​ចូរ​ស្វែងយល់​អំពី​ផលវិបាក​របស់​ជំងឺ​អ៊ុត​ស្វាយ​

​ចូរ​ស្វែងយល់​អំពី​ផលវិបាក​របស់​ជំងឺ​អ៊ុត​ស្វាយ​

​ជំងឺ​អ៊ុត​ស្វាយ​ជាធម្មតា​ជា​ជំងឺ​ស្រាល​ទេ ប៉ុន្តែ​វា​អាច​នឹង​ធ្ងន់ធ្ងរ និង​ឈាន​ដល់​មាន​ផលវិបាក​បាន​ជា​ពិសេស​អ្នក​ដែល​ប្រឈម​មុខ​ខ្ពស់​តែម្តង​។ ផលវិបាក​របស់​វា​មានដូចជា​៖

  • ​ការបង្ក​រោគ​ដោយ​បាក់តេរី​លើ​ស្បែក ជាលិកា​ទន់ៗ ឆ្អឹង សន្លាក់ ឬ​ចរន្តឈាម​
  • ​រលាក​សួត​
  • ​រលាក​ខួរក្បាល​
  • ​ចង្កោម​រោគសញ្ញា​ពុល​ស្យុក (Toxic Shock Syndrome)
  • ​មាន​ជំងឺ Reye’s Syndrome ចំពោះ​អ្នក​ដែល​ប្រើ​ថ្នាំ Aspirin ក្នុងពេល​មាន​ជំងឺ​អ៊ុត​ស្វាយ​

​អ្នក​ដែល​ប្រឈម​មុខ​ខ្ពស់​នឹង​ផលវិបាក​របស់​ជំងឺ​អ៊ុត​ស្វាយ​នោះ​មានដូចជា​៖

  • ​ទារក​ទើបនឹង​កើត​ពី​ម្តាយ​ដែល​មិន​ធ្លាប់​មាន​ជំងឺ​អ៊ុត​ស្វាយ ឬ​ចាក់​វ៉ាក់សាំង​ជំងឺ​នេះ​
  • ​មនុស្សពេញវ័យ​
  • ​ស្ត្រី​មាន​ផ្ទៃពោះ​ដែល​មិន​ធ្លាប់​មាន​ជំងឺ​អ៊ុត​ស្វាយ​
  • ​អ្នក​មាន​ប្រព័ន្ធ​ភាពស៊ាំ​ចុះខ្សោយ​ដោយ​ការប្រើ​ថ្នាំ​មហារីក ឬ​មាន​ជំងឺអេដស៍ ឬ​មហារីក​
  • ​អ្នក​ប្រើ​ថ្នាំ Steroid ព្យាបាល​ជំងឺ​ដូចជា ក្មេង​ជំងឺហឺត​
  • ​អ្នក​ប្រើ​ថ្នាំ​ទប់ស្កាត់​ប្រព័ន្ធ​ភាពស៊ាំ​

​ផលវិបាក​ផ្សេងៗ​ទៀត​នៃ​ជំងឺ​អ៊ុត​ស្វាយ​ក៏​អាច​ប៉ះពាល់​ដល់​ស្ត្រី​មាន​ផ្ទៃពោះ​ដែរ​។ ជំងឺ​អ៊ុត​ស្វាយ​ដែល​កើតឡើង​ក្នុង​ភាព​មាន​ផ្ទៃពោះ​នោះ​អាច​នាំឱ្យ​មាន​បញ្ហា​ច្រើន​ដល់​ទារក​ក្នុង​ផ្ទៃ​ដូចជា កូន​កើត​មិន​គ្រប់​ទម្ងន់ និង​កើតមក​ខូច​អវៈយវៈ​ដូចជា ដៃជើង​មិនធម្មតា​។ អ្វី​ដែល​ជា​ការ​គម្រាម​គំហែង​ដល់​ទារក​ខ្លាំង​ជាង​នេះ​ទៀត​គឺ​ម្តាយ​កើត​ជំងឺ​អ៊ុត​ស្វាយ​នៅ​មួយ​សប្តាហ៍​មុន​ពេល​សម្រាលកូន​។ នោះ​ហើយ​គឺជា​ការ  គម្រាម​គំហែង​ធ្ងន់ធ្ងរ​ដល់​ទារក​។

​បើសិន​ជា​អ្នក​មាន​ផ្ទៃពោះ និង​មិន​ទាន់​មាន​ប្រព័ន្ធ​ភាពស៊ាំ​នឹង​ជំងឺ​អ៊ុត​ស្វាយ​ទេនោះ ចូរ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​អំពី​ការប្រឈមមុខ​នេះ​ចំពោះ​អ្នក និង​កូន​មិន​ទាន់​កើត​ទៅ​៕

ប្រែសម្រួលដោយ៖ វេជ្ជ. ម៉េង សុខសៀន
 

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី21  តុលា ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។