MCL-2015៖ ជោគវាសនា ប៉ូលិស, ទ័ព និង Cam-Tiger នឹងកាត់សេចក្ដីនៅល្ងាចនេះ

ភ្នំពេញ៖ សប្ដាហ៍ចុងក្រោយក្នុងការប្រកួតសន្សំពិន្ទុជុំទី២ នៃពានរង្វាន់ MCL-2015 នឹងចាប់ផ្ដើមនៅរសៀលថ្ងៃទី២១ ខែតុលានេះហើយ ក្នុងនោះអ្នកគាំទ្របាននឹងកំពុងទន្ទឹងរង់ចាំអ៊ុតលទ្ធផលការប្រកួតរបស់ក្រុមជើងខ្លាំងចំនួន៣ ដែលមានពិន្ទុប្រកៀកប្រកិតគ្នា រួមមានក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិ (ប៉ូលិស) ក្រុម Cambodian Tiger និងក្រុមក្រសួងការពារជាតិ ។

ក្រុមទាំងបីនេះសុទ្ធតែត្រូវការ៣ពិន្ទុចាំបាច់ដូចគ្នា នៅក្នុងការប្រកួតបង្ហើយកិច្ចល្ងាចនេះ ដើម្បីដណ្ដើមកៅអីវគ្គ Play-Off ឬវគ្គ៤ក្រុមចុងក្រោយ ។ ចំពោះក្រុមប៉ូលិស ត្រូវប៉ះក្រុម Cambodian Tiger នាវេលាម៉ោង៦ល្ងាចនេះ នៅពហុ កីឡដ្ឋានជាតិ ។ នេះគឺជាជំនួបតានតឹងបំផុត ព្រោះក្រុមទាំងពីរ ត្រូវការឈ្នះចាំបាច់ដូចគ្នា ដើម្បីដណ្ដើមកៅអីវគ្គបន្ដ ។

ក្រុម Cambodian Tiger ពេលនេះមាន៣៧ពិន្ទុក្នុងដៃ នឹងឈរចំណាត់ថ្នាក់លេខ៤បណ្ដោះអាសន្ន បន្ទាប់ពីឆ្លងកាត់ ការប្រកួត២១លើក ឈ្នះ១១ ចាញ់៦ និងស្មើ៤ ។ រីឯក្រុមប៉ូលិស ឆ្លងផុត២១ប្រកួតដូចគ្នា រកបាន៣៥ពិន្ទុ ក្នុងនោះ ធ្លាប់ឈ្នះ១០ដង ចាញ់៦ដង និងស្មើ៥ដង ឈរនៅចំណាត់ថ្នាក់លេខ៦ជាបណ្ដោះអាសន្ន ។ ការប្រកួតនេះប្រសិនបើCambodian Tiger ឈ្នះ គឺត្រូវឡើងដោយស្វ័យប្រវត្តិ តែបើចាញ់វិញ នឹងធ្លាក់ ហើយក្រុមប៉ូលិស នឹងមានសង្ឃឹមក្នុង ការឡើងទៅវគ្គបន្ដ ប៉ុន្ដែត្រូវរង់ចាំអ៊ុតលទ្ធផលនៃការប្រកួតរបស់ក្រុមក្រសួងការពារជាតិ និងក្រុមណាហ្គាសិន ។

សម្រាប់ក្រុមក្រសួងការពារជាតិ (ទ័ព) ពេលនេះក៏មាន៣៥ពិន្ទុក្នុងដៃដែរ ហើយនៅរសៀលថ្ងៃនេះ ក្រុមឡើងជើងមួយនេះ នឹងធ្វើការប្រកួតជាមួយក្រុមម្ចាស់ទឹកដីវេស្ទើន ។ ការប្រកួតនេះ ទ័ព ត្រូវការឈ្នះជាចាំបាច់ ដើម្បីដណ្ដើមកៅ អីវគ្គ៤ក្រុមចុងក្រោយ ជាមួយក្រុមខ្លាំងចំនួន៣ទៀត គឺក្រុម Cambodian Tiger, ប៉ូលិស និងក្រុមណាហ្គាវើល ។

ដោយឡែកក្រុមណាហ្គាវើល ដោយសារពេលនេះមាន៣៨ពិន្ទុ និងឈរនៅចំណាត់ថ្នាក់លេខ៣ បណ្ដោះអាសន្ន ក្រុម នេះហាក់មិនសូវបារម្ភពីការរក្សាតំណែង Top-4 របស់ខ្លួនប៉ុន្មានឡើយ តែក៏មិនទាន់មានសង្ឃឹម ១០០% ដែរពោលគឺត្រូវចាំអ៊ុតលទ្ធផលការប្រកួតរបស់ក្រុមខ្លាំងៗទាំង៣ក្រុមខាងលើសិន ។ នៅថ្ងៃទី២២ ខែតុលាស្អែក ណាហ្គាវើល នឹងធ្វើការប្រកួតជាមួយក្រុមស្វាយរៀង ដែលការប្រកួតនេះ ណាហ្គាប្រាថ្នាត្រឹមស្មើប៉ុណ្ណោះ តែបើចាញ់ គឺអាចប្រឈម នឹងការធ្លាក់ ព្រោះណាហ្គា ធ្លាប់ប្រកួតចាញ់ក្រុមប៉ូលិស កាលពីជើងទី១ (លទ្ធផល ២-១) ហើយស្មើប៉ូលិស នៅជើង ទី២ (លទ្ធផល ១-១) ៕