លេខ១ក្នុងពូលកំពុងបើកចំហរ ខណៈ PSG ប៉ះ Real Madrid

ក្រុម Paris Saint-Germain និង Real Madrid នឹង​សាកល្បង​ទៅលើ​ភាព​ខ្លាំង​របស់​ពួក​គេ​ក្នុងក្រប​ខ័ណ្ឌ Champions League នៅពេល​ដែ​លពួក​គេ​ជួបគ្នា​នៅកីឡ​ដ្ឋាន Parc des Princes នៅ​​រាត្រី​នេះ ខណៈ​ដែល​ការ​ប្រជែង​​ដណ្តើម​លេខ​១ក្នុង​ពូល​ស្ថិ​តក្នុង​លក្ខណៈ​​បើក​ចំហ​។ ក្រុម​ទាំង​ពីរ ដែល​មាន​​មហិច្ឆ​តា​ក្នុង​ការ​ឈ្នះ​រាល់​ការ​ប្រកួត​ទាំង​អស់​ក្នុង​ក្រប​ខ័ណ្ឌ​កំពូល​របស់​ក្លិប​នៅ​អឺ​រ៉ុប​មួយ​នេះ កំពុង​ឈរ​នៅលើ​កំពូល​តារាង​នៃ​ពូល A ដូច​គ្នា ក្រោយ​ពី​​ពួក​គេ​បាន​ផ្តួល​​​ទាំង​ក្រុម Malmo និង Shakhtar Donetsk ដោយ​មិន​​បណ្តោយ​ឲ្យមាន​គ្រាប់​បាល់​ចូល​ទី​​របស់​ខ្លួន​ដូច​គ្នា​។ ហេតុនេះ ពួក​គេ​កំពុង​តែ​ស្ថិតនៅ​ផ្លូវ​​ឆ្លង​ទៅ​កាន់​វគ្គ​១៦ក្រុម​ចុង​ក្រោយ ប៉ុន្តែ​ការ​ជួប​គ្នា​ចំនួន​២​លើក​ជាប់​ៗ​គ្នា​របស់​ពួក​គេ​ក្នុង​រយៈ​ពេល​២​សប្តាហ៍​ទៀត ដោយ​ពួក​គេ​ក៏​​ប្រកួត​​ក្នុង​រដ្ឋ​ធានី​អេ​ស្ប៉ាញ​នា​ថ្ងៃ​ទី​៣ ខែ​វិច្ឆិកា ដែរ​នោះ​ នឹង​កំណត់​​​ថា តើ​ក្រុម​នឹង​​ឈ្នះ​ដើម្បី​ឈរ​លេខ​១ក្នុង​ពូល និង​​អាច​​ដណ្តើម​បាន​ការ​មាន​ប្រៀប​ក្នុង​ពេល​ចាប់​ឆ្នោត​នៅ​វគ្គ​បន្ទាប់​។
a
ការ​​ត្រៀម​លក្ខណៈ​របស់​ក្រុម Real Madrid សម្រាប់​ការ​ប្រកួត​​នេះ ដែល​​កើត​ឡើង​នៅមុន​ពេល​ការ​ប្រកួត​ដ៏​ស្វិត​ស្វាញ​ជា​បន្ត​បន្ទាប់​ដោយ​ពួក​គេ​​កី​នឹង​ត្រូវ​ជួប​ក្រុម Celta Vigo, Sevilla និង Barcelona ក្នុង​ក្រប​ខ័ណ្ឌ La Liga នៅ​ខែ​ក្រោយ​ដែរនោះ ត្រូវ​បាន​រំខាន​ដោយ​ការ​ញាំ​ញី​ដោយ​របួស​របស់​កីឡាករ​។ Gareth Bale នឹង​​ត្រូវ​អវត្តមាន​ដោយ​សារ​តែ​បញ្ហា​របួស​កំ​ភួន​ជើង ដែល​បាន​កើត​ឡើង​ក្នុង​ពេល​ក្រុម​ខ្លួន​ទទួល​ជ័យ​ជម្នះ ៣-០ លើ​ក្រុម Levante កាល​ពី​ចុង​សប្តាហ៍​មុន ខណៈ​ដែល​ខ្សែ​បម្រើ James Rodriguez ខ្សែ​ការ​ពារ Pepe និង Dani Carvajal សុទ្ធ​សឹង​ត្រូវ​បាន​រំពឹង​ថា នឹង​អវត្ត​មានក្នុង​ទីក្រុង​ប៉ា​រីស​។ ខ្សែ​ប្រយុទ្ធ Karim Benzema ក៏​ស្ថិតក្នុង​ភាព​ស្រពេច​ស្រពិលផង​ដែរ​​ដោយ​សារ​តែ​បញ្ហា​សរសៃ​ពួរ​គន្លាក់​ជើង​។ ប៉ុន្តែ ទោះ​បី​ជា​យ៉ាង​ណា ក្រុម​របស់​លោក Rafael Benitez មាន​ការ​ជឿ​ជាក់​តាម​រយៈ​ការវិល​ត្រឡប់​របស់ Luka Modric ក្រោយ​ពី​​របួស​សាច់​ដុំ ហើយ​ប្រធាន​ក្រុម Sergio Ramos នឹង​ត្រូវ​ចូល​លេង​នៅ​ពេល​ប្រកួត​ជា​មួយ​នឹង​ក្រុម​ម្ចាស់​ជើង​ឯក​របស់​បារាំង​មួយ​នេះ​ក្រោយ​ពី​ជា​សះ​ស្បើយ​ពី​របួស​ស្មា​​។ ការ​ប្រកួត​​នៅ​រាត្រីនឹង​ចាប់​ផ្តើម​នៅ​ម៉ោង១:៤៥​ទៀប​ភ្លឺ​៕

ការ​ជួប​គ្នា​២​លើក​ចុង​ក្រោយ

02.01.14          Paris SG 0-1 Real Madrid

28.07.13          Paris SG 0-1 Real Madrid