៥ យ៉ាង​ព្យាបាល​ជំងឺ​ផ្តាសាយ និង ក្អក​តាមបែប​ធម្មជាតិ​

Sanofi

​មនុស្ស​គ្រប់រូប​តែង​កើត​ជំងឺ​ផ្តាសាយ និង ក្អក​ជា​ញឹកញាប់ បើទោះជា​វា​មិនមែនជា​ជំងឺ​ធ្ងន់ធ្ងរ​ក្តី វា​ក៏​ផ្តល់​ការរំខាន និង ពិបាក​ខ្លះ​ដែរ ។ ជំងឺ​នេះ​ច្រើន​កើត​ទៅលើ​មនុស្ស​គ្រប់​វ័យ​ទាំង​ក្មេង និង ចាស់ ប៉ុន្តែ​ចូរ​អ្នក កុំ​ព្រួយ ព្រោះ​អ្នក​អាច​ព្យាបាល​បាន​យ៉ាង​ងាយ​ដោយ​មិនចាំបាច់​ប្រើ​ថ្នាំពេទ្យ​គឺ​អ្នក​អាច​សាកល្បង​តាម​វិធី​សាមញ្ញ​បែប​ធម្មជាតិ​ដូចខាងក្រោម​៖

១. ទឹកដោះគោ និង ម្សៅ រមៀត
-​យក​ម្សៅ​រមៀត​មួយ​ស្លាបព្រា​កាហ្វេ លាយ​ជាមួយ​ទឹកដោះគោឆៅ​ក្នុង​ទឹក​ក្តៅ​ឧណ្ហៗ​ផឹក​ឱ្យបាន​រាល់ថ្ងៃ ។ នេះ​ជា​វិធី​ដ៏​មាន​ប្រសិទ្ធភាព​បំផុត​ក្នុងការ បំបាត់​បញ្ហា​ក្អក និង ផ្តាសាយ ទាំង​កុមារ និង មនុស្សពេញវ័យ​។

២. ទឹក​ខ្ញី​
​ខ្ញី​មានគុណ​សម្បត្តិ​សុខភាព​ជាច្រើន និង ក៏​ជា​ជម្រើស​ដ៏​ប្រសើរ​ក្នុងការ​ព្យាបាល​អាការ​ក្អក និង ផ្តាសាយ ។ សម្រាប់​អាការ​គ្រុនក្តៅ ផ្តាសាយ​ផ្សេងៗ អ្នក​អាច​ហាន់​ខ្ញី​ជា​ចំណិតៗ​តូចៗ​លាយ​ជាមួយ​ទឹក​ក្តៅ​ផឹក វា​ក៏​នឹង​អាចជួយ​កាត់បន្ថយ​អាការ​ឈឺបំពង់ក និង ផ្តាសាយ​មាន​ប្រសិទ្ធ​ភាពប្រសើរ​ណាស់ដែរ ។

៣. ទឹកឃ្មុំ និង ក្រូចឆ្មារ​
​ការ​លាយ​សមាសធាតុ​ពីរ​នេះ​បញ្ចូល​គ្នា​អាចជួយ​បំបាត់​អាការ​ក្អក ។ អ្នក​គួរ​លាយ​ទឹកឃ្មុំ ២ ស្លាបព្រា​កាហ្វេ និង ទឹកក្រូច​ឆ្មារ ១ ស្លាបព្រា​កាហ្វេ រួច​យកទៅ​លាយ​ជាមួយ​ទឹក​ក្តៅ​មួយ​កែវ​តូច​ល្មម​ដើម្បី​ផឹក ។​

៤. ស្លឹក​ម្រះព្រៅ និង ខ្ញី
​នេះ​ជា​វិធី​ព្យាបាល​ដ៏​បុរាណ​មួយ តែមាន​ប្រសិទ្ធ​ភាពខ្លាំង​អ្នក​អាច​យក​ស្លឹក​ម្រះព្រៅ​លាយ​ជាមួយ​ខ្ញី​ពិសា​ក៏បាន ព្រោះ​ក្រៅពី​ជួយ​បំបាត់​អាការ​ក្អក និង ផ្តាសាយ​ហើយ​នោះ​វា​ក៏​ជួយ​ការពារ​ការឆ្លង​ជំងឺ​ផ្សេងៗ ។ អ្នក​ត្រូវយក​ល្បាយ​ទាំងនេះ​ទៅ​ដាំ​ឱ្យ​ពុះ (​ដាំទឹក​ពីរ​យក​ទឹក​មួយ​) ទុកឱ្យ​ត្រជាក់​រួច​ផឹក ហើយ​កុមារ​ក៏​អាច​ផឹក​បានដែរ ។​

៥. ខ្ទឹមស​
​ក្នុង​ខ្ទឹម​សមាន​ផ្ទុក​សារធាតុ​ប្រឆាំង​អុកស៊ីដកម្ម​ជាច្រើន​ជួយ​ការពារ​អ្នក​ពី​អាការ​ក្អក និង ផ្តាសាយ​។ ក្នុង​ខ្ទឹម​សមាន​សារធាតុ​អា​លី​ស៊ីន (Allicin) ជួយ​ប្រឆាំង​បាក់តេរី ប្រឆាំង​វីរុស និង មេរោគ ពពួក​ផ្សិត​មួយចំនួន ។ បើសិនជា អាច​អ្នក​គួរ​ពិសា​ខ្ទឹម​ឆៅ​ឱ្យបាន​ពី ៤ ទៅ ៥ កំពឹស ជា​រៀងរាល់ថ្ងៃ ។

-ក្រៅពី​ចំណុច​រៀបរាប់​ខាងលើ ដើម្បី​ឱ្យមាន​ប្រសិទ្ធភាព​ថែមទៀត អ្នក​គួរ​ផឹកទឹក​ឱ្យបាន​ច្រើន​ជា​រៀងរាល់ថ្ងៃ ឬ បើ​ផឹកទឹក «​តែ​» រឹតតែ​ប្រសើរ ៕

Related