នាយករដ្ឋមន្ត្រី​កម្ពុជានឹង​ទៅ​បំពេញ​ទស្សនកិច្ច​ផ្លូវការរយៈពេល៣ថ្ងៃ​នៅសាធារណរដ្ឋ​​បារាំង – នេន តូច

រាជធានីភ្នំពេញ៖ តាម​ការអញ្ជើញ​របស់​លោក ហ្វ្រ​ង់​ស័​រ ហូ​ឡង់ ( Francois Hollande ) ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​បារាំងលោក ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃព្រះរាជាណាចក្រកម្ពុជា នឹង​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​មួយ អញ្ជើញ​ទៅ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​សាធារណរដ្ឋ​បារាំង ពីថ្ងៃ​ទី​២៥ ដល់​ថ្ងៃទី​២៧ ខែតុលា ឆ្នាំ​២០១៥​។ នេះ​បើតាម​សេចក្តី​ជូន​ព័ត៌មាន​របស់​ក្រសួងការបរទេស​ និងសហប្រតិបត្តិការអន្តជាតិ។​

​សេចក្តី​ជូន​ព័ត៌មាន ចុះ​ថ្ងៃទី​២០​តុលា បានឲ្យដឺងទៀតថា គណៈប្រតិភូ​អមដំណើរ​រួមមាន លោក​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង រដ្ឋមន្ត្រី​ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តជាតិ លោក ថោង ​ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ លោក ​អង្គ ​វង្សវឌ្ឍានា រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ និង​សមាជិក​ដទៃទៀត នៃ​រាជរដ្ឋាភិបាល​កម្ពុជា​។​

សេចក្តី​ជូន​ព័ត៌មាន​ដដែល លើកឡើងថា ក្នុងអំឡុងពេល​ទស្សន​កិច្ចលោក ហ៊ុន សែន នឹង​ជួបចរចា​ជា​ផ្លូវការ​ជាមួយ​លោក ហ្វ្រ​ង់​ស័​រ ហូ​ឡង់ និង​ជួប​ជាមួយ​លោក ឡូ​រ៉ង់ ហ្វា​ប៊ី​យូ​ស ( Laurent Fabius ) រដ្ឋមន្ត្រីការបរទេស និង​ការ​អ​ភ​វិ​ឌ្ឍ​ន៍​អន្តរជាតិ​បារាំង និង​ធ្វើជា​អធិបតី ក្នុង​ពិធី​ចុះហត្ថលេខា​លើ​ឯកសារ​មួយចំនួន ដូចខាងក្រោម​៖
១-​អនុសញ្ញា ស្តីពី បត្យាប័ន​រវាង​រាជរដ្ឋាភិបាល​កម្ពុជា និង​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​បារាំង​
២-​កិច្ចព្រមព្រៀង ស្តីពី​ការអនុវត្ត​គំរោង​ផ្គត់ផ្គង់​ទឹកស្អាត នៅ​ខេត្តសៀមរាប​
៣-​កិច្ចព្រមព្រៀង ស្តីពី ការសាងសង់​សាលា​បណ្តុះ​បណ្តាល​ជាតិ​ជំនាញ​ទេសចរណ៍ និង​ឧស្សាហកម្ម​សណ្ឋាគារ​នៅ​ភ្នំពេញ និង​ខេត្ត​ព្រះសីហនុ​
៤-​កិច្ចព្រមព្រៀង ស្តីពី ការតភ្ជាប់ និង​ចែកចាយ​បណ្តាញ​អគ្គិសនី​ថ្មី នៅ​ខេត្តកំពង់ចាម ក្រចេះ និង​កោះកុង​
៥-​កិច្ចព្រមព្រៀង ស្តីពី ការប្តូរ​ហិរញ្ញវត្ថុ​សិ​ល្បះ​
៦-​កិច្ចព្រមព្រៀង​ស្តីពី​កម្មវិធី​អភិវឌ្ឍន៍​វិស័យ​អប់រំ បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ​។

ក្រៅពីនេះ លោក ​ហ៊ុន សែន នឹង​ជួប​សំណេះសំណាល​ជាមួយ​និស្សិត និង​ជនរួមជាតិ​កម្ពុជា​ពី​គ្រប់​ទីកន្លែង ក្នុងប្រទេស​បារាំង នៅ​ទីក្រុង​ប៉ារីស​៕

(រូបឯកសារ) លោក ហ៊ុន សែននាយករដ្ឋមន្ត្រីនៃកម្ពុជានឹង​ដឹកនាំប្រតិភូជាន់ខ្ពស់ ទៅ​បំពេញ​ទស្សនកិច្ច​ផ្លូវការ ​នៅសាធារណរដ្ឋ​បារាំង ពីថ្ងៃ​ទី​២៥ ដល់​ថ្ងៃទី​២៧​ ខែតុលា ឆ្នាំ២០១៥

(រូបថតឯកសារ) លោក ហ៊ុន សែននាយករដ្ឋមន្ត្រីនៃកម្ពុជានឹង​ដឹកនាំប្រតិភូជាន់ខ្ពស់ ទៅ​បំពេញ​ទស្សនកិច្ច​ផ្លូវការ ​នៅសាធារណរដ្ឋ​បារាំង ពីថ្ងៃ​ទី​២៥ ដល់​ថ្ងៃទី​២៧​ ខែតុលា ឆ្នាំ២០១៥

SPM will pay an official visit to France from 25-27 OCT 2015-3