អ្នកប្រដាល់៤រូប ប៉ះគ្នាក្នុងជុំទី២ នៃខ្សែ ក្រវាត់ K.Cement នៅសង្វៀន SEA-TV

ភ្នំពេញ៖ សម្រាប់ការប្រកួតវគ្គជម្រុះនៃខ្សែក្រវាត់ K.Cement ទម្ងន់ ៦៣,៥ ឝ.ក្រ នៅលើសង្វៀន SEA-TV បានឈានដល់ជុំទី២ហើយនៅល្ងាចថ្ងៃសៅរ៍ ទី២៤ ខែតុលា ឆ្នាំ២០១៥ ខាងមុខនេះ ដោយមានអ្នកប្រដាល់៤រូបរួមមាន ឆៃ សារ៉ា ក្លឹបសមាគមកីឡាក្រសួងការពារជាតិ អ្នកប្រដាល់ហេង វាសនា ក្លឹបព្រៃទទឹង ខេត្តបាត់ដំបង អ្នកប្រដាល់ ប្រាក់ រស្មី ក្លឹបតាឯកដំបងដែកមានរិទ្ធ និងអ្នកប្រដាល់ សេង ស្រឿន ក្លឹបព្រះខ័នរាជ ។

ក្នុងការប្រកួតលើនេះ អ្នកប្រដាល់ ឆៃ សារ៉ា គឺត្រូវជួប សេង ស្រឿន ក្លឹបព្រះខ័នរាជ រីឯអ្នកប្រដាល់ ប្រាក់ រស្មី ក្លឹបតាឯកដំបងដែកមានរិទ្ធ ប៉ះអ្នកប្រដាល់ ហេង វាសនា ក្លឹបព្រៃទទឹងខេត្តបាត់ដំបង ។

អ្នកប្រដាល់ទាំងពីរនាក់នេះ មានប្រវត្តិប្រកួតខុសគ្នាច្រើនដែរ ដោយសារ សារ៉ា ជាអ្នកប្រដាល់ស្រករក្រោយ រីឯ សេង ស្រឿន ជាអ្នកប្រដាល់ស្រករមុន ។ សារ៉ា មានប្រវត្តិប្រកួត៤២លើក ឈ្នះ៣៤ ចាញ់៦ និងស្មើ២ ហើយធ្លាប់ផ្តួលដៃគូប្រកួត ឲ្យសន្លប់ចំនួន១២ដង ។ ចំណែក សេង ស្រឿន វិញគេមានប្រវត្តិប្រកួត៦៨លើក ឈ្នះ៥២ដង ចាញ់១៤ដង ស្មើ២ដង និងធ្លាប់ផ្តួលដៃគូឲ្យសន្លប់ចំនួន៤ដង តិចជាង សារ៉ា ជាងពាក់កណ្តាល ។ ចំពោះការជួបគ្នាលើកនេះ លោក ញៀន សុធី អ្នកគ្រប់គ្រងការប្រកួតប្រចាំសង្វៀន SEA-TV បានមានជំនឿថា សេង ស្រឿន មិនអាចឈ្នះ ឆៃ សារ៉ា នោះឡើយ ទោះបីជា សេង ស្រឿន ជាអ្នកប្រដាល់ចាស់វស្សាក្តី ។

ចំណែកអ្នកប្រដាល់ ប្រាក់ រស្មី ក្លឹបតាឯកដំបងដែកមានរិទ្ធ និងអ្នកប្រដាល់ ហេង វាសនា ក្លឹបព្រៃទទឹងខេត្តបាត់ដំបង ។ អ្នកប្រដាល់ ហេង វាសនា ជាជើងខ្លាំងដោយមានប្រវត្តិប្រកួតចំនួន៥៨លើក ក្នុងនោះឈ្នះ៥០ដង ចាញ់៨ដង មិន ដែលស្មើ និងធ្លាប់ផ្តួលគូប្រកួតឲ្យសន្លប់៤ដង ។ រីឯ ប្រាក់ រស្មី មានប្រវត្តិប្រកួតចំនួន៤៦លើក ឈ្នះ៤៣ដង ចាញ់៣ មិនដែលស្មើដូចគ្នា និងធ្លាប់ផ្តួលដៃគូឲ្យសន្លប់បានចំនួន១២ដង ។

ការប្រកួតជាលក្ខណៈមិត្តភាពអ្នកប្រដាល់ ម៉ៅ ដាំដូច ក្លឹបខ្លារខិនមានរិទ្ធ ជួបប្រកួតជាមួយអ្នកប្រដាល់ ប៊ិត ប៊ុនធឿន ក្លឹបតាព្រហ្មមានជ័យ ក្នុងទម្ងន់៦៥គីឡូក្រាម ៕