​សាលា​ដំបូង​រាជធានី​ផ្តន្ទា​ទោស​ស្ត្រី៦នាក់​​ឲ្យ​ជាប់​ពន្ធនាគារ​ម្នាក់ៗ​៧ឆ្នាំ​ពីបទ​ជួញ​ដូរ​ស្ត្រី​ទៅ​​ចិន

ស្ត្រី​​​ប្រាំ​​​មួយ​​​នាក់​​ដែល​ស្ថិត​ក្នុង​​​​បណ្តាញ​​​​មួយ​ដែល​​​​​បាន​​​ជួញ​​​ដូរ​​​ស្ត្រី​​​ទៅ​​​ប្រទេស​​​ចិន​​​បន្ទាប់​ពី​​​បាន​​​សន្យា​​​ផ្តល់​​​ការ​​​ងារ​​​ដល់​​​ពួក​​​គាត់​​​នៅ​​​ក្នុង​​​ប្រទេស​​​​​សិង្ហបុរី​​​នោះ ត្រូវ​​​បានសាលា​​​ដំបូង​​​​​រាជធានី​ភ្នំពេញ​​​​​​ផ្តន្ទាទោស​​​ឲ្យជាប់ពន្ធនាគារ​​ម្នាក់ៗ​៧​ឆ្នាំ​​​​​​កាល​​​ពី​​​ម្សិលមិញ។

លោក ស្វាយ តុញ ចៅក្រម​​​ប្រធាន​​​ក្រុម​ប្រឹក្សា​​​​​ជំនុំ​​​ជម្រះ បាន​​​សម្រេច​​​​​​ផ្តន្ទាទោស​​​​​​អប្បប​រ​​​​មា​​នេះ​​​​តាម​​​មាត្រា​​​១៦​​​នៃ​​​ច្បាប់​​​ប្រឆាំង​​​ការ​​​ជួញ​​​​​​​ដូរ​​​មនុស្ស​​​ បន្ទាប់​​​ពី​​​សវនា​​​ការ​​​ជំនុំ​​​ជម្រះ​​​ ​​ដែល​​​អំឡុង​​​ពេល​​​នោះ​​​មេធាវី​​​តំណាង​​​​​ចុង​​​ចោទ​​​​​​បាន​​​ស្នើ​​​សុំ​​​ឲ្យ​​​បន្ធូរ​​​បន្ថយ​​​ទោស​​​ដោយ​​​​​​ហេតុ​​​ផល​​​​ថា កូន​​​ក្តី​​​របស់​​​ខ្លួន​​​​​​មាន​​​ការ​​​អប់​​​រំ​​​តិច​​​តួច​​​។

ចៅក្រម ស្វាយ តុញ បាន​​​ប្រកាស​​​ថា ​”តុលា​​ការ​​​សម្រេច​​​ផ្តន្ទាទោស​​​ ឈ្មោះ ហុង ​វី ​ហៅ ​ហុង ជា អាយុ​​​៣៨​​​ឆ្នាំ​​​ឲ្យជាប់ពន្ធនាគារ​​​៧​​​ឆ្នាំ ​ប៉ូយ សាម៉ុន អាយុ​​​៤៤​​​ឆ្នាំ​​​ឲ្យជាប់​​​ពន្ធនា​គារ​​​៧​​​ឆ្នាំ​​​ កើត ភួន អាយុ​​​៥៤​​​ឆ្នាំ ឲ្យជាប់​​​ពន្ធនា​​​​​គារ​​​៧​​​ឆ្នាំ និង​​​ អ៊ុល​​​ យ៉ម ហៅ​​​ ឌី អាយុ​​​៤០ឆ្នាំ​​​ ឲ្យ​ជាប់​​​​​ពន្ធនាគារ​​​៧​​​ឆ្នាំ​​​”។

ស្ត្រីឈ្មោះ ប៉ូយ សាវ៉ុន អាយុ​​​៣៣​​​ឆ្នាំ និង​​​យ៉ាង សាមៀន អាយុ​​​២៦​​​ឆ្នាំ​​​ ត្រូវ​​​បាន​​​ផ្តន្ទា​ទោស​​​កំបាំង​​​មុខ ហើយ​​​កំពុង​​​រត់​​​គេច​​​ខ្លួន​​​នៅ​​​ឡើយ​​​។ ចុង​​​​​ចោទ​​​ទាំង​​​ប្រាំ​​​មួយ​​​នាក់​​​នេះ​​​​ស្ថិត​​ក្នុង​​​​បណ្តាញ​​មួយ​​​​ដែល​​​បាន​​​យកស្ត្រី​​​​មក​​​ពី​​​តាម​ភូមិ​​​នៅ​​តំបន់​ជន​​​បទ​​​នៅ​​​ក្នុង​​​ខេត្ត​​​កំណើត​​​របស់​​​ពួកគាត់​ ហើយ​​​បាន​​​បញ្ចុះ​​​បញ្ចូល​​​​​​​​ពួកគាត់​​​​ឲ្យទៅ​​​ប្រទេស​​​ចិន​​​ជាមួយ​ការ​​​សន្យា​​​ផ្តល់​ការ​​​ងារ​​​​​​​​​ក្នុង​​​ប្រទេស​​​សិង្ហបុរី ដោយ​​​មាន​​​​​ប្រាក់​​ខែរហូត​ដល់​​​១.០០០ដុល្លារ​​​ក្នុង​​​មួយ​​​ខែ​​​។

ក្នុង​​​ចំណោម​​​អ្នក​​​ទាំង​​​បួន​ដែល​មាន​វត្ត​មាន​​​​ក្នុង​​តុលាការ​​​​​​កាល​​​ពី​​​ម្សិលមិញ បី​​​នាក់​​​សារភាព​​​ថា បាន​​​ជាប់​​​ពាក់​​​ព័ន្ធ​​​ក្នុង​​​ផែន​​​ការ​​​នោះ ​​ចំណែក​​​ស្ត្រី​​​ឈ្មោះ ​យ៉ម អះ​​​អាង​​​ថា ​ខ្លួន​​​​​គ្មាន​​​ទោស​​​ទេ​​​។

បន្ទាប់​​​ពី​​​ចេញ​​​សាល​​​ក្រម​​​ លោក​​​ស្រី ​ម៉ុង ​វិមាន​​​ចំប៉ា មេធាវី​​​តំណាង​​​ឈ្មោះ វី ភួន និង​​​សាម៉ុន មាន​​​ប្រសាសន៍​​​ថា លោក​​​ស្រី​​​នឹង​​​​ប្ដឹង​ឧទ្ធរណ៍​​​​ជំទាស់​ការ​​​ផ្តន្ទាទោសដ៏​​​​ “ធ្ងន់ធ្ងរ” នេះ។

លោក​​​ស្រី​​​បាន​​​ថ្លែង​​​ថា ”កូនក្តី​​​របស់​​​ខ្ញុំ​​​មិន​​​បាន​​​ដឹង​​​ថា ការ​​​ធ្វើ​​​ដូច​​​នេះ​​​ផ្ទុយ​​​នឹង​​​ច្បាប់​​​ឡើយ ​ហើយ​​​អ្វី​​​ៗ​​​ដែល​​​ពួក​​​គាត់​​​បាន​​​ធ្វើ​​​មាន​​​ការ​​​ព្រម​​​ព្រៀង​​​ជាមួយ​​​ជន​​​រង​​​គ្រោះ ដោយ​​​គ្មាន​​​ការ​ប្រើ​កម្លាំង​​​​​​ឡើយ​​​”។

គោល​​​នយោបាយ​​​កូន​តែមួយ​​​​របស​​​់ក្រុង​​​ប៉េកាំង​​​ និង​​​ការ​​​ចង់​​​បាន​​​កូន​​​ប្រុស​​​បាន​​​ធ្វើ​​​ឲ្យ​​​មាន​​​អតុល្យភាព​​​យេនឌ័រ​​​ដ៏ធំ​​​​ក្នុង​​​​​ប្រទេស​​​​​​ចិន ​ហើយ​​​ធ្វើ​​​ឲ្យ​​​មាន​​​ការ​​​ចង់​​​បាន​​​ភរិយា​​​​បរទេស​ និង​​​ទី​​​ផ្សារ​​​សម្រាប់​​​ស្ត្រី​​​ដែល​​​រង​​​ការ​​​ជួញ​​​ដូរ​​​​​​។ ស្ត្រី​​​កម្ពុជា​​​ដែល​​​ត្រូវ​​​បាន​​​ជួញ​​​ដូរ​​​ទៅ​​​ប្រទេស​​​ចិន​​​រាយការណ៍​​​ថា ​ត្រូវ​​​បាន​​​លក់​​​ទៅ​​​បម្រើ​​​ផ្លូវ​​​ភេទ​​​ ឬ​​​ទាសករ​​​នៅ​​​តាម​​​ផ្ទះ​​​ក្នុ​​ង​​​តម្លៃ​​​រាប់​​​​ម៉ឺន​ដុល្លារ​​​ឯណោះ​​​។

អំឡុង​​​សវនាការ​​​ជំនុំជម្រះ​​កាល​​​ពី​​​ខែ​​​មុន ​​ស្ត្រី​​​ឈ្មោះ វី បាន​​​និយាយ​​​ថា គាត់​​​ទទួល​​​បាន​​​កម្រៃ​​​ជើង​​​សា៥០​​​ដុល្លារ​​​សម្រាប់​​​ស្ត្រី​​​ម្នាក់​​​ៗ​​​ដែល​​​គាត់​​​បាន​​​ជ្រើស​​​រើស​​​ ហើយ​​​ត្រូវ​​​បាន​​ផ្តល់ប្រាក់​​​​ដោយ​​​​ស្ត្រី​ឈ្មោះ​ អ៊ុល យ៉ម ដែល​​​នគរ​​​បាល​​​កំណត់​​​​​មុខ​សញ្ញាថា ជា​​​មេខ្លោង​​​នៃ​​​បណ្តាញ​​​ជួញ​​​ដូរ​​​នេះ​​​។

ស្ត្រី​​​ឈ្មោះ សាម៉ុន បាន​​​និយាយ​​​នៅ​​​ពេល​​​នោះ​​​ថា កូន​​​ស្រី​​​ និង​​​ប្អូន​​​ស្រី​​​របស់​​​គាត់​​​​​​បាន​​​ទៅ ​ប្រទេស​​​ចិន​​​ដើម្បី​​​មាន​​​គ្រួសារ​​​នៅ​​​ទី​​​នោះ​​​​​ជាមួយ​​​​​ស្ត្រី​​​ផ្សេង​​​ៗ​​​ទៀត​​​មក​​​ពី​​​សហគមន៍​​​របស់​​​​គាត់​​​។ ស្ត្រី​​​រូប​​​នេះ​​​បាន​​​និយាយ​​​ទៀត​​​ថា ​”ស្រុក​​​​កំណើត​​​របស់​​​ខ្ញុំ​​​​ស្ងាត់​​ច្រៀប​ ​​​​​​ព្រោះ​មាន​​​​​​​អ្នក​​​ភូមិ​​​​ទៅ​ជាច្រើន​​​​”៕សារុន

The post ​សាលា​ដំបូង​រាជធានី​ផ្តន្ទា​ទោស​ស្ត្រី៦នាក់​​ឲ្យ​ជាប់​ពន្ធនាគារ​ម្នាក់ៗ​៧ឆ្នាំ​ពីបទ​ជួញ​ដូរ​ស្ត្រី​ទៅ​​ចិន appeared first on ខេមបូឌា ដេលី.