ទ័ព ប៉ូលិស និងខេមបូឌានថាយហ្គឺរ ប្រជែងគ្នាយកកៅអីចុងក្រោយនៅថ្ងៃនេះ

ការ​ប្រកួត​យក​កៅ​អី​ចុង​ក្រោយ នៅ​ក្នុង​តំបន់ Top4 ដើម្បី​បាន​ឡើង​ទៅ​ប្រកួត​នៅ​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ នៃ​ក្របខ័ណ្ឌ​មិត្ត​ហ្វូន​ខេមបូឌាន​លីក ឆ្នាំ​២០១៥ រវាង​ក្រុម​អគ្គស្នង​ការដ្ឋាន​នគរ​បាល​ជាតិ(ប៉ូលិស) ​ក្រសួង​ការពារ​ជាតិ(ទ័ព) និង​ខេមបូឌាន​ថាយហ្គឺរ នឹងត្រូវ​ធ្វើ​ឡើង​​នៅ​ថ្ងៃពុធ​​នេះ។

ក្រុម​ប៉ូលិស នឹង​ត្រូវ​ធ្វើ​ការ​ប្រកួត​ជាមួយក្រុម​ខេមបូឌាន​ថាយហ្គឺរ នៅពហុកីឡដ្ឋាន​ជាតិ នា​យប់​ម៉ោង ១៨:០០ ឯ​ក្រុម​ទ័ព ត្រូវ​ជួប​ក្រុម​វេស្ទើន នៅ​កីឡដ្ឋាន​វេស្ទើន នា​រសៀល​ម៉ោង ១៥:៣០ ស្រប​ពេល​ដែល​ក្រុម​បៀល​ប្រាយ ត្រូវ​ប្រកួត​លើក​ចុង​ក្រោយជាមួយ​ក្រុម​អាស៊ីអឺរ៉ុប នៅ​ពហុកីឡដ្ឋាន​ជាតិ។

សម្រាប់​ការ​ប្រកួត​ជើង​ទី​១​កន្លង​មក ខេមបូឌាន​បាន​យក​ឈ្នះ​ក្រុម​ប៉ូលិស ២-០ ខណៈ​ក្រុម​ទ័ព បាន​យក​ឈ្នះ​លើ​ក្រុម​វេស្ទើន ២-១ ឯ​ក្រុម​បៀល​ប្រាយ បាន​លត់​ក្រុម​អាស៊ីអឺរ៉ុប ៧-២។ ​ចំណែក​ការ​ប្រកួត​លើកនេះ បើ​សិន​ជា​ក្រុម​ខេមបូឌាន​ថាយហ្គឺរ អាច​បន្ត​យក​ឈ្នះ​លើ​ក្រុម​ប៉ូលិស​នោះ គឺ​ពួក​គេ​នឹង​ត្រូវ​ឡើង​ទៅ​ប្រកួត​នៅ​វគ្គ​បន្ត​ ដោយ​មិន​ខ្វល់​ពី​ការ​ប្រកួត​របស់​ក្រុម​ទ័ព នោះ​ឡើយ ព្រោះ​ពេល​នេះ​ខេមបូឌាន​ថាយហ្គឺរ មាន​៣៧ពិន្ទុ ខណៈ​ប៉ូលិស និង​ទ័ព មាន​៣៥ពិន្ទុ​ដូច​គ្នា។
1
ផ្ទុយទៅ​វិញ បើ​សិន​ជា​ក្រុម​ខេមបូឌាន​ថាយហ្គឺរ ចាញ់​ក្រុម​ប៉ូលិស វិញ​នោះ គឺ​ឱកាស​ឡើង​ទៅ​វគ្គ​បន្ត​ត្រូវ​ធ្លាក់​ទៅ​លើ​ក្រុម​ទ័ព ឬ​ប៉ូលិស វិញ​ម្តង។ ក្នុង​ករណី​នេះ​បើ​សិន​ជា​ទ័ព ឈ្នះ​វេស្ទើន ​គឺ​ទ័ព ត្រូវ​ឡើង ឯ​ប៉ូលិស ត្រូវ​ធ្លាក់ ក្នុង​ខណៈ​ដែល​​ក្រុម​ណាហ្គាវើល ដែល​មាន​កំពុងមាន​៣៨​ពិន្ទុ ​ឈ្នះឬ​ស្មើ​ក្រុម​ស្វាយ​រៀង នៅ​ថ្ងៃ​ព្រហស្បតិ៍​នោះ ប៉ុន្តែ​បើសិន​ជា​ណាហ្គាវើល ចាញ់​ស្វាយ​រៀង ដែល​ធ្វើ​ឲ្យ​ក្រុម​ទាំង​៣​នេះមាន​៣៨​ពិន្ទុ​ស្មើ​គ្នានោះ គឺ​ក្រុម​ប៉ូលិស ជា​អ្នក​ឡើង ឯ​ក្រុម​ទ័ព ជា​អ្នក​ធ្លាក់វិញ​ម្តង។ នេះ​បើ​តាម​ការ​បូក​សរុបលទ្ធផល​នៃ​ការ​ជួប​គ្នា​រវាង​ក្រុម​មាន​ពិន្ទុ​ស្មើ​គ្នា​រហូត​ដល់​ទៅ​៣​ក្រុម។

​ទាក់​ទង​ទៅនឹងការ​ប្រកួតនេះ​លោក អ៊ុង កនយ៉ានិត គ្រូ​បង្វឹក​ក្រុម​ប៉ូលិស ​បាន​ប្រាប់​ថា៖​«​​បើ​ទោះ​បី​ជា​យើង​ធ្លាប់​ចាញ់​​ក្រុម​ខេមបូឌាន​ថាយហ្គឺរ ក្នុង​ជើង​ទី​១ ប៉ុន្តែ​ការ​ជួប​គ្នា​លើក​នេះ​យើង​នឹង​ខិតខំ​ជំរុញ​ឲ្យ​កូន​ក្រុម​របស់​ខ្ញុំប្រមូល​អារម្មណ៍​ឲ្យបាន​ល្អ និង​ប្រកួត​ប្រកប​ដោយ​ឆន្ទៈ ដើម្បី​ស្វែង​រក​ជ័យ​ជម្នះ​វិញ​»។

ចំណែក​ លោក ទេព ឡុងរចនា គ្រូ​បង្វឹក​ក្រុម​ទ័ព នៅ​តែ​មាន​ការ​ជឿជាក់​ថា ក្រុម​របស់​លើក នឹង​បន្ត​ឈ្នះ​លើ​ក្រុម​វេស្ទើន បើ​ទោះបី​ជា​ក្រុម​វេស្ទើន ត្រូវ​ការ​ឈ្នះ​ ដើម្បី​គេច​ចេញ​ពី​តំបន់​កាត់​ចោល​ក៏​ដោយ ព្រោះ​លោក​បាន​​មើល​ឃើញ​ថា ក្រុម​វេស្ទើន មាន​ទម្រង់​លេង​មិន​សូវ​ស៊ីចង្វាក់​គ្នា​៕

លទ្ធផល​បណ្តោះ​អាសន្ន​នៃ​ក្របខ័ណ្ឌ​មិត្ត​ហ្វូនខេមបូឌាន​លីក ក្នុង​ការ​ប្រកួត​ចំនួន​២១​លើក កន្លង​មក​នេះ

Standing 2nd Leg                
R Team P W D L F A D/G Pnt
1 Boengket Angkor FC 21 17 3 1 76 23 53 54
2 Phnom Penh Crown 21 16 3 2 74 19 55 51
3 Naga World 21 12 2 7 44 21 23 38
4 Cambodian Tiger 21 11 4 6 42 32 10 37
5 National Defense Ministry 21 11 2 8 39 26 13 35
6 G. C of National Police 21 10 5 6 30 24 6 35
7 Svay Rieng FC 21 9 5 7 48 42 6 32
8 Build Bright United 21 6 6 9 32 43 -11 24
9 Asie Eurrope United 21 4 2 15 33 68 -35 14
10 Cambodian Mines Actions Center 21 3 5 13 26 60 -34 14
11 Western Phnom Penh FC 21 4 1 16 35 79 -44 13
12 Kirivong Soksenchey 21 3 2 16 28 68 -40 11