រឿង​ឧកញ៉ា​នៅ​កម្ពុជា​ធ្វើ​ដូចម្តេច​ដើម្បី​បាន​ងារ​ជា​ឧកញ៉ា ?

Sanofi

​ងារ​ជា​ឧកញ៉ា​នៅ​ប្រទេស​កម្ពុ​ជានា​សម័យ​បច្ចុប្បន្ន​កំពុងតែ​ពេញនិយម​យ៉ាងខ្លាំង ឱ្យតែ​ឮថា​អ្នកណាម្នាក់​មាន​ងារ​ជា​ឧកញ៉ា គឺ​មិនធម្មតា​ទេ មានន័យថា​អ្នកនោះ​មាន​ទាំង​ប្រាក់ និង អំណាច ។ ជួនកាល​មាន​បុគ្គល ឧកញ៉ា​មួយចំនួន ពេល​បាន​ងារ​ជា​ឧកញ៉ា​ហើយ យក​ងារ ឬ តួនាទី​ជា ឧកញ៉ា​នោះ​ទៅរក​ស៊ី​ខុសច្បាប់ ទៅ​ប្រព្រឹត្ត​បទល្មើស​ផ្សេងៗ​ប្រាសចាក​ពី​ប្រព័ន្ធ​ច្បាប់​ដែល​កំពុងមាន​ធរមានប្បញត្តិ ។

តាម​ដឹង​អ្នក​ដែល​បានទទួល​គោរមងារ​ជា លោក​ឧកញ៉ា អ្នកឧកញ៉ា និង ឧកញ៉ា នេះ​ទាល់តែ​អ្នក​ទាំងនោះ​មាន​ស្នាដៃ​ក្នុងការ​ចូលរួមចំណែក​កសាង​ប្រទេសជាតិ​តែ​ក៏មាន​ឧកញ៉ា​មួយចំនួន​បាន​អណ្តែត​ឡើង​ហើយក៏​លិចទៅ​វិញ ។​ ​តាម​ឯកសារ​ស្រាវជ្រាវ​បានឱ្យដឹងថា ងារ​ជា​ឧកញ៉ា​នេះ​បាន​កើតឡើង​តាំងពី​កំលុង​សតវត្សរ៍​ទី ១៩ មកម្ល៉េះ នៅ​ចន្លោះ​ឆ្នាំ ១៨៣០ ដល់ ឆ្នាំ ១៨៤០ ។ អ្នកប្រវត្តិសាស្ត្រ​រកឃើញ​ថា អ្នក​ដែលមាន​ងារ​ជា​ឧកញ៉ា​មាន​ចំនួន​មិនតិចជាង ២០០ នាក់​នោះទេ ។

នៅ​សម័យ​ក្រោយៗ​មកទៀត ដូចជា​ក្នុង​រាជ្យ​ព្រះបាទ អង្គ​ដួង អ្នក​ដែលមាន​ងារ​ជា​ឧកញ៉ា​បាន​កើនឡើង​កាន់តែ​ច្រើនឡើង ។ មូលហេតុ​ដែលនាំឱ្យ​កើនឡើង​នូវ​ងារ​ជា​ឧកញ៉ា​នេះ ដោយសារ​តែមាន​តម្រូវការ​របស់​ព្រះមហាក្សត្រ​នា​សម័យ​នោះ និង តម្រូវការ​របស់​សង្គម​ជាតិ ហើយ​ការផ្តល់​គោរមងារ​នេះ​ជាការ​លើកទឹកចិត្ត​ចំពោះ​បុគ្គល​ដែលមាន​ស្នាដៃ​ចំពោះ​ជាតិ​មាតុភូមិ​នាពេលនោះ ។​ ​បើតាម​សៀវភៅ​វចនានុក្រម​របស់​សម្តេច ព្រះសង្ឃរាជ ជួន ណាត ពាក្យ​ថា «​ឧកញ៉ា​»​គឺ គេ​សំដៅ​ដល់​អ្នក​ដែលមាន​ឋានន្តរស័ក្តិ​ថ្នាក់ខ្ពស់​បានសេចក្តីថា​អ្នកចេះ​ត្រួតត្រា​មុខការ​ក្នុង​ក្រសួង ឬ នាទី​របស់ខ្លួន ។

គោរមងារ​ជា​អ្នកឧកញ៉ាឬ ឧកញ៉ាត្រូវបាន​គេ​ស្គាល់​ជាទូទៅ​ថា​ជា​អ្នក​ដែលមាន​ស្នាដៃ​ជួយ​ជាតិ​យ៉ាង​ធំធេង។
ទាក់ទង​នឹង​បញ្ហា​នេះ​លោក មាន់ សារូ ប្រធាន​នាយកដ្ឋាន​គ្រឿង​ឥស្សរិយយស​នៃ​ទីស្តីការគណៈរដ្ឋមន្ត្រី​ឱ្យដឹងថា «​រហូតមកដល់​ពេលនេះ បើតាម​ទិន្នន័យ​ដែល​លោក​មាន​អ្នក​ដែលមាន​ងារ​ជា​ឧកញ៉ា​មាន​ចំនួន​ជិត​មួយ​ពាន់​នាក់​ទៅហើយ ។ ចំពោះ​អ្នក​បានទទួល​ងារ​ជា​ឧកញ៉ា គឺ​សប្បុរសជន​ទាំងឡាយ​ជា​ជនជាតិខ្មែរ​ដែល​បាន​ជួយ​កសាង​ជាតិ​អស់​ទឹកប្រាក់​លើសពី ១០ ម៉ឺន​ដុល្លារ​នោះ រាជរដ្ឋាភិបាល​នឹង​ពិនិត្យ​ស្នើ​ទៅ​ព្រះមហាក្សត្រ ដើម្បី​សុំ​ងារ​ជា​ឧកញ៉ា​ជូន​បុគ្គល​រូបនោះ ។

កន្លងមក​មិនមែន​តែ​រាជរដ្ឋាភិបាល​ទេ​ដែល​ស្នើសុំ​ងារ​ជា​ឧកញ៉ា​សម្រាប់​បុគ្គលិក​ណា​ម្នាក់​នោះ សូម្បីតែ​ប្រធានរដ្ឋសភា​ប្រធានព្រឹទ្ធសភា​ក៏មាន​សិទ្ធិ​ស្នើសុំ​ងារ​ជា​ឧកញ៉ា​នេះ​ពី​ព្រះមហាក្សត្រ​សម្រាប់​ជូន​បុគ្គល​ដែលមាន​គុណបំណាច់​ចំពោះ​ជាតិ មាតុភូមិ​» ។ លោក​បាន​មានប្រសាសន៍​បន្តទៀតថា «​អ្នក​ដែល​បានទទួល​ងារ​ជា​ឧកញ៉ា​ពី​ព្រះរាជក្រឹត្យ​របស់​ព្រះមហាក្សត្រ​មិនបាន​កំណត់​លក្ខណវិនិច្ឆ័យ​គុណសម្បត្តិ​អ្វី​ទេ សំខាន់​ឱ្យតែ​អ្នក​ដែល​ចង់បាន​ងារ​ជា ឧកញ៉ា ឬ អ្នកឧកញ៉ា​នោះ គ្រាន់តែ​ចូលរួម​បរិច្ចាគ​ថវិកា​ជួយ​ជាតិ​លើសពី ១០ ម៉ឺន​ដុល្លារ​ឡើងទៅ ។ វា​អត់​មានចែង​អី​ដែលជា​លក្ខណៈពិសេស​ខុសពី​អ្នក​ធម្មតា​នោះទេ ។

អត់​មាន​លក្ខណវិនិច្ឆ័យ ដែលថា​មាន​អភ័យឯកសិទ្ធិ​នោះទេ គ្រាន់តែ​ថា​ក្នុងសង្គម​យើង​សព្វថ្ងៃ​គ្រាន់តែ​ឮថា​ជា​ឧកញ៉ា អ្នកឧកញ៉ា គេ​សន្មត​ថា​អ្នកនោះ​ជា​អ្នកមាន និង ជា អ្នកមានគុណ​សម្បត្តិ​ចំពោះ​ប្រទេសជាតិ ។ តាម​ឯកសារ​គេ​បាន​បែងចែក​កម្រិត​គោរមងារ​ឧកញ៉ា មាន​បី​កម្រិត​ឋានៈ​ធំជាងគេ​គឺ​លោក​ឧកញ៉ា ឋានៈ​ទី ២ គឺ​អ្នកឧកញ៉ា និង កម្រិត ទី ៣ គឺ​ឧកញ៉ា ប៉ុន្តែ​កម្រិត​នៃ​ការបែងចែក​ទាំងបី​នេះ​មិនមាន​ឯកសារ​ណាមួយ​បញ្ជាក់​ឱ្យបាន​ច្បាស់លាស់ ឡើយ » ។ ​ទាក់ទិន​នឹង​ងារ​ជា​ឧកញ៉ា អ្នកឧកញ៉ា និង លោក​ឧកញ៉ា នេះដែរ លោក​អនុបណ្ឌិត សំបូរ មា​ណ្ណា​រ៉ា អនុប្រធាន​ផ្នែក​ប្រវត្តិសាស្ត្រ​នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ និង ជា​សាស្ត្រាចារ្យ​ផ្នែក ប្រវត្តិសាស្ត្រ​នៃ​សាកលវិទ្យាល័យ​បញ្ញា​សាស្ត្រ​កម្ពុជា​មានប្រសាសន៍ថា «​ក្នុង​ប្រវត្តិសាស្ត្រ​យើង​មាន ឧកញ៉ា​ជាច្រើន ដូចជា ឧកញ៉ា​ក្រឡាហោមគង់ មាន​ឧកញ៉ា​ខាង​ទ័ព ខាង​វាំង និង ឧកញ៉ា​ចក្រី ជាដើម ។

ក្នុងចំណោម​ឧកញ៉ា​ទាំងអស់នេះ​សុទ្ធ តែ​ជា​ងារ​ដែល​ព្រះរាជា​បានផ្តល់​ឱ្យ​ថា​ជា​អ្នក​ដែល​បានធ្វើ​បេសកកម្ម​ដើម្បី​ជីវិត​នៃ​សង្គមជាតិ ឬ ក៏​បំពេញបេសកកម្ម​ធ្វើ​កិច្ចការ​ដើម្បី​សង្គម ហើយ​ឧកញ៉ា​ទាំងនោះ​គឺជា​ដៃស្តាំ​របស់​ព្រះមហាក្សត្រ ដោយ​អ្នក​ទាំងអស់នោះ​បានធ្វើ​កិច្ចការ​ជាច្រើន​ជួយ​ដល់​ប្រជាពលរដ្ឋ​ទូទៅ​ជំនួស​ព្រះមហាក្សត្រ ហើយ​អ្នក​ដែល​អាច​បានទទួល​ងារ​ជា​ឧកញ៉ា ឬ អ្នកឧកញ៉ា​បាន​លុះត្រាតែ​អ្នក​ទាំងនោះ​មាន​លក្ខណសម្បត្តិ​ជួយ​ជាតិ​ជួយ​សង្គម និង ត្រូវបាន​គាំទ្រ​ដោយ​ព្រះមហាក្សត្រ និង ប្រជាពលរដ្ឋ » ។​

សាស្ត្រាចារ្យ​ប្រវត្តិសាស្ត្រ​រូបនេះ​បាន​រៀបរាប់​បន្តទៀតថា «​តាម​ប្រវត្តិសាស្ត្រ​អ្នក​ដែលមាន​ងារ​ជា​ឧកញ៉ា​ទាំងនោះ​ក្នុង​រយៈពេល​ពីរ​ឆ្នាំ​ម្តង​ត្រូវ​ឡើងមក​គាល់​ព្រះមហាក្សត្រ ។ ក្នុង​សម័យមុន​អ្នក​ដែលមាន​ងារ​ជា​ឧកញ៉ា​ត្រូវបាន​គេ​គោរព​កោតខ្លាច ។ ការគោរព​កោតខ្លាច​នេះ​មិនមែន​មកពី​គាត់​មានអំណាច​បុណ្យស័ក្តិ​នោះទេ ដោយសារតែ​គាត់​មានការ​លះបង់ និង មាន​ទឹកចិត្ត​ជួយ​ជាតិ​ជួយ​សង្គម​មានចិត្ត​ភក្តី​ភាពស្មោះត្រង់ និង សមត្ថភាព​ចំពោះ​ជាតិ​មាតុភូមិ​» ។​ ចំពោះ​បញ្ហា​អ្នកវិភាគ​ក្នុង​មជ្ឈដ្ឋាន​អ្នកច្បាប់​បានឱ្យដឹងថា អ្នក​ដែល​ចង់បាន​ងារ​ជា​ឧកញ៉ា នេះ​ត្រូវ​ចំណាយ​ថវិកា​ផ្ទាល់ខ្លួន​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​ក្នុងសង្គម​ជាតិ ដូចជា​សាលារៀន​មន្ទីរពេទ្យ វត្ត​អារាម រហូតដល់​អស់​ទឹកប្រាក់​ចាប់ ពី ១០ ម៉ឺន​ដុល្លារ​ឡើងទៅ ។

បន្ទាប់មក​មាន​គណៈកម្មកា​រ​វាយតម្លៃ​មួយ​វាយតម្លៃ​ទៅលើ​សមិទ្ធផល​នៃ​ទឹកប្រាក់​ដែល​បាន​ជួយ​កសាង​ជាតិ​ទាំងនោះ ។ ក្រោយពី​វាយតម្លៃ​ទៅលើ​សមិទ្ធផល ទាំងនោះ​រួច​ទើប​រៀបចំ​ឯកសារ​ស្នើសុំ​មក​ទី​ស្តី ការ​គណៈរដ្ឋមន្ត្រី និង ធ្វើ​គម្រោង​មួយ​ស្នើ​ទៅ​នាយករដ្ឋមន្ត្រី ។ បន្ទាប់ពី​ពិនិត្យ​លើ​គុណសម្បត្តិ​នៃ​បុគ្គល​នោះ​ហើយ នាយករដ្ឋមន្ត្រី​សុំ​អនុក្រឹត្យ​តែងតាំង​ពី​ព្រះមហាក្សត្រ​ឱ្យ​បុគ្គល​នោះ​ធ្វើជា ឧកញ៉ា ។ ក្រៅពី​ការវាយតម្លៃ​ទៅលើ​ទឹកប្រាក់​ជួយ​កសាង​ជាតិ​គេ​ក៏​វាយតម្លៃ​ទៅលើ​អត្តចរិត​នៃ​អ្នក​ដែល​ចង់បាន​ងារ​ជា​ឧកញ៉ា​នោះ​ផងដែរ ។ បើតាម​ក្រុមអ្នកវិភាគ​ក្នុង​មជ្ឈដ្ឋាន​អ្នកច្បាប់​ដែល​បាន​ចងក្រង​នូវ​ទិន្នន័យ​ចំនួន​ឧកញ៉ា​នៅក្នុង​ប្រទេស​កម្ពុជា​បានឱ្យដឹងថា គិត​ត្រឹម​ខែកុម្ភៈ ឆ្នាំ ២០១៤ អ្នក​ដែល​បានទទួល​ងារ​ជា​ឧកញ៉ា ដែលព្រះមហាក្សត្រ ព្រះអង្គ​ទ្រង់​ចេញ​ព្រះរាជក្រឹត្យ​តែងតាំង​មាន​ចំនួន ៧០៤ នាក់ ៕​ នី​តា​

Related