បើ​បោះបង់​គ្រួសារ​ នឹង​ជាប់​ទោស​ព្រហ្មទណ្ឌ?


បើ​បោះបង់​គ្រួសារ​ នឹង​ជាប់​ទោស​ព្រហ្មទណ្ឌ?

ការ​បោះបង់​គ្រួសារ​ដោយ​មិន​ទទួល​ខុសត្រូវ​នឹង​ប្រឈម​មុខ​ជាប់​ពន្ធនាគារ​ប្រសិន​បើ​បុគ្គល​នោះ​មិន​គោរព​តាម​សេចក្ដី​សម្រេច​របស់​តុលាការ​ឲ្យ​បង់​នូវ​អាហារ​កាតព្វកិច្ច។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​ លោក សុខ សំអឿន ប្រធាន​ការិយាល័យ​​មេធាវី​ក្រុម​អ្នក​ច្បាប់ ​និង ជា​ទីប្រឹក្សា​អមរិន្ទ ប្រាប់​ Sabay កាល​ពី​ម្សិលមិញ។

 

“ច្បាប់​នេះ​គេ​សំដៅ​ទាំង​អស់ ​ទាំង​​គូ​ស្វាមី ​ភរិយា ដែល​មាន​អេតាស៊ីវិល និង មិន​មាន ដែល​បាន​ប្ដឹង​ទាមទារ​អាហារកិច្ច​ពី​ភាគី​ណា​មួយ ដើម្បី​ទទួល​ខុសត្រូវ​ដល់​ខ្លួន ឬ​កូន ហើយ​តុលាការ​បាន​ចេញ​សាល​ក្រម​ឲ្យ​បង់​​អាហារ​កាតព្វកិច្ច​”។ លោក​ សំអឿន បន្ថែម។

 

លោក​ សុខ សំអឿន បាន​​មាន​ប្រសាសន៍​ថាបើ “ខ្ញុំ​ឧទាហរណ៍ថា ជួន​កាល​ពួកគេ​ជាប្ដី-ប្រពន្ធ ដែល​មិន​បាន​ចុះ​អេតាស៊ីវិល​នោះទេ ប៉ុន្ដែ ពួកគេ​មាន​កូន ហើយ​ពួកគេ​​រស់នៅ​មិន​ចុះសម្រុង​នឹង​គ្នា ហើយ​ពួកគេ​មិន​ប្ដឹង​លែងលះ​នោះទេ តែ​ពួកគេ​បាន​ប្ដឹង​ទៅតុលាការ​ដើម្បី​​សុំ​អាហារ​កាតព្វកិច្ច​ ដូច្នេះ​ ប្រសិន​បើ​តុលាការ​ចេញ​សាល​ក្រម​ឲ្យ​បង់​អាហារ​កាតព្វកិច្ច​​ ហើយ​​បើ​មិន​គោរព​សាលក្រម ​គឺ​នឹង​មាន​ទោស​ហើយ”។

 

បើ​បោះបង់​គ្រួសារ​ នឹង​ជាប់​ទោស​ព្រហ្មទណ្ឌ?

លោក សុខ សំអឿន ប្រធាន​ការិយាល័យ​ក្រុម​អ្នក​ច្បាប់ និង ទីប្រឹក្សា​អមរិន្ទ (រូបថត៖ គណនីហ្វេសបុក សុខ សំអឿន)

 

ផ្អែក​តាម​ក្រម​ព្រហ្មទណ្ឌ​ មាត្រា ៣២៤ បទ​បោះបង់​គ្រួសារ​ បាន​ចែង​ថា ការ​មិន​គោរព​តាម​សេចក្ដី​សម្រេច​ស្ថាពរ​របស់​តុលាការ​ ដោយ​មិន​ព្រម​បង់​ក្នុង​រយៈពេល​ ២ (ពីរ) ខែ យ៉ាង​តិច​នូវ​អាហារ​កាតព្វកិច្ច​ដល់​សហព័ន្ធ​ ឬ អតីត​សហព័ន្ធ​របស់​ខ្លួន​ដល់​កូន​ជា​អនីតិជន ដល់​មច្ឆាញាតិ ឬ បុព្វញាតិ​ផ្សេង​ទៀត​របស់​ខ្លួន​នោះ ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី ១ (មួយ) ខែ​ ទៅ ១ (មួយ) ឆ្នាំ និង ពិន័យ​ជា​ប្រាក់​ពី មួយ​សែន​ រៀល ទៅ ២ លាន​រៀល។

 

លោក សុខ សំអឿន បាន​បន្ថែម​ថា ដើម​ឡើយ​នៅ​មិន​ទាន់​មាន​ច្បាប់​នេះ បុគ្គល​មួយ​ចំនួន​បាន​បង់​អាហារកិច្ច​ខ្លះ​មិន​បង់​ខ្លះ ហើយ​យូរ​ៗ​ទៅ​មិន​បង់​តែ​ម្ដង ហើយ​ភាគច្រើន​នៃ​ជនរងគ្រោះ​ គឺជា ​ស្ត្រី។ ដូច្នេះ ការ​ចែង​ច្បាប់​នេះ​ឡើង​ដើម្បី​ឲ្យ​មនុស្ស​គ្រប់​គ្នា​មាន​ទំនួល​ខុសត្រូវ​ និង ការ​គិតគូរ​អនាគត​ក្មេង​ផងដែរ៕

 

អត្ថបទ៖ ប៊ិន ប៊ុណ្ណា