧបសគ្គ​លើ​ការ​ចំណេញ​ពី​ថាមពល​ព្រះអាទិត្យ​?

ទោះបី​ជា​ប្រទេស​ឥណ្ឌា​កំពុង​តែ​ប្រញាប់​ប្រញាល​ទាញ​ថាមពល​ពីពន្លឺ​ព្រះអាទិត្យ​ក៏ដោយ​ តម្រូវការ​ថាមពល​ដ៏​លើសលប់​របស់​ប្រទេសនេះ​ក៏​បាន​ធ្វើ​ឲ្យ​មានការ​ជីក​រុករក​ធ្យូងថ្មជ្រៅ​ក្រោមដី​ ក្នុង​ក្តី​សង្ឃឹមថា​ផលិតកម្ម​ធ្យូង​នឹង​អាច​កើនឡើង​ទ្វេដង​ក្នុង​រយៈពេល​៥ឆ្នាំ។ ការ​ជំរុញ​នោះ​គឺ​មាន​ទៅ​លើ​រោងចក្រ​អគ្គិសនី​ថ្មីៗ​ដើរ​ដោយ​ថាមពល​ចំហេះ​ធ្យូងថ្ម ដែល​ត្រូវបាន​ចាត់​ទុក​ជា​កត្តា​កង្វក់​បរិស្ថាន​ដ៏​ខ្លាំង​បំផុត។

រដ្ឋាភិបាល​ឥណ្ឌា​និយាយថា​ ខ្លួន​គ្មាន​ជំរើស​ដើម្បី​ជំនួស​ការពឹងផ្អែកទៅលើ​ធ្យូងថ្ម​នេះ​ទេ។ ជាង​មួយ​ភាគបួន​នៃ​ចំនួន​ប្រជាជន​ទាំងអស់​ ដែល​មាន​ប្រមាណ ​៣០០​លាននាក់​ នៅ​គ្មាន​អគ្គិសនី​ប្រើប្រាស់​នៅ​ឡើយ។ ទីប្រជុំជន​ និង​ទីក្រុង​កំពុង​ប្រឈមទៅ​នឹង​កង្វះ​ថាមពល​អគ្គិសនី​ប្រើប្រាស់​យ៉ាង​ខ្លាំង។​

អ្នក​បរិស្ថាន​បាន​ដាស់តឿន​ថា ​រោងចក្រ​ផលិត​អគ្គិសនី​ថ្មីៗ​ដើរ​ដោយថាមពល​ចំហេះធ្យូងថ្ម​មាន​ន័យ​ថា ការបញ្ចេញ​កាបូន​របស់​ប្រទេស​ឥណ្ឌា​នឹង​កើនឡើង​ជាបន្តបន្ទាប់​សម្រាប់​រយៈពេល​ច្រើន​ឆ្នាំ​ទៅ​មុខ។

ប៉ុន្តែ​លោក Arunabha Ghosh ​បានបង្ហាញ​ថា​ ការព្រួយបារម្ភ​នេះ​ត្រូវ​យល់​ឃើញ​ជា​លក្ខណៈ​ទស្សនៈ​។

«មនុស្ស​ហាក់ដូចជា​មិន​ទទួល​ស្គាល់ថា អ្វី​ដែល​សំខាន់គឺ ​វា​មិន​ស្ថិត​នៅ​លើ​ថា​តើ​រោងចក្រផលិតធ្យូងថ្ម ​នឹង​ត្រូវ​គេ​សាងសង់​ ឬមិនសាងសង់​នោះ​ទេ។ តែ​អ្វី​ដែល​សំខាន់​ គឺ​ថាតើ​រោងចក្រ​ផលិត​ថាមពល​ធ្យូង​ថ្ម​ប៉ុន្មាន​ដែល​នឹង​មិន​ត្រូវ​សាងសង់​តាមរយៈ​ការ​ចាត់​ឡើង​នូវ​គោលដៅ​យ៉ាង​ខ្លាំង​ក្លា​នោះ​។ យើង​នឹង​បង្កើន​ឡើង​ពី​៨​ទៅ​១៣ភាគរយ​នៃ​ថាមពល​ប្រើប្រាស់​ឡើង​វិញ​នៅពាក់​កណ្តាល​សតវត្សរ៍​រហូត​ទៅ​ដល់​៣០ភាគរយ​នៅឆ្នាំ​២០៣០។ នេះ​ជា​ការផ្លាស់ប្តូរ​ពី​ខ្សែបន្ទាត់​គោល»។

ខុសពី​ប្រទេសចិន​ និង​សហរដ្ឋអាមេរិក​ ប្រទេស​ឥណ្ឌា​មិនបាន​កំណត់​កាលបរិច្ឆេទ​ សម្រាប់​ដាក់​កម្រិតខ្ពស់បំផុត​ ឬ​កាត់បន្ថយ​ការបញ្ចេញឧស្ម័ន​កាបូន​ឡើយ។ ប្រទេស​ឥណ្ឌា​គ្រាន់​តែ​គ្រោង​នឹង​កាត់​បន្ថយ​ល្បឿន​នៃ​កំណើនការបញ្ចេញ​ឧស្ម័ន ដោយ​អះអាង​ថា ការ​បញ្ចេញ​ឧស្ម័នក្នុង​មនុស្ស​ម្នាក់​នៅ​ក្នុង​ប្រទេស​ខ្លួន​មាន​ទាប​ខ្លាំង​បើ​ប្រៀបធៀប​នឹងប្រទេសដទៃ​ទៀត​ដូចជា​ សហរដ្ឋអាមេរិក​ ហើយ​កម្រិត​សម្រាប់​ប្រទេស​ឥណ្ឌា​នៅ​ឆ្នាំ​២០៣០ ​មិនទាន់​ចាប់ផ្តើម​នៅ​ឡើយ​ទេ៕

​ប្រែសម្រួល​ដោយ​៖ វិញ សុជាតា