រថយន្តក្រុង​ដឹក​អ្នកដំណើរ​ពន្លះ​ម៉ូតូ​​ស្លាប់​បុរស​ម្នាក់ នៅ​ស្រុក​អង្គស្នួល

ខេត្តកណ្តាល​ ៖ រថយន្តក្រុង​របស់​ក្រុមហ៊ុនអូ​ឡាំ​ពិ​ក​ដឹក​អ្នកដំណើរ​ (​ព្រះ​សីហ​នុ​-​ភ្នំពេញ) ​​​​បាន​ពន្លះ​​ម៉ូតូ​មួយគ្រឿង​​ ​បណ្តាល​ឱ្យ​បុរស​ម្នាក់​​ស្លាប់​យ៉ាង​អា​ណោ​ច​អា​ធ័ម​កាលពី​វេលា​ម៉ោង​១១​និង​៤៥​នាទី​យប់​ថ្ងៃ​ទី​២០ ​តុលា ​​២០១៥ នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤ ស្ថិត​ក្នុងភូមិ​កៅ ឃុំ​បែក​ចាន ស្រុក​អង្គស្នួល ​ ។

​អ្នក​​រង​គ្រោះ​ដែល​ស្លាប់​​ឈ្មោះ ម៉ុ​ល ឌៀប អាយុ​២១​ឆ្នាំ​ ​ជា​កម្មករ​រោងចក្រ​ផ្លាស​ស្ទិ​ក ស្នាក់​នៅ​ភូមិ​បែក​ចាន មានស្រុក​កំណើត​នៅ​ភូមិដង​ខ្វិត ឃុំ​វាល​ពន់ ស្រុក​ព្នង ខេត្ត​កំពង់ស្ពឺ ជិះ​ម៉ូតូ​ម៉ាក​ហុងដា​​​ឌ្រី​ម ធុន​​សេ​១២៥ ស៊េរី​ឆ្នាំ​២០១០ ព​ណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​កំពង់ស្ពឺ 1D-6948 ។

ប្រភព​ពី​មិត្តភក្តិ​បុរស​​រង​គ្រោះ​​ បាន​និយាយ​ថា ​​មុន​ពេល​កើតហេតុ ​​បុរស​​រង​គ្រោះ​​ចេញពី​ធ្វើការរួច​​​មក​លេងផ្ទះ​មិត្តភក្តិ​នៅ​ម្តុំ​អូរ​ដឹ​ម ហើយ​បាន​ផឹកស៊ី​ជួបជុំ​គ្នា រហូត​ដល់​វេលា​​ម៉ោង​កើតហេតុ ​បុរស​​រង​គ្រោះ​បាន​សំុម​ក​ផ្ទះ​មុន ​​ព្រោះ​យប់​ជ្រៅ​ពេក តែ​ដោយ​មិន​ទុកចិត្ត​ និង​ខ្លាច​មាន​គ្រោះថ្នាក់ ក៏​បាន​ជូន​ជន​រង​គ្រោះ​ដោយ​ជិះ​ម៉ូតូ​២​គ្រឿង​អមមក​ជាមួយ​ថែម​ទៀត លុះ​​​មក​ដល់​ចំណុច​កើតហេតុ ក៏​មាន​រថយន្តក្រុង​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ​ ព​ណ៌​ក្រហម ​ពាក់​ស្លាក​លេខ 3B-5190 របស់​ក្រុមហ៊ុនអូ​ឡាំ​ពិ​ក ដឹក​អ្នក​ដំណើរ បើក​ទិស​ដៅ​ពី​លិចទៅ​កើត ដោយ​ចេញពី​ក្រុងព្រះសីហនុមក​ភ្នំពេញ នៅ​ក្នុង​រថយន្ត​ដឹក​សុទ្ធតែ​ជន​បរទេស បាន​វ៉ា​រថយន្ត​មួយ​គ្រឿង​ទៀត​នៅ​ខាង​មុខក៏​ជ្រុល​ចូល​ទៅ​ខាងឆ្វេង​ដៃ​ជា​ផ្លូវ​របស់​ម៉ូតូ ដែល​ជិះ​ទិស​ដៅ​ពី​កើត​ទៅ​លិច បុក​ចំ​ពីមុខ​ម៉ូតូ​ជន​រង​គ្រោះ​​​ពេញទំហឹង បណ្តាល​ឱ្យ​​បោក​ផ្ទប់​នឹង​ក្បាល​រថយន្ត បែកក្បាល​ផុង​លលាដ៍ ធ្លាយ​ខួរ ប៉ើង​ទាំង​ម៉ូតូ​និង​មនុស្ស​​ហោះ​ទៅ​ម្ខាង​ផ្លូវស្លាប់​ភ្លាម​ៗ​តែ​ម្តង ។​ ចំណែក​រថយន្ត​ដាច់​កង់​ខាង​មុខ និង​បែក​ជញ្ជាំង​ខាង​មុខ​ផ្នែ​ង​ខាងឆ្វេងយ៉ាងដំណំ ហើយ​រថ​យន្ត​បាន​បន្ត​ល្បឿនទៅ​មុខ​ជាង​១០០​ម៉ែត្រ​ទើប​ឈប់ ​ក្រោយ​កើតហេតុ​​អ្នក​បើក​បរ​​បាន​​រត់គេច​ខ្លួន​បាត់​ស្រមោល បន្សល់​តែ​អ្នកដំណើរ​នៅ​ពេញ​ក្នុង​រថយន្ត​ ​។

ក្រោយ​ពេល​កើតហេតុ អ្នក​ដែល​ជិះ​ក្នុង​រថយន្ត​បង្ក ត្រូវ​បាន​រថយន្ត​១​គ្រឿង​ផ្សេង​ទៀត​មក​ដឹក​​បន្ត ​ហើយ​រថយន្ត​បង្ក​និង​ម៉ូតូ ​ត្រូវ​បាន​សមត្ថកិច្ច​​ធ្វើការ​វាស់​វែង​រួច​​នាំ​យក​ទៅ​រក្សា​ទុក​អធិការ​នគរបាល​ស្រុក​អង្គស្នួល ​ដើម្បី​រង់​​ចាំ​ការ​ដោះស្រាយ ។ រីឯ​សព​ជន​រង​គ្រោះ​សមត្ថកិច្ច​ធ្វើ​កំណត់ហេតុ​រួច​បាន​ប្រគល់​ឱ្យ​​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅ​ឯ​ស្រុក​កំណើត  ៕​​