គ្រោះថ្នាក់​ចរាចរណ៍​តិចតួច តែ​​ភាគី​ទាំង​២មិន​ព្រម​និយាយ​រក​គ្នា

រាជធានី​ភ្នំពេញ ៖ រថយន្ត​បត់​​ឆ្វេង​​ជិត​​ផុត​ហើយ​ ក៏មាន​ម៉ូតូ​ជិះ​កាត់ពី​មុខ ​​ធ្វើ​ឱ្យ​​រថយន្ត​ចាប់​ហ្វ្រាំង​មិន​​ទាន់​ជ្រុល​ ​ទៅ​បុក​​​រង​ការ​ខូច​ខាត​​តិចតួច​ និង​​មិន​​មាន​​រង​​របួស​​ទេ តែ​​ភាគី​ទាំង​២​​​មិន​​ព្រម​​និយាយ​ចរចា​គ្នា​ ទុក​ឱ្យ​​សមត្ថកិច្ច​វាស់វែង​​យក​ទៅ​ដោះ​ស្រាយ ដែល​គ្រោះថ្នាក់​នេះ​ កើតឡើង​កាលពី​​វេលា​ម៉ោង០​៩ ​និង​១៥​នាទី​​យប់​ថ្ងៃ​ទី​២០ ​តុលា ស្ថិត​ត្រង់​ចំណុច​មហាវិថី​ម៉ៅ​សេ​ទុង​ កែង​​១៩៣  សង្កាត់​ទួល​ស្វាយព្រៃ​១ ខណ្ឌចំការមន ។

រថយន្ត​​បង្ក​ម៉ាក KIA  Picanto ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ​ភ្នំពេញ 2AD-2456 បើក​ដោយ​​ស្ត្រី​ម្នាក់តាម​ផ្លូវ​លេខ​១៩៣ ពី​ជើង ទៅ​ត្បូង ​ដល់​ផ្លូវកែង​​ឆ្លងផ្លូវ​ជិត​ផុត ស្រាប់តែ​មាន​ម៉ូតូ​វី​វ៉ា ពណ៌​ក្រហម ពាក់​ស្លាក​លេខ​ភ្នំពេញ 1H 0746 បើកបរ​តាម​មហាវិថី​ម៉ៅ​សេ​ទុងពី​កើត​ទៅ​លិច បាន​បើក​មក​កាត់មុខ​រថយន្ត ។

ប្រភព​បាន​ឱ្យ​​ដឹង​ថា មុន​ពេល​កើតហេតុ​ រថយន្ត​បង្ក​បត់​ឆ្វេង​ផ្លូវ​ជិត​ផុត​ហើយ ស្រាប់​តែ​ម៉ូតូ​ជិះ​កាត់មុខ​ធ្វើ​ឱ្យ​រថយន្ត​ចាប់​ហ្វ្រាំង​មិន​ទាន់​ជ្រុល​ទៅ​បុក​ម៉ូតូ​ដួល​មិន​បណ្តាល​ឲ្យ​រងរបួស​ទេ គ្រាន់តែ​បែក​កំបាំង​ម៉ូតូ រីឯ​រថយន្ត​បែក​កាង​មុខ​ខាងឆ្វេង​បន្តិច ។

ក្រោយ​ពេល​កើតហេតុ ​ភាគី​ទាំង​សងខាង​​សូ​ម្បី​តែ​មួយ​ម៉ាត់​ ក៏​មិន​ព្រម​និយាយ​រកគ្នា​​ដែរ សុខចិត្ត​ឈរ​នៅ​ស្ងៀម​មិន​និយាយ​ស្តី​ទាល់តែ​សមត្ថកិច្ច​វាស់វែង​ ទើប​និយាយ​មួយ​ម៉ាត់​ម្នាក់​ទាមទារ​យក​ត្រូវ​គ្នា​រៀងខ្លួន ​ក៏​ត្រូវ​សមត្ថកិច្ច​យក​ទៅ​ដោះស្រាយ​នៅ​ការិយា​ល័យ​នគរបាល​ច​រាចរណ៍​ផ្លូវគោក​ដោះស្រាយ​តាម​ច្បាប់​៕