រដ្ឋាភិបាល​កម្ពុជា ចូលរួម​យុទ្ធនាការ “​ប្រែក្លាយ​ពិភពលោក ឲ្យ​ក្លាយទៅជា​ពណ៌​ខៀវ​”

ភ្នំពេញ: ​តប​តាម​សេចក្តីស្នើសុំ​គាំទ្រ​គំនិត​ផ្តួចផ្តើម “​ប្រែក្លាយ​ពិភពលោក​អោយក្លាយ​ទៅជា​ពណ៌​ខៀវ​” របស់​អង្គការសហប្រជាជាតិ រាជរដ្ឋាភិបាល​កម្ពុជា តាមរយៈ​ការឯកភាព​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន បានអនុញ្ញាត​អោយ​គ្រប់​ក្រសួង​ស្ថាប័នរដ្ឋ រួមគ្នា​ដាក់​បញ្ចាំង​ភ្លើង “​ពណ៌​ខៀវ​” នៅ​វិមាន​សន្តិភាព និង​រដ្ឋសភា​តែប៉ុណ្ណោះ​។ នេះ​បើតាម​លោក ផៃ​ស៊ី​ផាន រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ទីស្តីការគណៈរដ្ឋមន្ត្រី​។​

​លោក ផៃ ស៊ី​ផាន បានបញ្ជាក់​នៅ​ព្រឹក​ថ្ងៃទី​២១​តុលា​នេះ​ថា ការសម្រេច​របស់​ប្រមុខ​រាជរដ្ឋាភិបាល ឲ្យ​បញ្ចាំង​ភ្លើងពណ៌​ខៀវ នៅតែ​វិមាន​សន្តិភាព និង​នៅ​រដ្ឋសភា គឺ​អាស្រ័យ​ដោយ​កិច្ច​សន្សំសំចៃ​លើ​ការចំណាយ​ថវិកាជាតិ​។ ការ​បញ្ចាំង​តាំង​ពណ៌​ខៀវ​នេះ នឹង​ប្រារព្ធ ធ្វើ​នៅ​ថ្ងៃ​២៤ ខែតុលា ឆ្នាំ​២០១៥៕​