ប្រើ​ទូរសព្ទ​អស់​ថ្លៃ មានន័យ​ម៉េច​វិញ?

ប្រើ​ទូរសព្ទ​អស់​ថ្លៃ មានន័យ​ម៉េច​វិញ?

ទូរសព្ទ​ជា​ឧបករណ៍​មួយ​ដែល​អនុញ្ញាត​ ឲ្យ​អ្នក​ប្រើប្រាស់​អាច​ទំនាក់ទំនង​គ្នា​បាន។ ទូរសព្ទ​ក្រៅ​ពី​មាន​មុខងារ​ចម្បង​ជា​មធ្យោបាយ​សម្រាប់​ការ​ទំនាក់ទំនង​គ្នា វា​ក៏​ជា​ឧបករណ៍​ដែល​ផ្តល់​ប្រយោជន៍​ជា​ច្រើនបើ​សិន​អ្នក​ប្រើប្រាស់​បាន​ស្វែង​យល់​និង​ប្រើប្រាស់​អស់​លទ្ធភាព។

 

ប្រើ​ទូរសព្ទ​អស់​ថ្លៃ មានន័យ​ម៉េច​វិញ?

 

អីចឹង​ តើ​ការ​ប្រើ​ទូរសព្ទ​ដៃ​ឲ្យ​អស់​លទ្ធភាព​មានន័យ​ម៉េច​ទៅ?

 

កំពុង​អង្គុយ​លើ​បង់​ក្រោម​ម្លប់​ឈើ​នៅ​មុខ​សាកលវិទ្យាល័យ​ បៀលប្រាយ​ លោក​ យុទ្ធិពលពិវី បាន​ប្រាប់​ថា ការ​ប្រើ​ទូរសព្ទ​អស់​ថ្លៃ​មាន​ន័យ​ថា អ្នក​ប្រើប្រាស់​បាន​ស្វែង​យល់​ពី​បច្ចេកវិទ្យា​ទូរសព្ទ​មិន​មែន​គ្រាន់​តែ​អាច​ប្រើប្រាស់​កាន់​សម្ញែង​និង​តេ​ចេញ​ចូល​តិចតួច​នោះ​ទេ។

 

លោក​ថា ទូរសព្ទ​ដែល​មាន​តម្លៃ​ថ្លៃ​មាន​បង្កប់​បច្ចេកវិទ្យា​ជា​ច្រើន ដែល​​អ្នក​ប្រើប្រាស់​អាច​ទាញ​ជា​ប្រយោជន៍ ដើម្បី​ស័ក្ដិសម​ទៅ​ការ​ចំណាយ​ដ៏​ខ្ពស់​លើ​ទូរសព្ទ​ដ៏​ទំនើប​នោះ។

 

យុវតី​ ស្រីនិ និង​ សៀវ​ហុង​ ដែល​អង្គុយ​ពិភាក្សា​គ្នា​ត្រៀម​ប្រលង​ចូល​សាលា​ពេទ្យ​ក៏​ឲ្យ​ដឹង​ដែរ​ថា ទំនោរ​ការ​ប្រើប្រាស់​ទូរសព្ទ​ទំនើប​មាន​ការ​កើន​ឡើង ប៉ុន្តែ​បើ​និយាយ​អ្នក​ចេះ​ប្រើប្រាស់​ចំ​គោលដៅ​មាន​តែ ២០ ទៅ ៣០ ភាគរយ​ប៉ុណ្ណោះ។

 

យុវតី​ទាំង​ពីរ​បន្ទរ​ទាំង​​ស្រប​គ្នា​ថា អ្នក​ប្រើប្រាស់​មួយ​ចំនួន​ទិញ​ទូរសព្ទ​សុទ្ធ​តែ​ទំនើប​ប៉ុន្តែ​បាន​តែ​ត្រឹម​ថត​រូប លេង​ហ្វេស​បុក មើល​យូធូប​និង​តេ​ចេញ​តេ​​ចូល​តិច​តួច​ប៉ុណ្ណោះ ដែល​នេះ​ជា​ខ្ជះខ្ជាយ​និង​ការ​ខាត​បង់​ដ៏​ធំ​មួយ។

 

ចំណែក​យុវតី​សម្បុរ​ស្រអែម ឧស្សាហ៍ ប្រាប់​ថា កញ្ញា​បាន​ប្រើប្រាស់​ទូរសព្ទ​ត្រកូល Galaxy S2 ជា​យូរ​ឆ្នាំ​មក​ហើយ តែ​និយាយ​ពី​ការ​ប្រើប្រាស់​កញ្ញា​មិន​បាន​ដឹង​ច្រើន​នោះ​ទេ។

 

កញ្ញា​ថា កញ្ញា​ចេះ​​ត្រឹម​លេង​​ហ្វេសបុក ​ខល​ទាក់ទង​គ្នា​តិចតួច​​ក្រៅ​ពី​នោះ​កញ្ញា​មិន​ចេះ​ប្រើ​កម្មវិធី​អី​ផ្សេង​ទៀត​ទេ។

 

អត្ថបទ៖ រក្សា