​យោបល់ សាច់ញាតិ​និង​អ្នក​គាំទ្រ ​ចូល​មើល​ការ​ប្រកួត​ប្រដាល់​ថ្នាក់​ជាតិ


​យោបល់ សាច់ញាតិ​និង​អ្នក​គាំទ្រ ​ចូល​មើល​ការ​ប្រកួត​ប្រដាល់​ថ្នាក់​ជាតិ

ការ​ប្រកួត​ជ្រើសរើស​ជើង​ឯក​ប្រដាល់​ថ្នាក់​ជាតិ​ប្រចាំ​ឆ្នាំ ២០១៥ ​បាន​ចាប់​ផ្ដើម​តាំង​ពីថ្ងៃ​ទី​១៩​ខែ​តុលា​នេះ ដោយ​មាន​កីឡាករ​ជា​ច្រើន​មក​ពី​បណ្ដា​ក្លិប​ប្រដាល់​នានា​ទូទាំង​ប្រទេស​កម្ពុជា​មក​ចូល​រួម​ប្រកួត ដែល​ការ​ប្រកួត​មាន​៣​វិញ្ញាសា​គឺ​ប្រដាល់​សកល​បុរស ប្រដាល់​សេរី​​បុរស​ និង​ប្រដាល់​សកល​​នារី។

 

ដោយសារ​តែ​វា​ជា​ការ​ប្រកួត​ធំ​ប្រចាំ​ឆ្នាំ​និង​មាន​កីឡាករ​ថ្មី​ៗ​ច្រើន​ ​ក្នុង​ឆ្នាំ​នេះ​មាន​សាច់ញាតិ​របស់​កីឡាករ​ជា​ច្រើន​បាន​ធ្វើ​ដំណើរ​ដោយ​មធ្យោបាយ​ផ្ទាល់​ខ្លួន ដើម្បី​មក​លើក​ទឹក​ចិត្ត​ដល់​កូន ក៏​ដូច​ជា​បង ប្អូន របស់​ពួកគេ​ផ្ទាល់​អំឡុង​ពេល​ប្រកួត។

 

​យោបល់ សាច់ញាតិ​និង​អ្នក​គាំទ្រ ​ចូល​មើល​ការ​ប្រកួត​ប្រដាល់​ថ្នាក់​ជាតិ

 

លោក គៀន វណ្ណា រស់​នៅ​ខេត្ត​កណ្ដាល​ដែល​នាំ​ប្អូន​ប្រុស​មក​ប្រកួត​ក្នុង​វិញ្ញាសា​ប្រដាល់​សកល បាន​ប្រាប់​អារម្មណ៍​របស់​ខ្លួន​ដល់ Sabay ​ថា ៖ “សប្បាយ​ចិត្ត​ណាស់ ដែល​បាន​មក​មើល​ការ​ប្រកួត​​ជា​សាធារណៈ​ និង​មាន​បងប្អូន​យើង​មក​ច្រើន​អីចឹង។ វា​ជា​រឿង​ល្អ​ដែល​ខាង​សហព័ន្ធ​បាន​រៀបចំ​ការ​ប្រកួត​នេះ​ឡើង ដើម្បី​ឱ្យ​កីឡាករ​ក្មេង​ៗ​ជំនាន់​ក្រោយ​បាន​បញ្ចេញ​សមត្ថភាព។ ត្បិត​តែ​វា​មិន​បាន​រង្វាន់​ច្រើន ខ្ញុំ​ជឿ​ថា​កីឡាករ​ទាំង​អស់​នឹង​ប្រឹង​ឱ្យ​អស់​សមត្ថភាព ដើម្បី​ជ័យជម្នះ”។

 

ងាក​ទៅ​ខាង​អ្នក​ស្រី ឃិន ស្រីវីដ ​ដែល​នៅ​ភ្នំពេញ​នេះ​វិញ មិន​មាន​បងប្អូន​ណា​មក​ប្រកួត​នោះ​ទេ ប៉ុន្តែ​អ្នក​ស្រី​តែងតែ​មក​មើល​ការ​ប្រកួត​ជា​លក្ខណៈ​ទូទៅ​អីចឹង ព្រោះ​មើល​ទៅ​សប្បាយ បាន​ហ៊ោកញ្ជ្រៀវ​ជាមួយ​គេ​ឯង។ “ខ្ញុំ​ទើប​តែ​ចេះ​មើល​ប្រដាល់​ដែរ​ហ្នឹង… ​ហើយ​តាំង​ពី​មើល​​ម្ដង​មក ចូល​ចិត្ត​ម៉ង់។ ខ្ញុំ​ចូល​ចិត្ត ឡៅ ចន្ទ្រា អីនឹង ព្រោះ​គាត់​មើល​ទៅ​វ៉ៃ ឡូយ។ ត្បិត​តែ​ប្រដាល់​ថ្នាក់​ជាតិ អត់​សូវ​មាន​ជើង​ខ្លាំង​មែន តែ​មើល​ទៅ​សប្បាយ​ណាស់ បាន​សើច​រហូត”។ ​ស្រីវីដ ប្រាប់ Sabay ។

 

ដោយ​ឡែក លោក​តា​វ័យ​៦០​ឆ្នាំ គឹម សុគន្ធា ​មក​ពី​ខេត្ត​កំពង់​ធំ ដែល​ជូន​កូន​ប្រុស​២​នាក់​មក​ឡើង​ប្រកួត​ដណ្ដើម​ជើង​ឯក​ដែរ​នោះ បាន​និយាយ​ថា៖ “សហព័ន្ធ​ធ្វើ​អីចឹង​ល្អ ព្រោះ​បាន​ឱ្យ​កីឡាករ​ទាំង​អស់​បង្ហាញ​សមត្ថភាព​ពិត​បាន ទោះ​ខ្លះ​​វ៉ៃខ្សោយ​បាន​មិន​ដល់​១​ទឹក​សន្លប់​ ក៏ពួកគេ​បាន​ដឹង​ពី​សមត្ថភាព​ខ្លួន​ឯង​ដែរ។ ខ្ញុំ​ពេញ​ចិត្ត​ការ​ប្រកួត​អីចឹង។ តែ​រឿង​មួយ ខ្ញុំ​អត់​សូវ​ពេញ​ចិត្ត​គឺ​ប្រាក់​រង្វាន់។ ចង់​ឱ្យ​បាន​ច្រើន​ជាង​នេះ​តិច ព្រោះ​កីឡាករ​ខ្លះ​មក​ឆ្ងាយ​ខ្លាំង​ណាស់”។

 

ការ​ប្រកួត​ជើង​ឯក​ថ្នាក់​ជាតិ​ឆ្នាំ​នេះ មាន​កីឡាករ​សរុប​៥៤៥​នាក់ ដោយ​កីឡាករ​ចុះ​ឈ្មោះ​ម្នាក់​បាន​៤​ម៉ឺន​រៀល​និង​បាន​បាយ​៣​ពេល​ក្នុង​មួយ​ថ្ងៃ។ ចំពោះ​ប្រាក់​រង្វាន់​វិញ ជើង​ឯក​នឹង​ទទួល​បាន​៣០​ម៉ឺន​រៀល លេខ​២​បាន​២០​ម៉ឺន​រៀល ​លេខ​៣​និង​លេខ​៣​ស្ទួន​បាន​១៦​ម៉ឺន​រៀល​ដូច​គ្នា។ ដោយ​ឡែក​ការ​ប្រកួត​នេះនឹង​បញ្ចប់​នៅ​ថ្ងៃ​ទី​២៨​ចុង​ខែ​នេះ៕

 

​យោបល់ សាច់ញាតិ​និង​អ្នក​គាំទ្រ ​ចូល​មើល​ការ​ប្រកួត​ប្រដាល់​ថ្នាក់​ជាតិ

 

​យោបល់ សាច់ញាតិ​និង​អ្នក​គាំទ្រ ​ចូល​មើល​ការ​ប្រកួត​ប្រដាល់​ថ្នាក់​ជាតិ

 

​យោបល់ សាច់ញាតិ​និង​អ្នក​គាំទ្រ ​ចូល​មើល​ការ​ប្រកួត​ប្រដាល់​ថ្នាក់​ជាតិ

 

​យោបល់ សាច់ញាតិ​និង​អ្នក​គាំទ្រ ​ចូល​មើល​ការ​ប្រកួត​ប្រដាល់​ថ្នាក់​ជាតិ

 

អត្ថបទ៖ មុន្នី រម្យ