នៅ​ក្នុង​រដ្ឋសភា លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ​ប្រាប់​​ឲ្យ​​គណ​បក្ស​​​​​សង្គ្រោះ​ជាតិ​​​មាន​ការ​​​​គួរ​សម​

ដោយ​ខឹង​នឹង​សារ​​ហ្វេស​ប៊ុក​ថ្មីមួយ​​​បង្ហោះ​​​ដោយ​​អ្នក​នាំពាក្យ​គណបក្ស​ប្រឆាំង​ និង​ការ​អត្ថាធិប្បាយ​​របស់​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​​​មួយ​រូប​ទៀត​អំពី “​ផែន​ការ ​ក៥​”​​ដ៏​គ្រោះ​ថ្នាក់​របស់​រដ្ឋាភិបាល​ក្នុង​ទសវត្សរ៍​ឆ្នាំ​១៩៨០ ​​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាល​​​ពី​ម្សិល​មិញ​បាន​ប្រើ​ប្រាស់​វេទិកា​​សភា​​ដើម្បី​ព្រមាន​តំណាង​រាស្ត្រ​គណបក្ស​ប្រឆាំង​​ឲ្យ​មាន​​​​ការ​គួរសម​ជាង​នេះ​។

​លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី ហ៊ុន សែន ចុះ​​​វត្ត​​​មាន​​​ មុន​​​ពេល​​​ចូល​​​រួម​​​សម័យ​​​ប្រជុំ​​​នៅ​​​រដ្ឋ​​​សភា​​​ កាល​​​ពី​​​ម្សិលមិញ ដើម្បី​​​ពិភាក្សា​​​ដេញ​​​ដោ​​​ល​​​អំពី​​​ច្បាប់​​​ស្តី​​​­ពី​​​កិច្ច​​​សហប្រតិបត្តិការ​​​ពាណិជ្ជកម្ម និង​​​សេដ្ឋកិច្ច​​​ជាមួយ​​​ប្រទេស​​​បេឡារុស​​​។ រូបថតៈ សីុវ  ចាន់ណា​​​/The Cambodia Daily

​លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី ហ៊ុន សែន ចុះ​​​វត្ត​​​មាន​​​ មុន​​​ពេល​​​ចូល​​​រួម​​​សម័យ​​​ប្រជុំ​​​នៅ​​​រដ្ឋ​​​សភា​​​ កាល​​​ពី​​​ម្សិលមិញ ដើម្បី​​​ពិភាក្សា​​​ដេញ​​​ដោ​​​ល​​​អំពី​​​ច្បាប់​​​ស្តី​​​­ពី​​​កិច្ច​​​សហប្រតិបត្តិការ​​​ពាណិជ្ជកម្ម និង​​​សេដ្ឋកិច្ច​​​ជាមួយ​​​ប្រទេស​​​បេឡារុស​​​។ រូបថតៈ សីុវ ចាន់ណា​​​/The Cambodia Daily

​វិល​ត្រឡប់​ពី​វិសម​កាល​​​​រយៈ​ពេល​៣ខែ​ពី​​​រដ្ឋសភា​ដែល​អំឡុង​ពេល​នោះ​លោក​បាន​ប្រើ​​​​​​ប្រាស់​​សុន្ទរកថា​មួយ​ចំនួន​ដើម្បី​ប្រៀប​ធៀប​គណបក្ស​សង្គ្រោះ​ជាតិ ​ទៅ​នឹង​​ខ្មែរ​ក្រហម លោក ហ៊ុន សែន ​​បាន​ប្រឈម​មុខ​​ជា​មួយ​​​ក្រុម​តំណាង​រាស្ត្រ​គណបក្ស​ប្រឆាំង​ដែល​ចង់​បញ្ចេញ​មតិ​យោបល់​​​​របស់​ខ្លួន​​អំឡុង​​​​​ពេល​​ពិភាក្សា​ដេញ​ដោល​​ស្តីពី​កិច្ច​ព្រម​ព្រៀង​​​​​​ពាណិជ្ជ​​​កម្ម​​មួយ​ជាមួយ​​ប្រទេស​បេឡារុស។

លោក លឹម គឹមយ៉ា ​តំណាង​រាស្ត្រ​គណ​បក្ស​​​សង្គ្រោះជាតិ ​​បាន​​ថ្លែង​​ទៅ​កាន់​អង្គ​​សភា​ថា “ខ្ញុំ​នឹង​និយាយ​តែ​រឿង​ពាណិជ្ជកម្ម​ និង​សេដ្ឋ​កិច្ច​ប៉ុណ្ណោះ​ដើម្បី​ចង់​ដឹង​ថា ​តើ​កិច្ច​ព្រម​ព្រៀង​​​​​​នេះ​នឹង​ផ្ដល់​អត្ថប្រយោជន៍​អ្វី​ខ្លះ​” មុន​ពេល​​ចូល​ដល់​ប្រធាន​បទ​នយោបាយ​មិន​ច្បាស់​លាស់​​​ស្ដីពី​សេដ្ឋកិច្ច។

លោក​បាន​ចោទ​សួរ​ថា ”​ហេតុ​អី​កម្ពុជា​​ ទទួល​​​​បាន​​ការ​អនុគ្រោះ​ [ពាណិជ្ជកម្ម​] ពី​ប្រទេស​ជាច្រើន​? ​ពីព្រោះ​ប្រជា​ពល​រដ្ឋ​របស់​យើង​​​​​ធ្លាប់​រស់​នៅ​ក្រោម​របប​​​ប្រល័យ​ពូជ​សាសន៍​ខ្មែរ​ក្រហម​អស់​រយៈ​ពេល​ជាង​៣​ឆ្នាំ ហើយ​បន្ទាប់​​មក​រស់​នៅ​ក្រោម​​​ពួក​អាណា​និគម​បរទេស​​​ដូច​ជា​ ក៥​ ជា​ដើម”។

សូមរំឭក​ថា “​ផែន​ការ​ ក៥” ដែល​​រៀបចំ​ឡើង​ដោយ​វៀតណាម ​​បន្ទាប់ពី​ពួកគេ​បាន​លើក​បន្តុប​​​លោក​ ហ៊ុន សែន ​និង​អ្នក​​ផ្សេង​ទៀត​ឲ្យ​ឡើង​កាន់​អំណាច​ក្នុង​ឆ្នាំ​១៩៧៩​ បាន​​​​​​ប្រើ​ប្រាស់​​កម្លាំង​ពលកម្ម​ចាប់​​បង្ខំ​​ដើម្បី​កសាង​​​​សំណង់​ការ​ពារ​​សឹកសត្រូវ​តាម​បណ្ដោយ​​​​ព្រំដែន​ថៃ ដើម្បី​រារាំង​ចលនា​ទ័ព​​ព្រៃ​​​របស់​ខ្មែរ​​ក្រហម​​ដែល​ត្រូវ​បាន​ទម្លាក់​ចេញ​ពីអំណាច​។

យោង​តាម​របាយការណ៍​មួយ​​​របស់​អង្គការ​​​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​​ (Human Right Watch) ដែល​​ត្រូវ​បាន​​ចេញ​ផ្សាយ​កាលពី​ខែ​មករា​បាន​​​ឲ្យ​ដឹង​ថា ដើម្បី​អនុវត្ត​ផែន​ការ​នេះ ជន​ស៊ីវិល​​​​ក្រីក្រ​​រាប់​ម៉ឺន​សែន​នាក់​ត្រូវ​បាន​បញ្ជូន​​ឲ្យ​​ទៅ​ធ្វើ​ការ​​​នៅ​ព្រំដែន ​បណ្តាល​ឲ្យ​​មនុស្ស​​រាប់​ពាន់​នាក់​​បាត់​បង់ជីវិត​ដោយ​សារ​ជំងឺ​គ្រុន​ចាញ់ ​ជំងឺ​ព្យាបាល​មិន​ជា ឬ​មីន​កប់​ក្នុង​ដី។

លោក ហ៊ុន​ សែន បាន​ក្រោក​​ឡើង​​ប្រាប់​ទៅ​លោក លឹម គឹមយ៉ា ថា​ ការ​​និយាយ​បញ្ឆិត​បញ្ឆៀង​របស់​លោក​​អំពី​រឿង​​ ក៥ មិន​ស័ក្ដិសម​​​​ឡើយ​ក្នុង​បរិយាកាស​​នយោបាយ​ថ្មី​របស់​កម្ពុជា។ លោក​មាន​ប្រសាសន៍​ថា “កុំ​ប្រើ​ប្រាស់​​សេរីភាព​បញ្ចេញ​មតិ​ដើម្បី​​ធ្វើ​ការ​វាយ​ប្រហារ​។ ​​វាគ្មិន​​ម្នាក់​និយាយ​ថា ‘ ខ្ញុំ​នឹង​មិន​និយាយ​​​​រឿង​នយោបាយ​ទេ’ ប៉ុន្តែ​ចុង​បញ្ចប់​​បែរ​​ជា​និយាយ​​​រឿង​ ​ក៥​ និង​ផែនទី​ [ព្រំដែន]” ហើយ​លោក​​លើក​ឡើង​ទៀត​ថា ​បញ្ហា​បែប​នេះ​មិន​ស័ក្ដិ​សម​​​ឡើយ​សម្រាប់​​ការ​​ពិភាក្សា​ដេញ​ដោល​​​​អំពី​ច្បាប់​ពាណិជ្ជកម្ម​។ ​​

លោក​​មាន​ប្រសាសន៍​សំដៅ​ដល់​លោក​ ​​​លឹម គឹមយ៉ា​ ថា “​វា​មិន​អាច​ទទួល​យក​បាន​ទេ​ឯក​ឧត្ដម។ បើ​យើង​ចាំបាច់​ត្រូវ​បិទទ្វារ ​​ហើយ​​​​​នៅ​ទីនេះ​​ នោះ​ក៏​មិន​អី​ដែរ”។

លោក​នាយករដ្ឋមន្ត្រី​បាន​​ស្នើ​ឲ្យ​លោក​ លឹម គឹមយ៉ា ​ឈប់​លើក​ឡើង​ពី​បញ្ហា​ដូច​ជា​ផែន​ការ​ ក៥​ ជា​ដើម​តទៅទៀត​​​នៅ​​ថ្ងៃ​ខាង​​មុខ ប្រសិន​បើ​​លោក​មិន​ចង់​ពិភាក្សា​​អំពី​បញ្ហា​នយោបាយ​។ លោក​​មាន​ប្រសាសន៍​ថា “​សូម​កុំ​​ប្រមាថ​។ ខ្ញុំ​មិន​ឡើង​គំរាម​នរណា​ទេ ក៏ប៉ុន្តែ​​​​បើ​លេង​កុំ​ខឹង ​ខឹង​កុំ​លេង”។

លោក​ក៏​បាន​វាយ​ប្រហារ​លោក ​យ៉ែម បុញ្ញឫទ្ធិ ​​តំណាង​រាស្ត្រ​ និង​ជា​អ្នក​នាំពាក្យ​​គណ​បក្ស​សង្គ្រោះ​ជាតិ​​ដែរ​ចំពោះ​ការ​បង្ហោះ​​​​​​​​សារ​តាម​ហ្វេស​ប៊ុក​ដែល​ស្នើ​ឲ្យ​បណ្តា​​​​អ្នក​នយោ​បាយ​ព្យាយាម​បើក​ចិត្ត​ឲ្យ​ទូលាយ ដោយ​​​​​លោក​បាន​​ចាត់​ទុក​ការ​អត្ថាធិប្បាយ​នោះ​​​ថា​​និយាយ​សំដៅ​ទៅ​រក​រូប​លោក​។

លោក​បាន​លើក​ឡើង​ថា តាម​ពិត​​ គឺ​លោក​ សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​​ដែល​​​​បច្ចុប្បន្ន​​កំពុង​ស្ថិត​នៅ​ក្នុង​ប្រទេស​បារាំង​ ទៅ​​វិញ​ទេ​ដែល​​មាន​ចិត្ត​មិន​ទូលាយ​ ដោយ​​លើក​ឡើង​​សំដៅ​​ដល់​ការ​អះអាង​​កាលពី​ពេល​ថ្មីៗ​​​​នេះ​ពី​សំណាក់​លោក សម​ រង្ស៊ី ថា សញ្ញា​បត្រ​​​​សាកលវិទ្យាល័យ​​នៅ​​កម្ពុជា​ “​គ្មាន​តម្លៃ​”។ ​

លោក​នាយក​រដ្ឋមន្ត្រី​បាន​​ថ្លែង​យ៉ាង​ដូច្នេះ​​​​​ថា “ឯក​ឧត្ដម យ៉ែម បុញ្ញឫទ្ធិ ឯកឧត្ដម​ប្រដៅ​ខ្ញុំ​នៅ​ក្នុង​ហ្វេស​ប៊ុក​របស់​ឯកឧត្ដម​ ប៉ុន្តែ​​ឯក​ឧត្ដម​​​​កុំ​ភ្លេច​គិត​ថា មេ​របស់​ឯក​ឧត្ដម​​ប្រមាថ​ចំពោះ​​អ្នក​រៀន​ក្នុង​ស្រុក​ប៉ុណ្ណា​ ឯក​ឧត្ដម​បែរ​ជា​​ប្រដៅ​​​​​ខ្ញុំ​​ឲ្យ​ខ្ញុំ​បើក​ចិត្ត​ឲ្យ​ទូលាយ។ រឿង​រា៉វ​មិន​ទាន់​ចប់​ទេ។ បើ​អស់​លោក​ចង់​បន្ត​ ខ្ញុំ​កំដរ​លេង​​។ ​ខ្ញុំ​​បាន​​ប្រាប់​ទៅ​ រង្ស៊ី ហើយ ហើយ​​​វា​នៅ​​​ក្នុង​ What’s App របស់​ខ្ញុំ​នៅ​ឡើយ​ទេ” ដោយ​មិន​​បក​ស្រាយ​​អំពី​សេចក្ដី​លម្អិត​នៃ​ជម្លោះ​​ជាមួយ​​​​ប្រធាន​​គណបក្ស​ប្រឆាំង​ឡើយ​។

លោក​បាន​បញ្ជាក់​​ថា ”​ខ្ញុំ​កំដរ​លេង​គ្រប់​ទម្រង់​លេង​ គ្រប់​រដូវ​កាល និង​គ្រប់​រសជាតិ ក្ដៅ ត្រជាក់ ផ្អែម ល្វីង ជូរចត់ ខ្ញុំ​លេង​បាន​ទាំង​​​​អស់​។ គណបក្ស​ប្រជាជន​អាច​លេង​បាន​គ្រប់​​​ទម្រង់ និង​គ្រប់​រសជាតិ​”។

នៅ​ខាង​​ក្រៅ​​រដ្ឋសភា លោក យ៉ែម បុញ្ញឫទ្ធិ ​​​​​មាន​ប្រសាសន៍​ថា ​តាម​ពិត សារ​តាម​​​ហ្វេស​ប៊ុក​​​​របស់​លោក​ដែល​ស្នើ​ឲ្យ​បណ្ដា​អ្នក​នយោ​បាយ​​​​បើក​ចិត្ត​ទូលាយ​កាលពី​រសៀល​ថ្ងៃ​ច័ន្ទ​នោះ មិន​បាន​សំដៅ​ដល់​លោក ហ៊ុន សែន ឡើយ​ ​​ប៉ុន្តែ​វា​​គ្រាន់​តែជា​​គំនិត​ល្អ​​ជា​​ទូទៅ​​ប៉ុណ្ណោះ​។

លោក​​ថ្លែង​​ថា “​​​ខ្ញុំ​មិន​បាន​និយាយ​សំដៅ​ចំ​បុគ្គល​​​ណា​ម្នាក់​ទេ ​ប៉ុន្តែ​អ្វី​ដែល​ខ្ញុំ​សរសេរ អ្វី​ដែល​ខ្ញុំ​និយាយ​​​​​គឺ​ក្នុង​គោល​បំណង​ផល​ប្រយោជន៍​​​រួម​ គឺ​ផល​ប្រយោជន៍​ដល់​ប្រជា​ពលរដ្ឋ​។ ​ខ្ញុំ​សរសេរ​ថា ​អ្នក​នយោបាយ​គួរ​តែ​មាន​ចិត្ត​ទូលាយ​​។ អ្នក​នយោបាយ​ត្រូវ​ហ៊ាន​បើក​ចិត្ត​ឲ្យ​ទូលាយ​ដើម្បី​ទទួល​យក​មតិ​​រិះគន់​ស្ថាបនា​ពី​អ្នក​គ្រប់គ្នា”។

សូម​បញ្ជាក់​ថា ច្បាប់​ស្ដីពី​កិច្ច​សហ​ប្រតិ​បត្តិ​ការ​​ពាណិជ្ជកម្ម​​​ និង​​សេដ្ឋកិច្ច​ជាមួយ​ប្រទេស​បេឡារុស ​នេះ​​ ត្រូវ​បាន​​​អនុម័ត​ដោយ​សំឡេង​​​​ឆ្នោត​ចំនួន​​១០៩​ ក្នុង​ចំណោម​​តំណាង​រាស្ត្រ​១១០​រូប​​ដែល​មាន​វត្តមាន​​ក្នុង​រដ្ឋសភា​ដែល​មាន​​​​១២៣​​អាសនៈ ដោយ​ផ្ដល់​សុពលភាព​​ដល់​កិច្ច​ព្រម​ព្រៀងពាណិជ្ជ​កម្ម​​មួយ​ដែល​​ត្រូវ​បាន​ចុះ​ហត្ថលេខា​ក្នុង​ប្រទេស​បេឡារុស​ ​កាលពី​​ខែ​មេសា ឆ្នាំ​២០១៤៕ សុខុម​​​​​​​​​​​​​​

 

 

The post នៅ​ក្នុង​រដ្ឋសភា លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ​ប្រាប់​​ឲ្យ​​គណ​បក្ស​​​​​សង្គ្រោះ​ជាតិ​​​មាន​ការ​​​​គួរ​សម​ appeared first on ខេមបូឌា ដេលី.